ភ្នំពេញ៖ នៅរសៀលថ្ងៃច័ន្ទ ៩រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ លោក ម៉ៃ ម៉ូន ប្រធានក្រុមប្រឹក្សាខណ្ឌ និងលោកស្រី គឹម ញឹប អភិបាលនៃគណៈអភិបាលខណ្ឌដង្កោ បានដឹកនាំមន្ត្រីក្នុងជួរគណៈអភិបាល អញ្ជើញ សូត្រមន្តកាន់បិណ្ឌវេនទី១០ នៅ វត្តធុតង្គចំការដូង ស្ថិតក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ ។ដើម្បីឧទ្ទិសកុសល ផលបុណ្យជូនដល់បុព្វកាលរីជន មានមាតា បីតា ញាតិការទាំង៧សន្តានដែលបានចែកឋានទៅកាន់លោកខាងមុខឱ្យមកទទួលផលបុណ្យទាំងនេះ ។
នៅក្នុងពិធីនោះដែរ លោកស្រីអភិបាលខណ្ឌបានប្រគេនទេយ្យទាន ទេយ្យវត្ថុ គ្រឿងឧបភោគ បរិភោគ ជាច្រើនមុខដល់ព្រះសង្ឃ និង ប្រគេនបច្ច័យផងដែរ។
សូមរំលឹកថា ពិធីប្រារព្ធកាន់បិណ្ឌត្រូវធ្វើឡើងចាប់ពីថ្ងៃ១រោច រហូតដល់ថ្ងៃ១៥រោច ខែភទ្របទ ជាកាលបរិច្ឆេទ ដែលសន្មត់ទុកថាជាថ្ងៃបុណ្យភ្ជុំបិណ្ឌ។ នៅថ្ងៃនោះមហាជន ប្រុស ស្រី ក្មេង ចាស់នៅទូទាំងប្រទេសកម្ពុជានាំគ្នា ទៅធ្វើបុណ្យនៅវត្តដោយ មានទឹកមុខ រីករាយ ស្រស់ស្រាយពោរពេញទៅដោយ ជំនឿ ជឿជាក់ ចំពោះព្រះពុទ្ធសាសនា ជឿបុណ្យជឿបាប ជឿកម្មផល ។ ទាំងអស់គ្នាសុទ្ធតែមានសម្លៀក បំពាក់ល្អៗ ថ្មីៗ យ៉ាងប្រណីត។ សម្រាប់ពិធីបុណ្យនេះនៅគ្រប់វត្តទូទាំង ប្រទេសមាន ឧបាសក ឧបាសិកា មហាជន មូលមីរគគ្រឹកគគ្រេងធ្វើឱ្យបរិយាកាសនៅក្នុងវត្តមានភាពឱឡារិកអធិកអធមក្រៃលែងសំឡេងភ្លេងពិណពាទ្យឬ ភ្លេងប្រពៃណីបានបន្លឺរងំរណ្តំពីរោះត្រជាក់ដល់សោតិន្ទ្រិយារម្មណ៍និគួរឱ្យរំភើបរីករាយពន់ប្រមាណ ៕
ដោយ ៖ ភារ៉ា ដង្កោ