សារព័ត៌មាន Times of India បានផ្សាយថា មានករណីប្រជ្រៀតជាន់លើគ្នាកើតឡើងនៅថ្ងៃទី ៣០ខែតុលា (ពេលវេលាក្នុងតំបន់) ក្នុងពេលដែលមានការប្រគំតន្ត្រីមានតារាល្បីមកពីទ្វីបអាហ្វ្រិក Fally Ipupa ចូលរួម ។ ការប្រជ្រៀតជាន់លើគ្នានោះបណ្តាលឱ្យស្លាប់ ១១នាក់និងរបួសធ្ងន់៧នាក់។
ការប្រគំតន្ត្រីរៀបចំឡើងនៅក្នុងពហុគីឡដ្ឋាន Martyrs ក្នុងរដ្ឋធានី Kinshasa ។ ពហុកីឡដ្ឋាននោះមានកៅអីសម្រាប់អ្នកចូលទស្សនាដល់ទៅ៨ម៉ឺននាក់ ។ តាមប្រភពព័ត៌មាន នៅក្នុងពហុកីឡដ្ឋាននោះមានមនុស្សចូលពេញ ដើម្បីគាំទ្រដល់តារា Fally Ipupa ក្នុងការសម្តែង ។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កុងហ្គោ លោក Daniel Aselo Okito បានទម្លាក់កំហុសទៅលើគណៈកម្មការរៀបចំការប្រគំតន្ត្រី ដែលបានបំពានច្បាប់ដោយអនុញ្ញាតឱ្យអ្នកចូលរួមលើសចំនួនកំណត់ ។ ក្នុងចំណោមអ្នកស្លាប់១១នាក់ មានប៉ូលិស២នាក់ផងដែរ ហើយអ្នកស្លាប់ដោយថប់ដង្ហើមគឺមកពីមនុស្សច្រើន និងការប្រជ្រៀតជាន់លើគ្នា ។
នេះមិនមែនជាលើកទីមួយឡើយដែលកុងហ្គាមានករណីស្លាប់ដោយការប្រជ្រៀតជាន់លើគ្នា កាលពីឆ្នាំ២០១៤ ក៏មានការប្រជ្រៀតជាន់លើគ្នាបណ្តាលឱ្យស្លាប់ ១៤នាក់ ក្នុងពិធីប្រគំតន្ត្រីផងដែរ ក្នុងទីក្រុង Kikwit ៕ ដោយ៖ ធីរីណា
រូបថត ៖ BNN