ភ្នំពេញ ៖ នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២នេះ នៅក្នុងវត្ដឥន្ទ្រឧស្សាហ៍ ហៅវត្ដជីក្រែង ស្ថិតនៅឃុំជីក្រែង ស្រុកជីក្រែង ខេត្ដសៀមរាប បានរៀបចំប្រគល់ស្បៀងបម្រុងទុកមាន គ្រឿងឧបភោគបរិភោគ និងគ្រាប់ពូជស្រូវ ដែលអំណោយរបស់រាជរដ្ឋាភិបាលផ្តល់តាមរយៈគណៈកម្មាធិការគ្រប់គ្រងប្រព័ន្ធស្បៀងកម្ពុជាចែកជូនដល់ប្រជាពលរដ្ឋដែលរងគ្រោះមហន្ដរាយដោយទឹកជំនន់ចំនួន ២៨៧៤ គ្រួសារ នៅក្នុងស្រុកជីក្រែង ខេត្ដសៀមរាប ក្រោមអធិបតីភាពលោក ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្ត និងមានការចូលរួមពីមន្ទីរ អង្គភាពពាក់ព័ន្ធ ជុំវិញខេត្ត ព្រមទាំងបងប្អូនប្រជាពលរដ្ឋជាច្រើននាក់ផងដែរ។
លោក ទៀ សីហា អភិបាលខេត្ត ការផ្ដល់ស្បៀងនេះ ជាការយកចិត្ដទុកដាក់ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានគិតគូរ និងបានឧបត្ថម្ភគាំទ្រជាបន្តបន្ទាប់ដល់ប្រជាពលរដ្ឋរងផលប៉ះពាល់ គ្រួសាររងគ្រោះ និងងាយរងគ្រោះក្នុងអំឡុងគ្រោះទឹកជំនន់នេះ។ បើទោះបីស្បៀងទាំងនេះ មិនច្រើនក៏ពិតមែន ប៉ុន្ដែអាចជួយសម្រួលដល់ជីវភាពប្រជជាពលរដ្ឋបានមួយគ្រា ដែលនេះបង្ហាញពីការយកចិត្ដទុកដាក់ពីរាជរដ្ឋាភិបាល។
លោក ពៅ ប៊ុនធឿន អភិបាលស្រុកជីក្រែង មានប្រសាសន៍ថានៅក្នុងភូមិសាស្រ្ដស្រុកជីក្រែង ចាប់ពីថ្ងៃទី ២៣ ខែកញ្ញា ឆ្នំា២០២២ រហូតដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ បានរងផលប៉ះពាល់ដោយសារទឹកជំនន់ជន់លិចមានចំនួន១២ឃុំ ដោយក្នុងនោះ ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ចំនួន ២៧២០គ្រួសារ កុមារលង់ទឹកស្លាប់ចំនួន ០២នាក់ លិចលំនៅដ្ឋានកម្រិតស្រាលចំនួន១៧២គ្រួសារ លិចទីធ្លាសាលារៀនចំនួនលិចបរិវេណមណ្ឌលសុខភាព លិចអគាររដ្ឋបាលឃុំ លិចវត្តអារាម ព្រមទាំងលិចហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់មួយចំនួនបណ្ដាលឱ្យខូចខាតប្រវែង ២៣១៦ម៉ែត្រ ដំណាំស្រូវរងផលប៉ះពាល់ចំនួន ២,៧៧៩ហិកតា និងខូចខាតចំនួន ១៣៥ហិកតា ក្នុងនោះតម្រូវការស្ដាដាំដុះឡើងវិញចំនួន ៥២ហិកតាស្មើនឹង ១២១ គ្រួសារ។ លោកបន្ដថា ប្រជាពលរដ្ឋក្រីក្រដែលរងគ្រោះដោយសារទឹកជំនន់សរុបចំនួន ២៨៧៤ គ្រួសារ ដែលត្រូវទទួលស្បៀងសង្គ្រោះបន្ទាន់របស់រាជរដ្ឋាភិបាល និងទទួលបានគ្រាប់ពូជស្រូវមានចំនួន១២១គ្រួសារ សម្រាប់ពួកគាត់យកទៅដំាស្រូវស្តារឡើងវិញក្នុងអំឡុងពេលទឹកកំពុង ស្រកជាបណ្តើរៗនេះ។
សូមបញ្ជាក់ថា គិតចាប់ពីថ្ងៃទី១៧ ខែតុលាឆ្នាំ២០២២នេះ ការបែងចែកស្បៀង និងគ្រឿងឧបភោគ បរិភោគ ដល់ប្រជាពលរដ្ឋមានផលប៉ះពាល់ដោយគ្រោះមហន្ដរាយពីគណៈកម្មការគ្រប់គ្រងប្រព័ន្ធស្បៀងបម្រុងកម្ពុជាមានចំនួនជាង៦ពាន់គ្រួសារ ក្នុងចំណោមប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់១ម៉ឺន៤៥០គ្រួសារ ក្នុងស្រុកចំនួន៨ស្រុកនៃខេត្ដសៀមរាប៕
ដោយ : សហការី