ភ្នំពេញ ៖ លោក អុិត សំហេង រដ្ឋមន្ត្រីក្រសួងការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈគាំទ្រសមាគមស្បែកជើងកាបូបនិងអេឡិចត្រូនិចកម្ពុជាចូលជាសមាជិកគណៈកម្មការគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា។ប៉ុន្តែត្រូវចូលរួមវិភាគទានដើម្បីទ្រទ្រង់ដំណើរការនេះ។
សមាគមកាបូប ស្បែកជើង និងអេឡិចត្រូនិចកម្ពុជា បានស្នើសុំលោករដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈ ដើម្បីចូលជាសមាជិករបស់គណៈកម្ម ការគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា ILO-BFC ដើម្បីឲ្យសមាគមមានឱកាសពង្រីកខ្លួនស្របតាមចក្ខុ វិស័យរបស់សមាគម។
ក្នុងជំនួបការងារ រវាងលោកបណ្ឌិត អុិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីព្រឹកថ្ងៃទី៥ តុលា ឆ្នាំ២០២២កន្លងទៅ នៅទីស្តីការក្រសួង លោក Cheng Chin Chun ប្រធានសមាគមកាបូប ស្បែកជើង និងអេឡិចត្រូនិចកម្ពុជា បានលើកឡើងថា សមាគមរបស់លោក បានចុះបញ្ជីកាទទួលស្គាល់ដោយក្រសួងការងារ កាលពីខែសីហាកន្លងទៅ ក្នុងគោលបំណងរួមចំណែកធ្វើឲ្យមានសុខដុមរមនានៃទំនាក់ទំនងវិជ្ជាជីវៈ និងចូលរួមចំណែកជាមួយរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញសេដ្ឋកិច្ចឲ្យមានការរីកចម្រើន ទាក់ទាញអ្នកវិនិយោគឲ្យមកបណ្តាក់ទុននៅក្នុងប្រទេសកម្ពុជាឲ្យបានកាន់តែច្រើនបន្ថែមទៀត ដើម្បីផ្តល់ឱកាសការងារជូនដល់ពលរដ្ឋកម្ពុជា ព្រមទាំងចូលរួមគោរពច្បាប់ លក្ខខណ្ឌការងារឲ្យបានល្អប្រសើរ។
លោករដ្ឋមន្រ្តី បានអរគុណដល់សមាគមដែលបានធ្វើការវិនិយោគ បង្កើត រោងចក្រសហគ្រាសនៅក្នុងប្រទេសកម្ពុជា ផ្តល់ឱកាសការងារបានយ៉ាងច្រើនជូនដល់កម្មករនិយោជិត ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជាមានការរីកចម្រើនជាបន្តបន្ទាប់។
ពាក់ព័ន្ធនិងសំណើរភាគីសមាគមលោករដ្ឋមន្ត្រី លើកឡើងថា បើតាមការគោលការណ៍ណែនាំរួមរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងពាណិជ្ជកម្ម រាល់ប្រភេទរោងចក្រសហគ្រាស ផលិតផលស្បែកជើង និងកាបូប មានសិទ្ធិចូលក្នុងគម្រោងនេះបាន តែត្រូវចូលរួមបង់ភាគទានទ្រទ្រង់គម្រោង និងឆ្លងកាត់ការចុះត្រួតពិនិត្យវាយតម្លៃពីអធិការកិច្ចរបស់គម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា និងក្រុមអធិការកិច្ចរបស់ក្រសួង។ ចំណែកអត្ថប្រយោជន៍ដែលសមាជិករបស់គម្រោងទទួលបាន គឺមានការគាំទ្របញ្ជាទិញផលិតផលពីរោងចក្រ សហគ្រាសរបស់ខ្លួនពីអ្នកបញ្ជាទិញល្បីៗនៅក្រៅប្រទេស។
លោករដ្ឋមន្ត្រីគូសបញ្ជាក់ថា អាទិភាពចំបងរបស់រាជរដ្ឋាភិបាលកម្ពុជា គឺរក្សាឲ្យបាននូវសន្តិភាព ស្ថេរភាពនយោបាយ ដែលជាគន្លឹះនៃការអភិវឌ្ឍសង្គមសេដ្ឋកិច្ចជាតិ។ សន្តិភាព និងការអភិវឌ្ឍ ជាបំណងប្រាថ្នារបស់មនុស្សគ្រប់ៗរូប បើគ្មានសន្តិភាព អស្ថេរភាពនយោបាយ នោះអ្នកវិនិយោគ គេក៏មិនហ៊ានចូលមកវិនិយោគនៅក្នុងប្រទេសដែលពោរពេញដោយសង្រ្គាមនោះដែរ៕
ដោយ៖ សូរិយា