ខេត្តកំពង់ធំ ៖ លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ ជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ប្រគល់ភារកិច្ច ឲ្យគណៈបញ្ជាការឯកភាពថ្នាក់ក្រោម បង្កើនភាពម្ចាស់ការដើម្បីឆ្លើយតប ក្នុងការគាំទ្រ ចង់បានរបស់ប្រជាពលរដ្ឋ ក្នុងការបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទ ព្រោះល្បែងនេះកំពុងត្រូវបានបង្កើតភាពក្រីក្រ ដល់ពលរដ្ឋនៅក្នុងមូលដ្ឋានរបស់យើង។
លោកប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ថ្លែងយ៉ាងដូច្នេះ ក្នុងពិធីដឹកនាំកិច្ចប្រជុំ ក្នុងការអនុវត្ត បទបញ្ជា របស់សម្ដេចអគ្គសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាឲ្យបានមុឺងម៉ាត់ក្នុងការចាត់វិធានការបង្ក្រាបល្បែងស៊ីសង ខុសច្បាប់គ្រប់ប្រភេទនៅក្នុងមូលដ្ឋានរបស់ខ្លួនប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់។
កិច្ចប្រជុំនេះបានធ្វើឡើងនៅរសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ នៅសាលប្រជុំសាលាខេត្តកំពង់ធំ ដោយមានការអញ្ជើញចូលរួម លោកប្រធានតុលាការអមសាលាដំបូងខេត្ត លោកព្រះរាជ្ញា លោក លោកស្រី អភិបាលរងខេត្ត អភិបាល ក្រុង/ស្រុក ប្រធានមន្ទីរពាក់ព័ន្ធជុំវិញខេត្ត មេបញ្ជាការកងកម្លាំងទាំងបីផងដែរ។
លោក ងួន រតនៈ បន្តទៀតថា ដើម្បីឲ្យការប្ដេជ្ញាចិត្តយើង ទទួលបានផ្លែផ្កា សូមគណៈបញ្ជាការឯកភាពក្នុងមូលដ្ឋាន ត្រូវមានវិធានការ និង ផែនការជាក់ស្ដែង មានន័យថាទិន្នន័យ នៃល្បែងស៊ីសងខុសច្បាប់ ដែលមាននៅក្នុងដៃ ត្រូវតែបង្ក្រាបទាំងស្រុង និងស្រាវជ្រាវបន្ថែម បន្តបង្ក្រាប មិនអាចឲ្យទីតាំងទាំងអស់ដែលយើងបានស្រាវជ្រាវបឋមទាំងនេះ ជៀសវាងឲ្យបាន ការមានរូបរាង និង សកម្មភាពល្បែងខុសច្បាប់បន្តទៀតទេ។
លោក ងួន រតនៈ បន្ថែមទៀតថា ថ្នាក់ខេត្តកម្លាំងប្រដាប់អាវុធ ដែលមានសមត្ថកិច្ច ត្រូវមានក្រុមអន្តរាគមន៍សម្រាប់ជួយដល់គណៈបញ្ជាការឯកភាពក្រុង/ស្រុក ដែលចាំបាច់ត្រូវការប្រើប្រាស់កម្លាំង ដើម្បីជួយអន្តរាគមន៍ក្នុងការបង្ក្រាប ល្បែងស៊ីសងខុសច្បាប់ឲ្យមានប្រសិទ្ធភាព ហើយក៏មានកាតព្វកិច្ចត្រួតពិនិត្យ តាមដានលើការអនុវត្តនេះផងដែរ ៕
ដោយ៖ កែវមន្នី