ភ្នំពេញ៖ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានចេញសេចក្ដីប្រកាសព័ត៌មានស្ដីពី លទ្ធផលនៃកិច្ចប្រជុំត្រួតពិនិត្យជំហានដំបូង នៃការអនុវត្តយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រប់ទម្រង់ នៃអំពើជួញដូរមនុស្ស យុទ្ធនាការបង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ព្រមទាំងយុទ្ធនាការត្រួតពិនិត្យជនបរទេស និងហត្ថពលកម្មបរទេស។
ជាក់ស្ដែងយោងតាមសេចក្ដីប្រកាសព័ត៍មានរបស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានបញ្ជាក់ថា៖ អនុវត្តអនុសាសន៍ និងបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី និងជា ប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) បានដឹកនាំកិច្ចប្រជុំនាថ្ងៃទី ០៧ ខែតុលា ឆ្នាំ២០២២ ដើម្បីត្រួតពិនិត្យលទ្ធផលជំហានដំបូង នៃការអនុវត្តយុទ្ធនាការប្រយុទ្ធប្រឆាំង គ្រប់ទម្រង់នៃអំពើជួញដូរមនុស្ស យុទ្ធនាការបង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ព្រមទាំង យុទ្ធនាការត្រួតពិនិត្យជនបរទេស និងហត្ថពលកម្មបរទេស គិតចាប់ពីថ្ងៃទី ១៨ ខែសីហា ដល់ថ្ងៃទី ០៤ ខែតុលា ឆ្នាំ២០២២ ។ កិច្ចប្រជុំនេះសម្រេចបានលទ្ធផល ដូចខាងក្រោម ៖
១- អំពីចារប្រយុទ្ធប្រឆាំងគ្រប់ទម្រង់នៃអំពើជួញប្ដូរមនុស្ស
ក្នុងរយៈពេល ៥១ថ្ងៃកន្លងមកនេះ ក្រុមការងារបានស្រាវជ្រាវលើបណ្តឹងដែលអះអាងថា ជាករណីរងគ្រោះដោយអំពើជួញដូរមនុស្សចំនួន ៤២០ករណី ។ ផ្អែកលើបណ្ដឹងទាំងនេះ សមត្ថកិច្ចបានបើកប្រតិបត្តិការស្រាវជ្រាវ និងស៊ើបបញ្ជាក់ ដោយបានរកឃើញ ២២៩ករណ៏ មានការពាក់ព័ន្ធនឹងបទល្មើសផ្សេងៗ ក្នុងនោះ ១១៨នាក់ (០៥សញ្ញាតិ) ជាជនរងគ្រោះ នៃបទល្មើស ដូចជា ការបង្ខាំងជំរិតទារប្រាក់ ការធ្វើទារុណកម្ម អំពើជួញដូរមនុស្ស សញ្ចារកម្ម ល្បែងអនឡាញខុសច្បាប់ ជាដើម ។ ទន្ទឹមនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន ៦៧នាក់ (ជនជាតិខ្មែរ និងជនបរទេស) និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ។
ទន្ទឹមនេះ កិច្ចប្រតិបត្តិការក៏បានរកឃើញក្រុមហ៊ុនចំនួន ០៩ មានទីតាំងស្ថិតនៅ ខេត្តព្រះសីហនុ ដែលសង្ស័យពាក់ព័ន្ធបទល្មើស និងបានសម្រេចបិទទីតាំងទាំងស្រុងចំនួន ០៥ក្រុមហ៊ុន និងផ្អាកអាជីវកម្មបណ្ដោះអាសន្នចំនួន ០៤ក្រុមហ៊ុន ដើម្បីបន្តនិតិវិធីស្រាវជ្រាវនិងស៊ើបអង្កេតបន្ថែម ។
២- អំពីការបង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ
អនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ សម្ដេចតេជោ នាយករដ្ឋមន្រ្តី ក្រុមការងារ ដោយមានការចូលរួមអនុវត្តពីគណៈបញ្ជាការឯកភាពរដ្ឋបាលគ្រប់ថ្នាក់ និងកងកម្លាំងមាន សមត្ថកិច្ចនានា បានបើកប្រតិបត្តិការត្រួតពិនិត្យទីតាំងមានការសង្ស័យប្រព្រឹត្តល្បែងស៊ីសង ខុសច្បាប់គ្រប់ប្រភេទ ចំនួន ៩,៦២២ទីតាំង ក្នុងនោះ បានរកឃើញ និងអនុវត្តវិធានការច្បាប់ ចំនួន ១១៦ទីតាំង និងលើបុគ្គល ចំនួន២៥៣នាក់ ព្រមទាំងបានកសាងសំណុំរឿងបញ្ជូន ទៅតុលាការដើម្បីអនុវត្តនីតិវិធីបន្ត ។
