ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងការិយាល័យនគរបាលសណ្តាប់ធ្នាប់ ចុះរៀបចំសណ្តាប់ធ្នាប់លើបណ្តោយផ្លូវលេខ២៧១ ចាប់ពីមុខមន្ទីរពេទ្យមិត្តភាពកម្ពុជា-សូវៀត

ចែករំលែក៖

ភ្នំពេញ​៖​ ដោយអនុវត្តតាមបញ្ជា និងការណែនាំរបស់លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅរសៀល​ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ត្រី សែម គន្ធា ស្នងការរង បានដឹកនាំកម្លាំងការិយាល័យនគរបាលសណ្តាប់ធ្នាប់ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ចុះរៀបចំសណ្តាប់ធ្នាប់លើបណ្តោយផ្លូវលេខ២៧១ ចាប់ពីមុខមន្ទីរពេទ្យមិត្តភាពកម្ពុជា-សូវៀត ដល់មុខខ្លោងទ្វារវត្តសន្សំកុសល។

ក្នុងប្រតិបត្តិការនេះកម្លាំង​ បានធ្វើការណែនាំអប់រំបងប្អូនអាជីវករលក់ដូរ កុំឱ្យយកចិញ្ចើមថ្នល់ចត ឬលក់ដូរ នៅលើដងផ្លូវសាធារណៈ ឱ្យទ្បើងលក់ផុតពីទ្រូងថ្នល់បណ្តោះអាសន្ន ១ភាគ៣ នៃចិញ្ចើមថ្នល់។ 

សូមជម្រាបថា​ ការណែនាំអប់រំបងប្អូនអាជីវករលក់ដូរ កុំឱ្យយកចិញ្ចើមផ្លូវនេះ​ គឺដើម្បីទុកចិញ្ចើមថ្នល់សម្រាប់ថ្មើរជើងធ្វើចរាចរណ៍ទៅវិញទៅមកឱ្យបានងាយស្រួល​ ជាពិសេសយានយន្តបើកបរបញ្រ្ចាស់ទិស ដែលបង្កឱ្យការកកស្ទះ​ ឬការគ្រោះថ្នាក់ជាយថាហេតុ៕

ដោយ​៖សហការី​


ចែករំលែក៖