ព័ត៌មានទាន់ហេតុការណ៍៖

បង្ខំឱ្យក្មេងស្រីផឹកស្រាស្រវឹងរួចចាប់រំលោភបានសម្រេច ទីបំផុតជាប់ខ្នោះសមត្ថកិច្ច

ចែករំលែក៖

ខេត្តកណ្ដាល៖ ជនសង្ស័យ៤នាក់រួមទាំងនារី២នាក់ផងបានបង្ខំឱ្យក្មេងស្រីអាយុ១៤ឆ្នាំម្នាក់ផឹកស្រាស្រវឹង រួចដឹកចូលផ្ទះសំណាក់រំលោភសេពសន្ថវៈរហូតបានសម្រេច តែទោះជាយ៉ាងណាក៏គេចមិនផុតពីសំណាញ់ច្បាប់បានដែរដោយត្រូវជាប់ខ្នោះរបស់សមត្ថកិច្ច ។ករណីចាប់ខ្លួនជនសង្ស័យនេះធ្វើឡើងនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ ដែលករណីនេះបានកើតឡើងនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង១១ និង១០នាទី នៅភូមិអំពិល ឃុំកំពង់ភ្នំ ស្រុកលេីកដែក ខេត្តកណ្តាល ។

មន្ត្រីនគរបាលស្រុកលើកដែកបានឱ្យដឹងថា ជនរងគ្រោះអាយុ១៤ឆ្នាំ១០ខែនិង២៩ថ្ងៃ នៅភូមិអំពិល ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល។

ចំណែកជនសង្ស័យ៤នាក់ ទី១-ឈ្មោះ ម៉ន សិលា ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរមន្ត្រីសាលាស្រុកលើកដែក មានទីលំនៅភូមិអំពិលទឹក ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល។ ទី២- ឈ្មោះ អ៊ុក ទឹង ភេទប្រុស អាយុ៣៦ឆ្នាំ  ជនជាតិវៀតណាម មុខរបរលក់ដូរ មានទីលំនៅភូមិកំពង់ចម្លង ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្ដាល។ទី៣- ឈ្មោះ រតនា ស្រីនាថ ភេទស្រី អាយុប្រហែល១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ នៅភូមិអំពិលទឹក ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល និងទី៤-ឈ្មោះ គន្ធា ភេទស្រី អាយុប្រហែល៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ នៅភូមិអំពិលទឹក ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល។

ប្រភពដដែលបន្តថា តាមការបំភ្លឺរបស់ក្មេងស្រីរងគ្រោះបានឱ្យដឹងថា កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២ ជនសង្ស័យឈ្មោះ រតនា ស្រីនាថ បានបបួលក្មេងស្រីរងគ្រោះទៅញ៉ាំចំណីជាមួយពូរបស់ស្រីនាថ ឈ្មោះ សិលា នៅត្រើយខាងកើត ក្នុងហាងឈ្មោះ អមតៈ ហើយស្រីនាថនិងពូរបស់នាងបានបង្ខំឱ្យក្មេងស្រីរងគ្រោះផឹកស្រាបៀររហូតដល់ស្រវឹង ហើយនិយាយប្រាប់ក្មេងស្រីរងគ្រោះថានឹងជូនត្រឡប់មកផ្ទះវិញ។ ពេលត្រឡប់មកវិញ ស្រាប់តែបែរជាចូលផ្ទះសំណាក់ឈ្មោះ វិសាល រង្សី នៅអ្នកលឿងត្រើយខាងលិច ហើយពូរបស់ស្រីនាថបានក្រៀកក្មេងស្រីរងគ្រោះចូលបន្ទប់ រួចជនសង្ស័យឈ្មោះសិលា បានផ្ដួលនាងទៅលើពូកនិងធ្វើសកម្មភាពរំលោភក្មេងស្រីរងគ្រោះតែម្ដង។ លុះប្រហែលជា០២ទៅ០៣ថ្ងៃក្រោយមក ជនសង្ស័យឈ្មោះ សិលា ក៏បានហៅទូរស័ព្ទមកស្រីនាថបបួលស្រីនាថនិងក្មេងស្រីរងគ្រោះទៅផឹកស្រាបៀរនៅហាង អមតៈ។  បន្ទាប់មកជនសង្ស័យឈ្មោះ សិលា ក៏ជូនក្មេងស្រីរងគ្រោះទៅផ្ទះរបស់គេដោយបម្រុងចាប់រំលោភ តែក្មេងស្រីរងគ្រោះបានរត់ពួនក្រោមសាឡុង ពេលនោះជនសង្ស័យឈ្មោះ សិលា ក៏ងាកទៅរកស្រីនាថវិញ ហើយជនសង្ស័យឈ្មោះ សិលា បានជូនគេទាំងពីរនាក់ត្រឡប់ទៅផ្ទះស្រីនាថវិញនៅម៉ោងប្រហែល០៣ទៀបភ្លឺ។ អស់រយៈពេលមួយសប្តាហ៍ក្រោយមក ស្រីនាថបានបបួលក្មេងស្រីរងគ្រោះថាទៅភ្នំពេញដើម្បីរកការងារធ្វើ តែស្រីនាថនិយាយថាទៅហាងផឹកស្ព្រាយសិនចាំទៅ បន្ទាប់ពីផឹកអស់០២ដប ក្មេងស្រីរងគ្រោះមានអារម្មណ៍ថាវិលមុខ ហើយជនសង្ស័យឈ្មោះសិលា ក៏ជូនទៅម្ដុំរង្វង់មូលត្រើយខាងកើត ពេលនោះជនសង្ស័យឈ្មោះ ទឹង បាននាំក្មេងស្រីរងគ្រោះចូលក្នុងបន្ទប់ ហើយនិយាយថាសុំមួយ តែក្មេងស្រីរងគ្រោះមិនព្រម រួចឈ្មោះ ទឹង ក៏បានចាប់បង្ខំនិងរំលោភនាងបានសម្រេចតែម្ដង។

ករណីខាងលើនេះកម្លាំងផ្នែកជំនាញកំពុងកសាងសំណុំរឿងដើម្បីចាក់ការតាមនីតិវិធី៕

ដោយ៖ស្អាងជ័យ


ចែករំលែក៖