ក្រៅពីអនុវត្តវិធានការច្បាប់ អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចនានា បានចុះធ្វើការ ផ្សព្វផ្សាយច្បាប់ស្តីពីការបង្ក្រាបល្បែងស៊ីសងនៅតាមមូលដ្ឋានភូមិ-ឃុំ-សង្កាត់, ការផ្សព្វផ្សាយ អំពីផលប៉ះពាល់នៃល្បែងស៊ីសងខុសច្បាប់, ការបន្តតាមដានទីតាំងដែលធ្លាប់ប្រព្រឹត្តល្បែង ស៊ីសង, ការបន្តស្រាវជ្រាវរកទីតាំងដែលនៅតែបន្តប្រព្រឹត្តល្បែងស៊ីសង និងការបន្តក្ដាប់មុខ សញ្ញាបើកល្បែង និងលេងល្បែងស៊ីសងខុសច្បាប់ ។
៣- អំពីការត្រចពិនិត្យថនបរទេស និងអធិការកិច្ចហត្ថពលកម្មបរទេស ក្រុមការងារបានសហការចុះត្រួតពិនិត្យជនបរទេសនៅលើទីតាំង ចំនួន ១០ ក្នុងខេត្ត ព្រះសីហនុ មានជនបរទេសសរុបចំនួន ២,៧៦០នាក់ មាន ១៤សញ្ញាតិ ក្នុងនោះ៖
ជនបរទេសមានលិខិតឆ្លងដែនត្រឹមត្រូវ ចំនួន ១,៩៤៦នាក់ គ្មានបណ្ណការងារ ចំនួន ១,៥១២នាក់ ព្រមទាំងបានផាកពិន័យ និងធ្វើការអប់រំ មុននឹងអនុញ្ញាតឱ្យចាកចេញ ពីទីតាំងក្រុមហ៊ុន ។បានរៀបចំបែបបទបណ្ដេញចេញ ចំនួន ៦៨៥នាក់ មាន ១០សញ្ញាតិ និងកំពុង ស្នាក់នៅក្នុងទីស្នាក់ការត្រៀមបណ្ដេញចេញ ចំនួន ៩២០នាក់ មាន ២៣សញ្ជាតិ ។
ទន្ទឹមនេះ ក្រុមការងារបានចុះធ្វើអធិការកិច្ចហត្ថពលកម្មបរទេសលើគោលដៅចំនួន ១៦ មានពលករបរទេស ចំនួន ២,២៥៤នាក់ (ស្រី ៣៣៤នាក់) ក្នុងនោះ គ្មានបណ្ណការងារ ១,៥៦៣នាក់ មាន ១១សញ្ជាតិ និងបានធ្វើការផាកពិន័យតាមច្បាប់ជាធរមាន ។
ផ្អែកលើសមិទ្ធផលដែលសម្រេចបានក្នុងរយៈពេល ៥១ថ្ងៃកន្លងមក ជាពិសេសនៅក្នុង រយៈពេល ១០ថ្ងៃចុងក្រោយនេះ បានធ្វើឱ្យចំនួនពាក្យបណ្តឹងដែលសមត្ថកិច្ចបានទទួលមាន ចំនួនតិចតួចប៉ុណ្ណោះ បើប្រៀបធៀបនឹងរយៈពេលនៃការចាប់ផ្ដើម ។ ការសម្រេយបានលទ្ធផ ជាវិជ្ជមាននេះ សម្តេចក្រឡាហោម ស ខេង បានថ្លែងអំណរគុណចំពោះសាធារណជនជាតិ អន្តរជាតិ ដែលបានចូលរួមផ្ដល់ព័ត៌មានផ្សេងៗ ដែលរួមចំណែកដល់ការមុនប្រតិបត្តិការរបស់អាជ្ញាធរមានសមត្ថកិច្ចនៅក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រប់ទម្រង់នៃអំពើជួញដូរមនុស្ស និង យុទ្ធនាការបង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ព្រមទាំងយុទ្ធនាការការងារត្រួតពិនិត្យ ជនបរទេស និងហត្ថពលកម្មបរទេស ឱ្យទទួលបានលទ្ធផលជាផ្លែផ្កា ជាពិសេសរួមចំណែក ដល់ការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ដើម្បីបម្រើដល់ការ អភិវឌ្ឍប្រកបដោយចីរភាព និងភាពសុខដុមរមនារបស់សង្គមជាតិ និងប្រជាជន ។
ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា គ.ជ.ប.ជ និងក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង ក៏បានថ្លែងអំណរគុណ និងកោតសរសើរ ចំពោះកិច្ចសហការយ៉ាងជិតស្និទ្ធរវាងស្ថាប័នពាក់ព័ន្ធ និងកិច្ចខិតខំប្រឹងប្រែងយកចិត្តទុកដាក់ អនុវត្តភារកិច្ចយ៉ាងសកម្មប្រកបដោយការទទួលខុស ត្រូវខ្ពស់ពីសំណាក់ក្រុមការងារ និងគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី-ខេត្ត ព្រមទាំង អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ នៅក្នុងការអនុវត្តបេសកកម្មដ៏មានសារៈសំខាន់នេះ ។
