ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងបរិស្ថានបានបន្តបណ្តុះបណ្តាលមន្ត្រីឧទ្យានុរក្ស និងមន្ត្រីអនុវត្តច្បាប់ចំនួន ៤០នាក់មកពីមន្ទីរបរិស្ថានខេត្តព្រះសីហនុនិងខេត្តកោះកុង ពង្រឹងយន្តការនិងប្រព័ន្ធការងារអចិន្ត្រៃយ៍ប្រឆាំងនឹងការសម្អាតប្រាក់ ហិរញ្ញប្បទានភេវរកម្ម

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីពង្រឹងយន្តការនិងប្រព័ន្ធការងារអចិន្ត្រៃយ៍ប្រឆាំងនឹងការសម្អាតប្រាក់ ហិរញ្ញប្បទានភេវរកម្មនិងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ ក្រុមការងារប្រឆាំងការ  សម្អាតប្រាក់នៃក្រសួងបរិស្ថានបានបន្តបណ្តុះបណ្តាលមន្ត្រីឧទ្យានុរក្ស និងមន្ត្រីអនុវត្តច្បាប់ចំនួន ៤០នាក់មកពីមន្ទីរបរិស្ថានខេត្តព្រះសីហនុនិងខេត្តកោះកុង។

 វគ្គបណ្តុះបណ្តាលនៅព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២ នៅមន្ទីរបរិស្ថាន ខេត្តព្រះសីហនុ ក្រោមអធិបតីភាព លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការនិងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងារប្រឆាំងការសម្អាតប្រាក់របស់ក្រសួងបរិស្ថាន និងដោយមានការអញ្ជើញចូលរួមពីមន្ត្រីជំនាញផ្សេងទៀតដើម្បីបង្កើនសមត្ថភាពមន្ត្រីក្នុងការចូលរួមប្រឆាំងនឹងការសម្អាតប្រាក់។

 បើតាមការឱ្យដឹងរបស់ លោក នេត្រ ភក្ត្រា ក្រសួងបរិស្ថានមានមន្ត្រីនគរបាលយុត្តិធម៌ និងមន្ត្រីអនុវត្តច្បាប់សរុប ១ ៤២២ នាក់។ បន្ថែមលើការបណ្តុះបណ្តាលសម្រាប់មន្ត្រីនៃមន្ទីរបរិស្ថានខេត្តកោះកុង និងខេត្តព្រះសីហនុ​នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២ នេះ ខេត្តដែលមានតំបន់ការពារធម្មជាតិចំនួន ១៨ ដែលមន្ត្រីនគរបាលយុត្តិធម៌និងមន្ត្រីអនុវត្តច្បាប់សរុបចំនួនជិត ១០០០រូប ទទួលបានការបណ្តុះបណ្តាលពង្រឹងសមត្ថភាពលើការប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម ក្នុងបទល្មើសធនធានធម្មជាតិពាក់ព័ន្ធនឹងបទល្មើសព្រៃឈើ និងបទល្មើសជួញដូរសត្វព្រៃខុសច្បាប់។    

 លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថានបានមានប្រសាសន៍ថា ការបណ្តុះបណ្តាលស្តីពីគោលការណ៍ណែនាំស្តីពីបែបបទនិងនីតិវិធីប្រតិបត្តិស្តង់ដារ សម្រាប់ការស៊ើបអង្កេតនិងការរៀបចំសំណុំរឿងសម្អាងបទល្មើស និងបទល្មើសសម្អាតប្រាក់ក្នុងក្របខណ្ឌដែនសមត្ថកិច្ចក្រសួងបរិស្ថាន ជាផ្នែកមួយនៃការពង្រឹងយន្តការ និងប្រព័ន្ធការងារអចិន្ត្រៃយ៍របស់ក្រសួង ក្នុងការចូលរួមជាមួយស្ថាប័នអង្គភាពពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលក្នុងកិច្ចការប្រឆាំងនឹងការសម្អាតប្រាក់និងហិរញ្ញប្បទានភេវរកម្ម និងប្រឆាំងហិរញ្ញប្បទាននាំឱ្យរីកសាយភាយអាវុធមហាប្រល័យ។

 លោករដ្ឋលេខាធិការ បានគូសបញ្ជាក់ថា កិច្ចការប្រឆាំងការសម្អាតប្រាក់ជាការងារដ៏សំខាន់ ដែលត្រូវយកចិត្តទុកដាក់ ក្នុងការអនុវត្តឱ្យបានខ្ជាប់ខ្ជួនដើរដំណាលគ្នា ជាមួយការអនុវត្តច្បាប់ស្តីពីតំបន់ការពារធម្មជាតិ។ 

 លោកបានគូសបញ្ជាក់ថាក្រសួងបរិស្ថានបានចូលរួមយ៉ាងសកម្មជាមួយក្រសួងស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលក្នុងការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ក្នុងកិច្ចខិតខំប្រឹងប្រែងដកកម្ពុជាចេញពីបញ្ជីប្រផេះ។ លោក នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា មន្ត្រីឧទ្យានុរក្ស និងមន្ត្រីអនុវត្តច្បាប់នៃក្រសួងបរិស្ថានជាប្រតិបត្តិករមួយយ៉ាងសំខាន់ ចូលរួមជាមួយស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល នៅក្នុងការអនុវត្តច្បាប់ប្រឆាំងនឹងការសម្អាតប្រាក់ ហិរញ្ញប្បទានភេវរកម្ម និងច្បាប់ស្តីពីការប្រឆាំងនឹងហិរញ្ញប្បទានដល់ការរីកសាភាយអាវុធមហាប្រល័យ។

 លោកបានគូសបញ្ជាក់ថាការបណ្តុះបណ្តាលដល់មន្ត្រីនគរបាលយុត្តិធម៌ ជាការពង្រឹងសមត្ថភាពធនធានមនុស្សរបស់ក្រសួងបរិស្ថាន  ដែលជាផ្នែកមួយនៃការពង្រឹងយន្តការការងារ និងប្រព័ន្ធការងារក្នុងការប្រឆាំងការសម្អាតប្រាក់ដែលធានាប្រសិទ្ធភាព និងនិរន្តរភាពនៃការអនុវត្តការងារប្រឆាំងការសម្អាតប្រាក់ក្នុងក្របខណ្ឌក្រសួងបរិស្ថាន៕

ដោយ ៖ សហការី


ចែករំលែក៖