ខេត្តបាត់ដំបង ៖ នាព្រឹកថ្ងៃចន្ទ ៧កើត ខែកត្កិក ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ លោក នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបាណន់ បានអមដំណើរលោក សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបាណន់ និងក្រុមការងារ បានអញ្ជើញចុះត្រួតពិនិត្យការសាងសង់អគារសិក្សានៃសាលាបឋមសិក្សាឈើទាល និងបាយដំរាំ ស្ថិតក្នុងស្រុកបាណន់ ខេត្តបាត់ដំបង ។
លោក សន្តិបណ្ឌិត សុខ ផល បានមានប្រសាសន៍ដល់អ្នកម៉ៅការសាងសង់ឲ្យត្រួតពិនិត្យការសាងសង់ឲ្យសមស្របតាមលក្ខណៈបច្ចេកទេសឲ្យបានត្រឹមត្រូវ ជាពិសេសប្រព័ន្ធបង្ហូរទឹក និងពន្លឿនការសាងសង់ឲ្យបានឆាប់រហ័ស ដើម្បីឆាប់បានរៀបចំឲ្យសិស្សានុសិស្សឆាប់បានមានអគារថ្មីៗសម្រាប់ចូលសិក្សា ។
ជាមួយគ្នានេះដែរសម្រាប់សាលាបឋមសិក្សាបាយដំរាំ លោក បានឲ្យជួសជួលកែលម្អខ្លោងទ្វារ របង ដងទង់ជាតិ និងទីធ្លាសាលា បន្ថែមទៀត ជាពិសេសបង្គន់អនាម័យ ក្នុងនោះដែរលោក សន្តិបណ្ឌិត សុខ ផល ក៏បានប្រគល់នូថវិកាមួយចំនួនជូនដល់សាលាបឋមសិក្សាបាយដំរាំ សម្រាប់ធ្វើការសាងសង់បន្ត ៕
ដោយ : សហការី