ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខណ្ឌឫស្សីកែវឃាត់ខ្លួនជនសង្ស័យម្នាក់ករណីគាស់ដំបូលតូប ចូលលួចអាយផេត

ចែករំលែក៖

    ភ្នំពេញ៖ លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវបានប្រាប់ឱ្យដឹងថា កម្លាំងនគរបាលខណ្ឌឫស្សីកែវ បានធ្វើការស្រាវជ្រាវបង្រ្កាបជាក់ស្តែងករណីលួច(គាស់ដំបូលតូបចូលលួចអាយផេត) នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង០២ និង១៥នាទី ត្រង់ចំណុចហាងលក់ទូរស័ព្ទដៃយីហោប្រណីត ស្ថិតនៅផ្ទះលេខ៩៣០ ផ្លូវជាតិលេខ៥ ក្រុម៣ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ ដោយឃាត់ខ្លួនបានជនសង្ស័យម្នាក់។

    សមត្ថកិច្ចបានបន្តថា ជនរងគ្រោះឈ្មោះ គឹម ម៉ុង ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅកន្លែងកេីតហេតុ មុខរបរលក់ទូរស័ព្ទដៃ។ ចំណែកជនសង្ស័យឈ្មោះ វ៉ន ផាន់ណា ហៅជា ភេទប្រុស អាយុ៤០ឆ្នាំ មានទីលំនៅផ្ទះលេខ៦៤០ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ មុខរបរមិនពិតប្រាកដ (មានសារធាតុញៀន) ។           សម្ភារដកហូតបាន៖ អាយផេតចំនួន ០៣គ្រឿង ម៉ាកអាយហ្វូនជារបស់ជនរងគ្រោះ និងវត្ថុតាងសម្រាប់ធ្វើសកម្មភាពមួយចំនួនទៀត។

    សមត្ថកិច្ចបានបន្តទៀតថា ដំណើររឿងហេតុ គឺនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង២១ មុនពេលកេីតហេតុ ជនរងគ្រោះបានបិទទ្វារតូបលក់ទូរស័ព្ទរបស់ខ្លួន រួចសម្រាកក្នុងបន្ទប់ លុះមកដល់ម៉ោង២និង១៥នាទីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ ស្រាប់តែឮសំឡេងរុះរេីអីវ៉ាន់ ក៏បេីកកាមេរ៉ាសុវត្ថិភាពមេីល ឃេីញជនសង្ស័យកំពុងធ្វេីសកម្មភាពលួចអាយផេត ក៏បានប្តឹងរាយការណ៍មកកម្លាំងសមត្ថកិច្ចចុះទៅធ្វើអន្តរាគមន៍ ឃាត់ខ្លួនជនសង្ស័យ រួមទាំងវត្ថុតាងបានភ្លាមៗ នៅនឹងកន្លែងកេីតហេតុ។

    បច្ចុប្បន្នកម្លាំងជំនាញខណ្ឌ-ប៉ុស្តិ៍ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តតាមនីតិវិធី ចំណែកអាយផេតបានប្រគល់ឱ្យជនរងគ្រោះវិញ ៕

ដោយ៖ ជីណា


ចែករំលែក៖