ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋាភិបាលចិនផ្តល់រថយន្ត១០៧ គ្រឿង និងសម្ភារៈយោធាដល់កងទ័ពកម្ពុជាបន្ថែមទៀត

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ រដ្ឋាភិបាលចិនតាមរយៈក្រសួងការពារ ប្រទេស បានផ្តល់រថយន្ត​ចំនួន​១០៧ គ្រឿងនិង​សម្ភារៈ​យោធា​ជា​ច្រើន​ទៀត​ដល់​ក្រសួង​ការពារ​ជាតិ​កម្ពុជា​ សម្រាប់​បំរើ​កិច្ច​ការ​នានា​នៅ​ក្នុង​ជួរ​កងទ័ព​ ខណៈ​រថយន្ត ​និង​សម្ភារៈ​ទាំងនេះ​ត្រូវ​បាន​ផ្តល់ និង​ទទួល​នា​ព្រឹក​ថ្ងៃ​ទី​២០ ខែ​កញ្ញា ឆ្នាំ​២០២២​នេះ នៅ​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​កងរាជ​អាវុធ​ហត្ថ​ភ្នំជុំរីករាយ ស្ថិត​ក្នុង​ស្រុក​សាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

ថ្លែងនៅក្នុងពិធីប្រគល់ និងទទួលនោះ សម្តេចពិជ័យសេនាទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួង​ការពារជាតិលើកឡើងថា សម្ភារៈយោធា និងរថយន្ត​ដែល​រដ្ឋាភិបាល​ចិន​បាន​ផ្តល់​ឲ្យ​កម្ពុជានាពេលនេះ គឺសម្រាប់បំរើការងារប្រទេសជាតិ នៅតាម​អង្គភាព​នានា​ដែល​ចំណុះ​ឲ្យ​ក្រសួង​ការពារជាតិកម្ពុជា ជាពិសេសគឺ សម្រាប់​នៅ​ក្នុង​អង្គភាព នៃ​កងរាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​នេះ​តែម្តង។ សម្តេចបានបន្ថែមទៀតថា រាល់ជំនួយឥតសំណងរបស់ភាគីចិន បាន​ផ្តល់​ជូន​ដល់​កងទ័ពកម្ពុជា គឺជាសក្ខីកម្មមួយឆ្លុះបញ្ចាំងអំពីទំនាក់ទំនងរវាងកងទ័ពកម្ពុជា និង​ចិន​ឲ្យ​កាន់​តែ​ខ្លាំង​ក្លាបន្ថែមទៀត។

សូមបញ្ជាក់ថា រថយន្តចំនួន១០៧គ្រឿង និងសម្ភារៈជា ច្រើនទៀត ជាជំនួយ​ឥតសំណង​របស់​ក្រសួង​ការពារ​ប្រទេស​ចិន ជូនក្រសួងការពារជាតិកម្ពុជា គឺ​ដើម្បី​ប្រើ​ប្រាស់​តាម​តម្រូវ​ការ​របស់​ក្រសួង​ការពារជាតិកម្ពុជា និងក៏ដើម្បីលើក​កម្ពស់​នូវវិស័យ​ការពារ​ជាតិ​កម្ពុជា​ឲ្យកា​ន់​តែ​ខ្លាំង​​ក្លា​បន្ថែម​ទៀត​ផង​ដែរ​៕

ដោយ៖ សូរិយា


ចែករំលែក៖