ខេត្តស្ទឹងត្រែង ៖ ប្រជាពលរដ្ឋនៅក្នុងស្រុកសេសានមានការព្រួយបារម្ភយ៉ាងខ្លាំង ខណៈដែលពីមុនមកធ្លាប់តែមានចោរកាច់ក យកម៉ូតូតាមផ្សារនិងទីប្រជុំជនតែពេលនេះ ក្រុមចោរបានចូលលួចកាច់កម៉ូតូដល់ផ្ទះប្រជាពលរដ្ឋនៅទីជនបទ ទាំងយប់ធ្វើឲ្យប្រជាពលរដ្ឋមានការភ័យខ្លាចជាខ្លាំង។
ម៉ូតូមួយគ្រឿងត្រូវបានចោរចូលលួចកាច់ក ដល់ក្នុងផ្ទះ កាលពីវេលាទាបភ្លឺថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ នៅចំណុចជិតវត្តកំភុនស្ថិតក្នុងភូមិកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង ដោយយកម៉ូតូនោះទៅបាត់មិនបង្កឲ្យមានការភ្ញាក់ផ្អើលអ្វីឡើយ។
លោក អ៊ួន សុខប៊ុន ជាម្ចាស់ម៉ូតូបានឲ្យដឹងថា ម៉ូតូដែលចោរកាច់ក យកទៅបាត់ម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០២២ ពណ៌ក្រហម ពាក់ស្លាកលេខព្រះសីហនុ 1J-4455 បានបាត់នៅពេលទាបភ្លឺ ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២នេះ។
លោកបន្តទៀតថា ជារៀងរាល់យប់គាត់បានដាក់ម៉ូតូនៅក្នុងផ្ទះរបស់គាត់មិនដែលមានអ្វីកើតឡើងនោះទេ តែនៅថ្ងៃយប់កើតហេតុនេះ ពេលដែលគាត់ភ្ញាក់ពីដំណេករកម៉ូតូមិនឃើញដោយមិនដឹងពីហេតុការណ៍ពេលចោរចូលមកលួចកាច់កយកពីពេលណានោះទេ។
បុរសជាម្ចាស់ម៉ូតូបញ្ជាក់ថា កន្លងមកចោរលួចកាច់កម៉ូតូនៅតាមទីប្រជុំជនក្នុងក្រុងផ្សារតែប៉ុណ្ណោះ។តែពេលនេះភាពអសន្តិសុខបានចូលមកដល់ភូមិរបស់គាត់ដែលនៅទីជនបទដាច់ស្រយាលហើយ។
លោកបានស្មើដល់អាជ្ញាធរភូមិឃុំសមត្ថកិច្ចពាក់ព័ន្ធបើសិនឃើញភិនភាគម៉ូតូស្លាកលេខដូចខាងលើ នេះសមត្ថកិច្ចមេត្តាឃាត់ទុក ដើម្បីចាត់វិធានការដល់ក្រុមចោរលួចទាំងនោះតាមផ្លូវច្បាប់កុំឲ្យចេះតែដើរបង្កអសន្តិសុខដល់សង្គមទៀត៕
ដោយ៖ សូរិយា