ព័ត៌មានទាន់ហេតុការណ៍៖

សង្ស័យស្រវឹងស្រាជិះម៉ូតូមិនប្រយ័ត្នបុកគូទរថយន្តកំពុងឈប់រង់ចាំភ្លើងសញ្ញាចរាចរណ៍បណ្តាលឱ្យរងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់សង្ស័យស្រវឹងស្រាជិះម៉ូតូមិនប្រយ័ត្នជ្រុលទៅបុកគូទរថយន្តដែលកំពុងតែឈប់រង់ចាំភ្លើងសញ្ញាចរាចរណ៍បណ្ដាលឲ្យដួលរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្រោះភ្លាមៗ។

ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលកាលម៉ោង៩ និង៣០នាទី យប់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ ដែលស្ថិតនៅតាមបណ្ដាលផ្លូវសហព័ន្ធរុស្សុី ក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានដោយដឹងថាមុនពេលកើតហេតុគេបានឃើញរថយន្តមួយគ្រឿងម៉ាកហាយឡេនឌ័រពណ៌សពាក់ស្លាកលេខភ្នំពេញ 2AO 6171បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ីក្នុងទិសដៅពីជើងត្បូង លុះមកដល់ត្រង់ចំណុចកើតហេតុក៏បានឈប់រថយន្តរង់ចាំភ្លើងសញ្ញាចរាចរណ៍ដើម្បីបន្តដំណើរទៅមុខទៀត  ក៏ស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាកគុបស៊េរីចាស់ពាក់ស្លាកលេខបាត់ដំបង1Q 3882បើកបរដោយបុរសម្នាក់សង្ស័យស្រវឹងស្រា ធ្វើដំណើរស្របទិសគ្នាមកពីក្រោយជ្រុលទៅបុកគូទរថយន្តបណ្ដាលឲ្យដួលរងរបួសធ្ងន់ ត្រូវបានប្រជាពលរដ្ឋទំនាក់ទំនងហៅរថយន្តសង្គ្រោះមកដឹកយកទៅសង្រ្គោះភ្លាមៗ ចំណែករថយន្តនិងម៉ូតូរងការខូចខាតទាំងសងខាង។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់រួចបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរខណ្ឌ ចុះមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យរង់ចាំធ្វើការដោះស្រាយនៅពេលក្រោយតាមផ្លូវច្បាប់ ៕

 

ដោយ៖ និនសុភ័ស្ត


ចែករំលែក៖