ភ្នំពេញ ៖ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រសៀលថ្ងៃដដែល នៅវេលាម៉ោង ១៧:០០នាទី លោករដ្ឋមន្ត្រី វេង សាខុន បានអនុញ្ញាតឲ្យលោក Sandrine BOUCHER (Country Director) នៃភ្នាក់ងារអភិវឌ្ឍបារាំង (AFD) និងសហការ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
លោកនាយក AFD បានថ្លែងអំណរគុណចំពោះ លោករដ្ឋមន្រ្តី និងសហការីបានកន្លងមកដែលបានផ្តល់កិច្ចសហការយ៉ាងល្អប្រសើរជាមួយទីភ្នាក់ងារ AFD សម្រេចទទួលបានលទ្ធផលគួរជាទីមោទន។ ជំនួបនារសៀលថ្ងៃនេះ លោកនាយក AFD ថ្មី បានបង្ហាញអំពីទស្សនផ្ទាល់ខ្លួនថាចង់ពិនិត្យ និងវាយតម្លៃលើសមិទ្ធផលកន្លងមកដែលភាគីទាំងពីរបានសហការរួមគ្នាអនុវត្ត សិក្សាស្វែងយល់បន្ថែមអំពីបច្ចុប្បន្នភាពនៃវិស័យកសិកម្មបន្ទាប់ពីវិបត្តិជំងឺកូវីដ អាទិភាពសំខាន់ៗរបស់អនុស័យនីមួយៗដែលត្រូវការចាំបាច់ និងចង់ឲ្យ AFD ជួយទាំងបច្ចេកទេស និងហិរញ្ញវត្ថុ និងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មឲ្យកាន់តែរឹងមាំ និងល្អប្រសើរថែម ទៀត។ លោកនាយក បានជម្រាបជូនឯកឧត្តមរដ្ឋមន្រ្តីថា AFD មានគម្រោងពីរដែលនឹងជួយដល់ក្រសួងកសិកម្មគឺ ទី១- ទាក់ទងនឹងការអភិវឌ្ឍអនុវិស័យវារីវប្បកម្ម ដែលគ្រោងនឹងអនុមតិនៅចុងឆ្នាំនេះ និងទី២- ទាក់ទងនិងដំណាំកៅស៊ូ និងផលិតកម្មពោតដែលនឹងអនុមតិនៅឆ្នាំ២០២៣។
លោករដ្ឋមន្ត្រីបានអបអរសាទរ និងស្វាគមន៍លោកនាយកទីភ្នាក់ងារ AFD ដែលទើបបានតែងតាំងថ្មី និងថ្លែងអំណរគុណជូនចំពោះ AFD ដែលបានជួយឧបត្ថម្ភគាំទ្រដល់ការអភិវឌ្ឍប្រទេសកម្ពុជា រួមទាំងវិស័យកសិកម្មផងដែរ។ បច្ចុប្បន្ន វិស័យកសិកម្មបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយបង្កើតការងារនៅជនបទ បង្កើនប្រាក់ចំណូលក្នុងគ្រួសារ និងធានាសន្តិសុខស្បៀង។ លោកក៏បានជម្រាបជូនភ្ញៀវផងដែរអំពី ដំណើរការវិវឌ្ឍន៍វិស័យកសិកម្មកម្ពុជាពីដំណាក់កាលមួយ មកដំណាក់កាលមួយ រហូតមកទល់បច្ចុប្បន្នដែលបានក្លាយជាប្រទេសមានសន្តិសុខស្បៀង និងនាំចេញវត្ថុធាតុដើម ពិសេសស្រូវ និងអង្ករ។ ទោះជាយ៉ាង ណា វិស័យកសិកម្មកម្ពុជាត្រូវការកិច្ចសហការចាំបាច់ពីដៃគូអភិវឌ្ឍ និងវិស័យឯកជន ក្នុងការវិនិយោគលើខ្សែច្រវាក់ផលិតកម្មកែច្នៃ ការគាំទ្របច្ចេវិទ្យាទំនើប និងទីផ្សារនាំចេញ។ល។
នាឱកាសនេះ លោករដ្ឋមន្រ្តី បានស្នើឲ្យ AFD ពិនិត្យ ពិចារណាលើការលើកកម្ពស់សក្តានុពលទីផ្សារ ហេដ្ឋារចនាសម្ព័ន្ធគាំទ្រសំខាន់ៗ ការកែច្នៃ និងតម្លៃបន្ថែម ដែលមានលក្ខណប្រទាក់ក្រឡាគ្នា ហើយទាមទារចាំបាច់អនុវត្តបច្ចេកវិទ្យាកសិកម្មទំនើបទាំងផលិតកម្ម និងការកែច្នៃ ហើយករណីនេះ យើងត្រូវការការគាំទ្រ ជំនួយឧបត្ថម្ភ និងកិច្ចសហការពីដៃគូអភិវឌ្ឍ និងវិស័យឯកជន រួមទាំងការផ្តល់ឥណទានដែលមានការប្រាក់ទាបសម្រាប់វិស័យឯកជន។ ចំពោះគម្រោងទាំងពីរដែលបានលើកឡើងដោយលោកនាយក AFD ឯកឧត្តមរដ្ឋមន្ត្រីបានគាំទ្រ និងស្វាគមន៍ ដែលក្នុងនោះអនុវិស័យវារីវប្បកម្មកម្ពុជាទាំងទឹកសាប និងសមុទ្រ ត្រូវធ្វើការអភិវឌ្ឍជាចាំបាច់ ធ្វើយ៉ាងណាឲ្យស្របតាមកំណើនសេដ្ឋកិច្ច តម្រូវការទីផ្សារ កំណើនប្រជាជន និងការប្រែប្រួលអាកាសធាតុមដែលជះឥទ្ធិពលជាអវិជ្ជមានដល់បរិមាណផលចាប់រៀងរាល់ឆ្នាំ។ ដោយឡែកផលិតកម្មកៅស៊ូគ្រូសារ និងផលិតកម្មពោត ដែលបានចូលរួមចំណែកលើក កម្ពស់កម្រិតជីវភាព លើកកម្ពស់ផលិតកម្មចំណីសត្វ និងកាត់បន្ថយការនាំចូល។ ក្រសួង នឹងរង់ចាំផ្តល់កិច្ចសហការធ្វើយ៉ាងណាឲ្យការអនុវត្តគម្រោងកម្មវិធីទាំងពីរសម្រេចទទួលបានជោគជ័យទាំងម្ចាស់ជំនួយ រាជរដ្ឋាភិបាល និងអ្នកទទួលផល ៕
ដោយ ៖ សិលា