ភ្នំពេញ៖ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងអញ្ជើញធ្វើសេចក្តីថ្លែងការណ៍ជាតិរបស់កម្ពុជា នៅក្នុងកិច្ចពិភាក្សាទូទៅរបស់មហាសន្និបាតអង្គការសហប្រជា ជាតិលើកទី៧៧ ហៅកាត់កាត់ អ.ស.ប. ក្រោមប្រធានបទ «ចំណុចរបត់សំខាន់ នៃការផ្លាស់ប្តូរមិនអាចត្រឡប់ក្រោយបាន៖ ដំណោះស្រាយបរិវត្តកម្មចំ ពោះបញ្ហាប្រឈមប្រទាក់ក្រឡាគ្នា»។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និ ងសហប្រតិបត្តិការអន្តរជាតិ ចេញនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២។
សេចក្តីប្រកាសព័ត៌មានខាងលើបានបន្តថា បទអន្តរាគមន៍នេះ នឹងផ្តោតលើតួនាទីស្ថាបនារបស់កម្ពុជាក្នុងការគាំទ្រពហុភាគីនិយមផ្អែកលើការគោលការណ៍ច្បាប់ ការរួមសហការគ្នាប្រយុទ្ធប្រឆាំងនឹងការគំរាមកំហែងផ្នែកសុខភាពជាសកលដែលកំពុងបន្តកើតមានការប្រែ ប្រួលអាកាសធាតុ ការពង្រឹងប្រព័ន្ធពាណិជ្ជកម្ម ពហុ ភាគី គោលនយោបាយឌីជីថលនិងសេដ្ឋកិច្ចបៃតង ព្រមទាំងការធ្វើជាប្រធានអាស៊ានរបស់កម្ពុជា និងកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការកាត់បន្ថយផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ-១៩ និងការរក្សាបាននូវនិរន្តរភាពនៃកំណើនសេដ្ឋកិច្ច-សង្គមយូរអង្វែង។
ក្រសួងការបរទេសបន្ថែមថា ក្នុងអំឡុងពេលស្នាក់នៅទីក្រុងញូវយ៉ក សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏នឹងមានជំនួបបន្តបន្ទាប់គ្នាជាមួយលោក អាន់តូនីញ៉ូ ហ្គូទែរ៉េស អគ្គលេខាធិការអង្គការសហប្រជាជាតិ,លោកឆាលស៍ មីឆែល ប្រធានក្រុមប្រឹក្សាអឺរ៉ុប,លោកស្រី សេក្ខហាស៊ីណា នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដែស លោកបណ្ឌិត ចូហ្សេ ម៉ានូអែល រ៉ាមូស អរតា ប្រធានា ធិបតីនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត ហើយនិងថ្នាក់ដឹកនាំផ្សេងទៀតផងដែរ។
ក្នុងបេសកកម្មនេះដែរ តបតាមការអញ្ជើញរបស់លោក មីហ្គេល ឌីយ៉ាស-កាណែល បឺមូដេស សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋគុយបាចាប់ពីថ្ងៃទី២៣-២៥ ខែកញ្ញា ឆ្នាំ២០២២។ ក្នុងអំឡុងពេលទស្សនកិច្ចផ្លូវការ សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងមានជំនួបទ្វេភាគីជាមួយលោកប្រធានាធិបតី មីហ្គេល ឌីយ៉ាស-កាណែល បឺមូដេស ពិភាក្សាអំពីមធ្យោបាយ ដើម្បីបន្តពង្រឹងចំណងមិត្តភាពដ៏រឹងមាំរវាងកម្ពុជានិងគុយបា និងពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យផ្សេងៗ។
បន្ទាប់ពីជំនួបនេះ ថ្នាក់ដឹកនាំទាំងពីរនឹងអញ្ជើញធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួន៥ រួមមាន ១.កម្មវិធីនៃកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរវប្បធម៌ ២.អនុស្សរណៈយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការរវាងវិទ្យាស្ថានការទូតនៃប្រទេសទាំងពីរ ៣.អនុស្សរណៈយោ គយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍកីឡា ៤. គម្រោងកិច្ចសហប្រតិបត្តិការរវាងក្រសួងការបរទេសនៃប្រទេសទាំងពីរ និង ៥.អនុស្សរណៈយោគយល់គ្នារវាងក្រសួងសុខាភិបាលកម្ពុជា-គុយបា។
សម្តេចតេជោ នឹងចូលជួបសម្តែងការគួរសមចំពោះលោកអេស្តេបាន ឡាហ្សូ ហឺណាន់ដេស ប្រធានរដ្ឋសភានៃអំណាចប្រជាជនគុយបា។ សម្តេចតេជោ ក៏រំពឹងថានឹងចូលជួបសម្តែងការគួរសមចំពោះលោក រ៉ាអ៊ូល ខាសស្ត្រូ អតីតប្រធានាធិបតីគុយបា ផងដែរ។
នៅរដ្ឋធានីហាវាណា សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងអញ្ជើញទៅទស្សនាមជ្ឈមណ្ឌល ហ្វីដែល កាស្ត្រូ (Fidel Castro) និងមជ្ឈមណ្ឌលវិស្វកម្មហ្ស៊េន និងបច្ចេកវិទ្យាជីវៈ និងអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅវិមានអនុស្សាវរីយ៍ ចូហ្សេ ម៉ាទី (José Martí)។ សម្តេចតេជោ ក៏នឹងជួបសំណេះសំណាលជាមួយនិស្សិតកម្ពុជា ដែលកំពុងសិក្សានិងរស់នៅក្នុងប្រទេសគុយបាផងដែរ។
អំឡុងបេសកកម្មនេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី នឹងអញ្ជើញចូលរួមក្នុងពិធីបុណ្យសពថ្នាក់ជាតិរបស់ លោក អាបេ ស៊ីនហ្សូ (ABE Shinzo) អតីតនាយករដ្ឋមន្ត្រីជប៉ុន ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២៕
ដោយ៖ សូរិយា