ទន្ទឹមនេះ ជាមួយនឹងកិច្ចខិតខំប្រឹងប្រែង និងលទ្ធផលដែលសម្រេចបានក្នុងរយៈពេល កន្លងមក សម្តេចក្រឡាហោម ស ខេង បានជំរុញដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរមាន សមត្ថកិច្ច និងរដ្ឋបាលរាជធានី-ខេត្ត ជាពិសេសគណៈបញ្ជាការដឹកនាំប្រតិបត្តិការ ត្រូវបន្ត ជំរុញអនុវត្តកិច្ចការសំខាន់ៗបន្ថែមទៀត រួមមាន ៖
បន្តស្រាវជ្រាវ និងពិនិត្យសំណើថ្មីៗ និងករណីដែលនៅសេសសល់ ដើម្បីសង្គ្រោះជន រងគ្រោះ ស្វែងរកជនសង្ស័យ និងជនល្មើសរត់គេចខ្លួនមកផ្តន្ទាទោសតាមច្បាប់ និង ការបង្ការទប់ស្កាត់មិនឱ្យជនទាំងនោះបង្កអសន្តិសុខ នៅក្នុងសង្គម ។
ពង្រឹងការគ្រប់គ្រង ត្រួតពិនិត្យតំបន់ព្រំដែន និងច្រកទ្វារព្រំដែន ជាពិសេសច្រកសមុទ សំដៅទប់ស្កាត់ការលួចជ្រៀតចូលឆ្លងដែនដោយខុសច្បាប់របស់ជនបរទេស ។ បង្កើនកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសដែលមានពលរដ្ឋរបស់ខ្លួនរងគ្រោះ ឬស្នើសុំអន្តរាគមន៍ ដើម្បីធ្វើការស្រាវជ្រាវ ស៊ើបអង្កេត និងបង្ក្រាបមេខ្លោង ឬបណ្តាញ មានអង្គការចាត់តាំង ដែលធ្វើការអូសទាញ ឬបោកបញ្ឆោតជនបរទេស ឱ្យឆ្លងដែន ដោយស្របច្បាប់ និងមិនស្របច្បាប់ចូលមកកម្ពុជា ។
បង្កើនកិច្ចសហការរវាងស្ថាប័នពាក់ព័ន្ធ និងធ្វើការត្រួតពិនិត្យជាប្រចាំ ឬដោយគ្មានការ ជូនដំណឹងជាមុន ព្រមទាំងអនុវត្តវិធានការច្បាប់ឱ្យបានម៉ឺងម៉ាត់ចំពោះបុគ្គល ឬម្ចាស់ ទីតាំង ដែលមិនគោរពតាមច្បាប់ស្ដីពីការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ ច បន្តចុះធ្វើអធិការកិច្ចហត្ថពលកម្មបរទេសនៅតាមគ្រឹះស្ថាន និងសហគ្រាសនានា រួមទាំងទីតាំងកាស៊ីណូ សំដៅទប់ស្កាត់ការប្រើប្រាស់កម្លាំងពលកម្មជនបរទេសដោយខុសច្បាប់ ព្រមទាំងចាត់វិធានការឱ្យម៉ឺងម៉ាត់ ប្រកបដោយតម្លាភាព ស្របតាមច្បាប់ស្ដីពីការងារនិងច្បាប់ស្តីពីអន្តោប្រវេសន៍របស់ព្រះរាជាណាចក្រកម្ពុជា ។
សេចក្តីដូចបានបញ្ជាក់ជូនខាងលើ និងក្នុងស្មារតីរួមគ្នា ដើម្បីសម្រេចបាននូវលទ្ធផលល្អ ប្រសើរបន្ថែមទៀត គ.ជ.ប.ជ សូមអំពាវនាវដល់សាធារណជន និងអ្នកពាក់ព័ន្ធទាំងអស់ ជាពិសេសអាជ្ញាធរមានសមត្ថកិច្ចនៃបណ្ដាប្រទេសក្នុងតំបន់ និងអន្តរជាតិ ដែលពាក់ព័ន្ធ សូមបន្តចូលរួមផ្តល់កិច្ចសហការឱ្យបានពេញលេញ ដល់យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រប់ ទម្រង់នៃអំពើជួញដូរមនុស្ស យុទ្ធនាការបង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ព្រមទាំង យុទ្ធនាការត្រួតពិនិត្យជនបរទេស និងអធិការកិច្ចហត្ថពលកម្មបរទេស ឱ្យទទួលបានជោគជ័យ សំដៅរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការកសាងសង្គមជាតិ ប្រកបដោយ សន្តិសុខ និងសុវត្ថិភាព៕
ដោយ៖ស តារា