ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិវៀតណាម ៧នាក់ ឆ្លងដែនដោយខុសច្បាប់ ចូលមកនេសាទត្រី ក្នុងទឹកដីកម្ពុជា

ចែករំលែក៖

ខេត្តស្វាយរៀង ៖ សមត្ថកិច្ចនគរបាលស្រុកស្វាយជ្រំឃាត់ខ្លួនជនសង្ស័យជនជាតិវៀតណាម ៧នាក់ ឆ្លងដែនដោយខុសច្បាប់ ចូលមកនេសាទត្រី ក្នុងទឹកដីកម្ពុជា។

ការចុះបង្ក្រាបធ្វើឡើងនាវេលាម៉ោង១និង៣០នាទីរសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ ម៉ោង១៣និង៣០នាទី ស្ថិតនៅភូមិពោធិតារស់ ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។

យោងតាមសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថាកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបាសាក់ បានទទួលព័ត៌មានពីប្រជាការពារ មានជនជាតិវៀតណាមលួចឆ្លងដែនមកនេសាទត្រី(ដាក់មង)នៅក្នុងទឹកព្រែក ស្ថិតនៅភូមិពោធិតារស់ ឃុំបាសាក់ ស្រុកស្វាយជ្រំ  គិតពីព្រំដែនកម្ពុជា-វៀតណាម មកដល់ទីតាំងចំងាយប្រហែល ៨,០០០ម៉ែត្រ ។

ក្រោយពីទទួលបានព័ត៌មាន និងដោយមានការចង្អុល ដឹកនាំពីលោកស្នងការនគរបាលបាលខេត្តស្វាយរៀង កម្លាំងជំនាញស្រុកស្វាយជ្រំ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបាសាក់ កម្លាំងប៉ុស្តិ៍នគរបាលច្រកទ្វារតំបន់ស្រែបារាំង និងកម្លាំងប្រជាការពារ បានចេញប្រតិបត្តិការបង្ក្រាបករណីជនជាតិវៀតណាម ឆ្លងដែនដោយខុសច្បាប់ចូលមកនេសាទ ក្នុងទឹកដីកម្ពុជា ។

ប្រភពបន្តថាដោយសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជាជនជាតិវៀតណាមបាន ចំនួន ០៧នាក់ ស្រី ០៣នាក់ និង បានដកហូតវត្ថុតាងរួមមាន៖ ទូកម៉ាសុីនចំនួន ០៤ គ្រឿង ( ទូកជ័រចំនួន៣ គ្រឿង  ទូកឈើចំនួន១ គ្រឿង ) និង ឧបករណ៍នេសាទ(មង) ចំនួន ៤២ដៃ ។

បច្ចុប្បន្ន វត្ថុតាងត្រូវបានដកហូតរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលបាសាក់ រីឯជនល្មើសជនជាតិវៀតណាមទាំង ០៧នាក់ បានធ្វើកិច្ចសន្យាអប់រំ និងប្រគល់ជូនមន្ត្រីជលផលខេត្តដើម្បី ធ្វើការផាកពិន័យតាមច្បាប់ ៕

ដោយ៖ សុថាន


ចែករំលែក៖