ប្រទេសរុស្សី ៖ បេីយោងតាមប្រភពព័ត៌មានពីក្រសួងបរិស្ថាន នៅព្រឹកថ្ងៃសៅរ៍ទី០៨ ខែតុលា ឆ្នាំ២០២២នេះ បានឱ្យដឹងថា លោក សាយ សំអាល់ សមាជិកគណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា និងជារដ្ឋមន្ត្រីក្រសួងបរិស្ថាន បានគូសបញ្ជាក់ថា៖ ដោយមានសុខសន្តិភាពពេញលេញ និងការអភិវឌ្ឍលេីគ្រប់វិស័យ ទេីបកម្ពុជាអាចចូលរួមយ៉ាងសកម្មជាមួយសហគមន៍អន្តរជាតិ ក្នុងកិច្ចគាំពារបរិស្ថាន ការអភិរក្សជីវ:ចម្រុះ និងការអភិវឌ្ឍដោយចីរភាព។
ការថ្លែងបែបនេះរបស់លោករដ្ឋមន្រ្តីក្រសួងបរិស្ថាន ក្នុងឱកាសអញ្ជេីញចូលរួមថ្លែងសុន្ទរកថាក្នុងពិធីបិទកិច្ចប្រជុំពេញអង្គនៃសន្និសីទអន្តរគណបក្សអន្តរជាតិក្រោមប្រធានបទ គោលនយោបាយបរិស្ថាន និងការអភិវឌ្ឍដោយចីរភាព ដែលបានប្រព្រឹត្តិទៅនៅទីក្រុង Yuzhno-Sakhalinsk សហព័ន្ធរុស្ស៊ី ។
ក្រៅពីការលេីកឡើងអំពីទិសដៅសំខាន់ៗនៃរបៀបវារៈគោលនយោបាយបរិស្ថាននិងការអភិវឌ្ឍដោយចីរភាពក៏ដូចជាសមិទ្ធផលនានា ដែលកម្ពុជាសម្រេចបានក្នុងវិស័យបរិស្ថាន លោករដ្ឋមន្រ្តី ក៏បានបញ្ជាក់បន្ថែមយ៉ាងច្បាស់អំពីជំហរប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការបង្កេីនប្រភពថាមពលស្អាត ជំរុញការវិនិយោគបៃតង និងការគាំទ្រហិរញ្ញវត្ថុប្រកបដោយចីរភាព ដេីម្បីរួមគ្នាកសាងពិភពលោកមួយប្រកបដោយភាពបៃតងស្រស់ បរិស្ថានល្អស្អាតធន់នឹងការប្រែប្រួលអាកាសធាតុ និងអព្យាក្រឹតកាបូន៕
ដោយ៖សហការី