ព័ត៌មានទាន់ហេតុការណ៍៖

បញ្ជូនខ្លួន​ចោរឆក់ទូរស័ព្ទដៃម្នាក់​ ទៅតុលាការ​

ចែករំលែក៖

ភ្នំពេញ​៖​ បេីយោង​តាមប្រភពព័ត៌មានពី​មន្រ្តីអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង នៅព្រឹក​ថ្ងៃ​អង្គារ​ទី​២៧​ ខែកញ្ញា​ ឆ្នាំ​២០២២នេះ​ បានឱ្យដឹងថា​ កម្លាំងជំនាញ​ បានបញ្ជូនខ្លួនជនសង្ស័យម្នាក់​ ដែលជាមុខសញ្ញាចោរឆក់​ទ្រព្យសម្បត្តិ​របស់​ប្រជាពលរដ្ឋ​តាមដងផ្លូវ​ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ​ ដេីម្បីចាត់ការតាមច្បាប់​។ 

របាយការណ៍ដដែល​បន្តថា​ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង សហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលបឹងកេងកងទី១ កាលពីវេលាម៉ោង​ ២​ និង​៥០នាទី​រសៀល​ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២២ បាន​ឃាត់ខ្លួនជនសង្ស័យ​ម្នាក់ ពាក់ព័ន្ធករណីឆក់ទូរសព្ទដៃ នៅចំណុចមុខសណ្ឋារគារបៃតង ផ្លូវ២៨២ ភូមិ៦ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង ​រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ ម៉ាស់ ហាណាស៊ី ហៅអាស៊ី ភេទប្រុស អាយុ២២ឆ្នាំ  ជនជាតិឥស្លាម ទីលំនៅផ្ទះជួលគ្មានលេខ ផ្លូវ៣៦បេ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មុខរបរ: មិនពិតប្រាកដ (មានសារធាតុញៀន)។​

វត្ថុតាងចាប់យក៖ម៉ូតូម៉ាក Nex ពណ៌ខ្មៅសេរីឆ្នាំ ២០១៦ ​ពាក់ផ្លាកលេខ កណ្ដាល-1P-4378 ជារបសជនសង្ស័យ។

 បច្ចុប្បន្ន​នៅព្រឹកនេះ​ជនសង្ស័យ​ រួមនិងវត្ថុតាងត្រូវមន្ត្រីជំនាញបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ​ ចាត់ការបន្តតាមនីតិវីធីច្បាប់៕

ដោយ៖សហការី​


ចែករំលែក៖