ភ្នំពេញ៖ យ៉ាងហោចណាស់ក៏មានបុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកេីតហេតុ ហើយនិងនារីម្នាក់ទៀតបានស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យបន្ទាប់ពីមានជនសង្ស័យមួយក្រុមជិះម៉ូតូដេញធាក់ផ្តួលបោកក្បាលទៅលើថ្នល់បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង២រំលងអធ្រាត្រឈានចូលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ នៅតាមបណ្តោយមហាវិថីចោមចៅ ស្ថិតក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
បុរសដែលស្លាប់នៅកន្លែងកេីតហេតុឈ្មោះចាប យឺន អាយុ៣៤ឆ្នាំ មានស្រុកកំណេីតនៅភូមិកញ្ចាំ ឃុំកញ្ចាំ ស្រុកពារាំង ខេត្តព្រៃវែង។ ចំណែកជនរងគ្រោះម្នាក់ទៀតជាស្ត្រីយើងនៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡេីយទេដោយសារគាត់ស្លាប់នៅមន្ទីរពេទ្យឯកជនមួយ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញជនរងគ្រោះទាំង២នាក់ជិះម៉ូតូម៉ាកស៊ុយហ្ស៊ុយគីឡែត ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1IG -7253 ធ្វេីដំណេីរតាមបណ្តោយមហាវិថីចោមចៅក្នុងទិសដៅពីលិចទៅកេីតដោយព្យាយាមបើករត់គេចពីជនសង្ស័យមួយក្រុមដែលព្យាយាមប្លន់យកម៉ូតូជនរងគ្រោះ ខណៈមកដល់ចំណុចកេីតហេតុក្រុមជនសង្ស័យតាមទាន់ក៏ធាក់ម៉ូតូជនរងគ្រោះបណ្តាលឱ្យដួលបោកក្បាលទៅនឹងថ្នល់ស្លាប់ម្នាក់នៅកន្លែងកេីតហេតុភ្លាមៗ ចំណែកនារីដែលអង្គុយខាងក្រោយរងរបួសធ្ងន់ធ្ងរ ហើយភ្លាមៗនោះក្រុមជនបង្កបានជិះម៉ូតូគេចខ្លួនអស់ទៅ។
ក្រោយកេីតហេតុជនរងគ្រោះដែលរងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះដឹកយកទៅមន្ទីរពេទ្យភ្លាមៗ តែអកុសលជនរងគ្រោះបានស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។ បន្ទាប់មកសមត្ថកិច្ចបានចុះមកដល់ចំណុចកេីតហេតុ រួចទំនាក់ទំនងទៅក្រុមគ្រួសារមកទទួលសពយកទៅធ្វេីបុណ្យតាមប្រណៃណីនៅស្រុកកំណេីត។
ចំណែកម៉ូតូត្រូវបានសមត្ថកិច្ចយកទៅរក្សាទុករង់ចាំស្រាវជ្រាវរកជនដៃដល់យកមកដាក់ទោសតាមច្បាប់ ៕
ដោយ៖សុខាសែនជ័យ