ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ពីភាពជោគជ័យ នៃតុលាការខ្មែរក្រហម ដែលជាកិច្ចសហការរវាងរដ្ឋាភិបាលកម្ពុជាជាមួយអង្គការសហប្រជាជាតិ។
សូមបញ្ជាក់ថា, នាព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ នៅទីស្នាក់ការអង្គការសហប្រជាជាតិ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ។ សម្ដេចតេជោ បានគូបញ្ជាក់ពីភាពជោគជ័យ នៃតុលាការខ្មែរក្រហម ដែលជាកិច្ចសហការរវាងរដ្ឋាភិបាលកម្ពុជាជាមួយអង្គការសហប្រជាជាតិ។ ដោយសម្តេចមានប្រសាសន៍ថា, នៅថ្ងៃនេះ [២២កញ្ញា ២០២២] តុលាការកូនកាត់នេះ បានប្រកាសសាលក្រមស្វែងរកយុត្តិធម៌ចំពោះប្រជាពលរដ្ឋដែលជាអ្នករងគ្រោះរបបប្រល័យពូជសាសន៍នោះ។ សម្ដេចតេជោបានមានប្រសាន៍ថា កន្លងមកឯកឧត្តម និងសម្ដេចបានធ្លាប់ធ្វើការជាមួយគ្នា ជាពិសេសរួមទាំងអង្គការសង្គមស៊ីវិល និងការប្រយុទ្ធប្រឆាំងនឹងរបបប្រល័យពូជសាសន៍។សម្ដេចតេជោបានមានប្រសាសន៍ថា សម្ដេចបានរង់ចាំរយៈពេល ៤៣ឆ្នាំ សម្រាប់ការស្វែងរកយុត្តិធម៌នៅថ្ងៃនេះ ហើយ៤៣ឆ្នាំមុន យើងបានរួចពីការស្លាប់នៃរបបប្រល័យពូជសាសន៍ ដោយមានការជួយពីប្រទេសវៀតណាម។ សម្តេចតេជោបានបញ្ជាក់ទៀតថាការស្វែងរកយុត្តិធម៌សម្រាប់ប្រជាជន ក្នុងគោលដៅដើម្បីបង្ការកុំឱ្យមានព្រឹត្តិការណ៍ស្ថានភាពបែបនេះកើតឡើងសាជាថ្មីទៀត។
ជាការឆ្លើយតប លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ បានមានប្រសាសន៍អបអរសាទរ ចំពោះភាពជោគជ័យដ៏អស្ចារ្យនៃតុលាការខ្មែរក្រហមនេះ។ លោកមានការចងចាំច្បាស់ណាស់ថា សម្ដេចតេជោបានដឹកនាំផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ជាមួយនឹងការជួយរបស់ប្រទេសវៀតណាម។ ដូច្នេះក្នុងន័យនេះ លោកបានគូសបញ្ជាក់ថា នេះជាការងារមួយដែល លោកបានចងចាំយ៉ាងច្បាស់ ៕
ដោយ៖ សិលា