ភ្នំពេញ៖ បុរសម្នាក់រួមដំណើរនិងបុរសពីរទៅបីនាក់ទៀតបើករថយន្តស៊េរីទំនើបម៉ាកJeep មួយគ្រឿងជ្រុលបុកម៉ូតូពីក្រោយពេញទំហឹងបណ្ដាលឱ្យបុរសម្នាក់រងរបួសធ្ងន់ខណៈនោះក៏មានជនឆ្លៀតឱកាសមកលួចទូរស័ព្ទជនរងគ្រោះយកទៅបាត់ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០និង១៥នាទីយប់ថ្ងៃទី ១៩ ខែកញ្ញាឆ្នាំ២០២២ នៅត្រង់ចំណុចខាងក្រោយសាលា យុគន្ធរ តាមបណ្តោយផ្លូវលេខ ១០៤ ស្ថិតក្នុងសង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានទីកន្លែងកើតហេតុបានឱ្យដឹងថាមុនកើតហតុគេឃើញបុរសម្នាក់ជិះម៉ូតូហុងដាឌ្រីម C125 ពណ៌ខ្មៅមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ1FG-5323ធ្វើដំណើរទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើ ក៏មានរថយន្តស៊េរីទំនើបម៉ាកJeep មួយគ្រឿងពណ៌សពាក់ស្លាកលេខភ្នំពេញ2BN-4456បើកបរដោយបុរសម្នាក់រួមដំណើរនិងបុរសពីរទៅបីនាក់ទៀត ធ្វើដំណើរទិសដៅស្របគ្នា មកពីក្រោយជ្រុលបុកម៉ូតូពីក្រោយពេញទំហឹងហើយកិនម៉ូតូជាប់ពីលើ ធ្វើឲ្យអ្នកបើកបរម៉ូតូរងរបួសធ្ងន់។ ខណៈនោះគេឃើញមានជនឆ្លៀតឱកាសមកលួចយកទូរស័ព្ទជនរងគ្រោះយកទៅបាត់។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ដោយភាគីរថយន្តសូមទៅមើលជនរងគ្រោះនៅឯមន្ទីរពេទ្យដើម្បីងាយស្រួលធ្វើការសម្របសម្រួលគ្នាដើម្បីបញ្ចប់រឿង ៕
ដោយ៖សុខាសែនជ័យ