ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខេត្តស្ទឹងត្រែង បំបែកសំណុំរឿងឃាតកម្មដែលមានខ្នោះជាប់ដៃជនរងគ្រោះ

ចែករំលែក៖

ខេត្តស្ទឹងត្រែង ៖ ជនសង្ស័យ២នាក់ដែលប្លន់ម៉ូតូជនរងគ្រោះដោយចាប់ដាក់ខ្នោះដៃ ហើយសម្លាប់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានហើយកាលពីវេលាម៉ោង១រសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២២  និងបាននាំខ្លួនទៅឱ្យធ្វើត្រាប់ក្នុងករណីចាប់ដាក់ខ្នោះហើយប្លន់សម្លាប់។

ករណីប្លន់សម្លាប់នេះ បានកើតឡើងកាលពីថ្ងៃទី១៨ ខែកញ្ញាឆ្នាំ២០២២ នៅក្បែរចំណុចបង្គោលសេវ៉ា០៩៧ ស្ថិតក្នុងភូមិរិទ្ធីសែនជយ័២ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជយ័ ខេត្តស្ទឹងត្រែង។

គួររំលឹកផងដែរថា បុរសរងគ្រោះនោះត្រូវបានប្រជាពលរដ្ឋប្រទះឃើញស្លាប់ដោយដៃជាប់ខ្នោះមានអាយុ១៩ឆ្នាំ មានពាក់អាវដៃវែងពណ៌ផ្ទៃមេឃ ស្លៀកខោពណ៌បៃតងខ្សែក្រវ៉ាត់ពណ៌ខ្មៅក្បែរសាកសពមានស្បែកជើងផ្ទាត់មួយគូរ ។

លោកវរសេនីយ៍ឯក វ៉ា សុផាន់ ស្នងការរងទទួលផែនព្រហ្មទណ្ឌកម្រិតធ្ងន់បានឱ្យដឹងថា ជនរងគ្រោះត្រូវគេប្លន់យកម៉ូតូសម្លាប់នោះមានឈ្មោះ ថេន សុមិត្ត ភេទ ប្រុសអាយុ១៩ឆ្នាំ រស់នៅភូមិកោះកី ឃុំកោះស្នៃងស្រុកបុរីអូរស្វាយ។

ចំណែកជនសង្ស័យទាំងពីរនាក់ដែលសមត្ថកិច្ចចាប់ខ្លួនមាន ១.ឈ្មោះ ជាតិ សារ៉ូ ភេទប្រុសអាយុ១៨ ឆ្នាំមុខរបរមិនពិតប្រាកដនិង ២ .ឈ្មោះ គង់ សំអឿន ភេទប្រុសអាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដជនសង្ស័យទាំងពីរនាក់រស់នៅភូមិរិទ្ធសែនជ័យ២ ឃុំអូរស្វាយ ស្រុកបុរីអូស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។

លោកស្នងការរងបានបញ្ជាក់បន្ថែមថា តាមការឱ្យដឹងពីសាច់ញាតិបានប្រាប់ថា ជនរងគ្រោះជិះម៉ូតូម៉ាកវ៉េវអាល់ហ្វាពណ៌ត្រួយចេកចេញពីផ្ទះតាំងពីថ្ងៃទី១៦កញ្ញា ពុំបានត្រឡប់ទៅផ្ទះវិញនោះទេ ទើបនៅល្ងាចថ្ងៃទី១៨ ត្រូវបានគេប្រទះឃើញស្លាប់ទាំងដៃជាប់ខ្នោះនៅចំណុចខាងលើ។ ចំណែកម៉ូតូកញ្ចាស់របស់ជនរងគ្រោះក៏បាត់មិនឃើញដែរ។

លោកស្នងការរងបញ្ជាក់ថា ក្រោយការស៊ើបអង្កេតស្រាវជ្រាវអស់រយៈពេល៨ថ្ងៃត្រូវបានកម្លាំងសមត្ថកិច្ចកំណត់មុខសញ្ញា និងចាប់ឃាត់ខ្លួនយកមកឱ្យធ្វើត្រាប់ ដោយសកម្មភាពរបស់ជនសង្ស័យចាប់ជនរងគ្រោះដាក់ខ្នោះ ហើយយកដំបងវាយចំកញ្ចឹងក និងក្បាលបណ្ដាលឲ្យផុងលលាដ៍និងបាក់ក។

ក្រោយធ្វើត្រាប់ក្នុងសកម្មភាពដាក់ខ្នោះ និងយកដំបងវាយប្លន់យកម៉ូតូជនរងគ្រោះរួចជនសង្ស័យត្រូវបានកម្លាំងសមត្ថកិច្ចបញ្ជូនខ្លួនមកកាន់ស្នងការដ្ឋាននគរបាលខេត្តដើម្បីសាកសួរបន្តដើម្បីកសាងសំណុំរឿងបញ្ជូនខ្លួនទៅតុលាការចាត់ការតាមនីតិវិធី៕

ដោយ៖ សូរិយា


ចែករំលែក៖