ភ្នំពេញ ៖ នាថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២នេះ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុឌ្ឍ ព្រះប្រធានគណបក្សហ្វុិនស៉ិនប៉ិច បានក្រាបថ្វាយបង្គំគាល់ សម្តេចព្រះមហិស្សរា នរោត្តម ច័ក្រពង្ស់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដែលជាព្រះបិតុលារបស់ព្រះអង្គ។
ក្នុងឱកាសនោះដែរ ព្រះអង្គម្ចាស់ បានក្រាបថ្វាយបង្គំគាល់សម្តេចព្រះបិតុលាអំពីព្រះសុខភាព ថ្វាយព្រះពរ និងទូលថ្វាយអំពីកិច្ចដំណើរការរៀបចំឡើងវិញក៏ដូចជាសកម្មភាពនានាកន្លងមកក្នុងការដឹកនាំគណបក្សរាជានិយមហ្វ៉ិនស៉ិនប៉ិច។
សម្តេចព្រះមហិស្សរាក៏បានមានព្រះបន្ទូលចែករំលែកអំពីបទពិសោធជីវិតនៃការតស៊ូក្នុងព្រៃកាលអំឡុងទស្សវត្សទី៨០ ដោយបានផ្តាំផ្ញើឲ្យត្រូវរួបរួមគ្នា និងលើកទឹកចិត្តឲ្យខិតខំប្រឹងប្រែងបន្តថែរក្សាការពារ គណបក្សហ្វ៉ិនស៉ិនប៉ិច ឲ្យទទួលបានប្រជាប្រិយភាពឡើងវិញ ។
សូមបញ្ជាក់ថា គណបក្សហ្វ៉ិនស៉ិនប៉ិច កកើតឡើងក្រោមព្រះរាជតំរិះនៃសម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងបេសកម្មដើម្បីបញ្ចប់សង្រ្គាមស៉ីវិល ការរួបរួមជាតិ បូរណភាពទឹក ឯករាជ្យ និងសន្តិភាព ហើយបានបន្តដោយ សម្តេចក្រុមព្រះ នរោត្តម រណឬទ្ធិ ព្រះប្រធាន និងបានបន្តមករហូតមកដល់សព្វថ្ងៃនេះដោយមានព្រះអង្គម្ចាស់ នរោត្តម ចក្រាវុឌ្ឍ ជាប្រធាន៕
ដោយ : សហការី