ព័ត៌មានទាន់ហេតុការណ៍៖

ចាប់ខ្លួនប្រធានសាខាក្រុមហ៊ុន RF3 យកទៅឃុំខ្លួនក្នុងពន្ធនាគារ ពីបទ បរិហារកេរ្តិ៍ជាសាធារណៈនិងញុះញង់ឱ្យមានការរើសអើង

ចែករំលែក៖

ភ្នំពេញ ៖ ប្រធានសាខាក្រុមហ៊ុន RF3 WORLD ស្ទឹងមានជ័យ កាលពីរសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញការិយាល័យព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួនបញ្ជូនទៅតុលាការ ដោយជាប់ពាក់ព័ន្ធពីបទ.បរិហារកេរ្តិ៍ជាសាធារណៈ ពីបទ.ញុះញង់ឲ្យមានការរើសអើង ។ 

ជនជាប់ចោទឈ្មោះ ឌឹប ចាន់ណា ភេទ ប្រុស អាយុ៣៦ ឆ្នាំ មុខរបរ ប្រធានសាខាក្រុមហ៊ុន RF3 WORLD ស្ទឹងមានជ័យ ស្នាក់នៅផ្ទះលេខB១១ ផ្លូវលេខ១២ ភូមិដូនតី សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។ 

ប្រភពព័ត៌មាននៅសាលាដំបូងរាជធានីភ្នំពេញបានឲ្យដឹងថា ការចាប់បញ្ជូនខ្លួនឈ្មោះ ឌឹប ចាន់ណា ជាប្រធានសាខាក្រុមហ៊ុនខាងលើ សមត្តកិច្ចកងរាជអាវុធហត្ថបានអនុវត្តតាម.ដីកាបង្គាប់ឲ្យចាប់ខ្លួន និងឃុំខ្លួនរបស់លោក ហុង សុគុណ វឌ្ឍនា ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ ដែលជននេះត្រូវបានតុលាការប្រកាសពិរុទ្ធភាពពីបទ.បរិហារកេរ្តិ៍ជាសាធារណៈ និងញុះញង់ឲ្យមានការរើសអើង ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២១ ខែកញ្ញា និងថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០ តាមបញ្ញត្តិមាត្រា ៣០៥ និងមាត្រា ៤៩៦ នៃក្រមព្រហ្មទណ្ឌ ។ 

ជនជាប់ចោទឈ្មោះ ឌឹប ចាន់ណា មានសាលក្រមព្រហ្មទណ្ឌលេខ ២៦៨៥ (ប) ចុះថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ របស់សាលាដំបូងរាជធានីភ្នំពេញ សម្រេចចេញដីកាបង្គាប់ឲ្យចាប់ខ្លួន និងឃុំខ្លួននៅពន្ធនាគារ(ម១)ព្រៃស នៃក្រសួងមហាផ្ទៃ តាមមាត្រា ៣៥៣ នៃក្រមនីតិវិធព្រហ្មទណ្ឌ ។

បច្ចប្បន្ន ជនជាប់ចោទរូបនេះត្រូវបានបញ្ជូនទៅដល់សាលាដំបូងរាជធានីភ្នំពេញ តែតុលាការសុំផ្ញើជននេះទៅជាមួយកម្លាំងកងរាជអាវុធហត្ថវិញរង់ចាំបញ្ជូនមកកាន់តុលាការនៅថ្ងៃស្អែកម្តងទៀត ៕

ដោយ ៖  រ៉ារ៉ា


ចែករំលែក៖