ខេត្តបាត់ដំបង៖ យោងតាមប្រភពព័ត៌មានរបស់មន្ត្រីជំនាញនគរបាលស្រុកថ្មគោលបានឱ្យដឹងថា នៅថ្ងៃចន្ទ ៩រោចខែភទ្របទ ឆ្នាំខាល ចត្វាស័កព.ស.២៥៦៦ត្រូវនឹងថ្ងៃទី១៩ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង១៦និង០០នាទីនៅចំណុចក្រុមទី១០ ភូមិកកោះ ឃុំអូរតាគី ស្រុកថ្មគោល ខេត្ដបាត់ដំបងមានករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសមួយបានកើតឡើងដោយជនសង្ស័យបានប្រើអាវុធ (ញញួរ)វាយទៅលើក្បាលជនរងគ្រោះបណ្តាលឱ្យរងរបួសយ៉ាងធ្ងន់ធ្ងរ។
ករណីខាងលើនេះបង្កឡើងដោយជនសង្ស័យឈ្មោះហម វីរ៉ា ភេទប្រុសអាយុ៣៣ឆ្នាំ រស់នៅភូមិកកោះ ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង បានធ្វើសកម្មភាពយកញញួរដែកវាយទៅលេីជនរងគ្រោះឈ្មោះរុន ប៊ុនធឿន ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិកកោះ ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង ដោយវាយចំនួន៣ញញួរត្រូវចំក្បាលបណ្ដាលឱ្យរងរបួសធ្ងន់។
មន្ត្រីសមត្ថកិច្ចជំនាញបន្តថា ករណីខាងលើត្រូវអនុវត្តន៍តាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងលោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ លោកវរសេនីយ៍ទោ សេង លុច អធិការនគរបាលស្រុកថ្មគោល បានដឹកនាំកម្លាំងផ្នែកជំនាញនិងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃាត់ខ្លួនជនសង័្សយខាងលេីនិងដកហូតយកវត្ថុតាងរួមមានញញួរដែកផ្លែនិងដងដែកចំនួន០១ ដែលជនសង័្សយប្រេីសម្រាប់វាយជនរងគ្រោះ។
ប្រភពព័ត៌មានពីជនសង្ស័យបានសារភាពនៅមុខសមត្ថកិច្ចថា នៅមុនពេលកើតហេតុជនរងគ្រោះបានផឹកស៉ីជាមួយរូបខ្លួន ហើយក៏មានទំនាស់ពាក្យសម្តីគ្នាពីប្រវត្តិរឿងចាស់ ធ្វើឱ្យរូបខ្លួនខឹងក៏យកញញួរវាយទៅលេីជនរងគ្រោះចំក្បាលរងរបួសធ្ងន់ ត្រូវបានបងប្អូននាំទៅព្យាបាលនៅមន្ទីរពេទ្យ។ ចំណែករូបខ្លួនត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកមកអធិការដ្ឋាននគរបាលស្រុក ដេីម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់៕
ដោយ៖ ស សារ៉េត