ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលអនុវត្តច្បាប់ចរាចរណ៍ឃាត់ខ្លួនជនសង្ស័យមិនពាក់មួកសុវត្តិភាពឆែកឆេរលើខ្លួន រកឃើញម្សៅក្រាមពណ៌សថ្លាចំនួន១៨កញ្ចប់

ចែករំលែក៖

ខេត្តស្វាយរៀង ៖ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនខណៈកំពុងអនុវត្តច្បាប់ ចរាចរណ៍ផ្លូវគោកនៅលើផ្លូវ ជាតិលេខ៣១៤Dដោយមិនឃើញពាក់មួកសុវត្ថិភាព ទើបមានការសង្ស័យក៏បានឆែកឆេរលើខ្លួន រកឃើញម្សៅក្រាមពណ៌សថ្លាចំនួន១៨កញ្ចប់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៨និង៣០នាទី ថ្ងៃទី០៦ខែតុលាឆ្នាំ២០២២ នៅលើផ្លូវ ជាតិលេខ៣១៤D នៅចំណុចភូមិប្រសូត្រទី១ ឃុំកណ្ដៀងរាយ ស្រុកស្វាយទាប។

សមត្ថកិច្ចបានឱ្យដឹងថាជនសង្ស័យមានឈ្មោះ ចឹក ចាន់ឌឿន អាយុ ២០ ឆ្នាំមុខរបរ កម្មកររោងចក្រ រស់នៅភូមិញរ ឃុំញរ ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង ។

ប្រភពបន្តថាសម្ភារៈវត្ថុតាងដែលដកហូតបានរួមមាន ៖

-ម្សៅក្រាមពណ៌សថ្លាចំនួន១៨ កញ្ចប់តូចសង្ស័យថ្នាំញៀន។

-ម៉ូតូចំនួន១ គ្រឿង ទូរស័ព្ទដៃចំនួន២ គ្រឿងនិងសម្ភារៈប្រើប្រាស់មួយចំនួនទៀត។

ប្រភពបន្ថែមថាកម្លាំងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោករបស់អធិការដ្ឋាននគរបាលស្រុកស្វាយទាប បានចុះអនុវត្តច្បាប់ចរាចរណ៍នៅលើផ្លូវជាតិលេខ៣១៤D ចំណុចភូមិប្រសូត្រទី១ ឃុំកណ្ដៀងរាយ ស្រុកស្វាយទាប ដោយមានជនសង្ស័យម្នាក់បើកបរម៉ូតូមិនពាក់មួកសុវត្ថិភាពទើបសមត្ថកិច្ចបានឃាត់និងបានឆែកឆេរលើខ្លួន រកឃើញម្សៅក្រាមពណ៌សថ្លាចំនួន ១៨ កញ្ចប់សង្ស័យថ្នាំញៀន។

ក្រោយពីបានឃាត់ខ្លួនមកកាន់អធិការដ្ឋាននគរបាលស្រុកសមត្ថកិច្ចធ្វើការសាកសួរនិងធ្វើតេស្តទឹកម៉ូតស្វែងរកសារធាតុញៀនជាលទ្ធផលវិជ្ជមានប្រភេទមេតំហ្វេតាមីន។

បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាងត្រូវបានសមត្ថកិច្ចឃាត់ខ្លួននិងរក្សាទុកនៅអធិការនគរបាលស្រុកស្វាយទាប ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕

ដោយ៖ សុថាន


ចែករំលែក៖