ព័ត៌មានទាន់ហេតុការណ៍៖

លោក គឹម សន្តិភាព អញ្ជើញដឹកនាំកិច្ចប្រជុំតម្រង់ទិសលើការងារដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃអគ្គនាយកដ្ឋានកិច្ចការទោសព្រហ្មទណ្ឌ

ចែករំលែក៖

ភ្នំពេញ ៖ នាព្រឹកថ្ងៃពុធ ៩កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២២ នាសាលប្រជុំក្រសួងយុត្តិធម៌ លោក គឹម សន្តិភាព រដ្ឋលេខាធិការទទួលបន្ទុកអគ្គនាយកដ្ឋានកិច្ចការទោសព្រហ្មទណ្ឌ បានអញ្ជើញដឹកនាំកិច្ចប្រជុំតម្រង់ទិសលើការងារដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃអគ្គនាយកដ្ឋានទោសព្រហ្មទណ្ឌ ដែលទើបត្រូវបានតែងតាំងថ្មី ដោយអនុក្រឹតលេខៈ ៦៩២ អនក្រតត ចុះថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ ស្តីពីការតែងតាំងមន្ត្រីរាជការ  របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងដោយប្រកាសលេខៈ ១៥២ កយប្រក/២២ ចុះថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ ស្តីពីការតែងតាំង និងប្រគល់ភារកិច្ចមន្ត្រីរាជការ នៃអគ្គនាយកដ្ឋានកិច្ចការទោសព្រហ្មទណ្ឌ របស់ លោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ។ 

លោក គឹម សន្តិភាព បានពន្យល់ បង្ហាញពីតួនាទី និងភារកិច្ចរបស់មន្ត្រីរាជការ ស្របតាមខ្លឹមសារ និងស្មារតីនៃអនុក្រឹត្យលេខៈ១៣០ អនក្រ.បក ចុះថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងយុត្តិធម៌ របស់រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងខ្លឹមសារនៃអនុក្រឹត្យ ប្រកាស និងសេចក្តីសម្រេចផ្សេងៗទៀត ក្នុងគោលបំណង ដើម្បីធ្វើទំនើបកម្មស្ថាប័នរដ្ឋ និងការអភិវឌ្ឍប្រកបដោយបរិយាបន្ន សីលធម៌ និងយុត្តិធម៌ ដែលជាយុត្តិសាស្ត្រចតុកោណដំណាក់កាលទី៤ ក្នុងអាណត្តិទី៦ របស់រាជរដ្ឋាភិបាលកម្ពុជា ។ ទន្ទឹមនឹងនេះ លោក គឹម សន្តិភាព ក៏បានផ្តាំផ្ញើ ឱ្យមន្ត្រីទាំងអស់ត្រូវគោរពពេលវេលាធ្វើការងារ ខិតខំបំពេញភារកិច្ចដោយស្មារតីទទួលខុសត្រូវ ខិតខំបណ្ដុះបណ្តាលជំនាញរបស់ខ្លួន ព្រមទាំងជំនាញលើព័ត៌មានវិទ្យាដែលជាតម្រូវការប្រើប្រាស់ប្រចាំថ្ងៃស្រមតាមសម័យទំនើប និងជាពិសេសត្រូវពង្រឹងសាមគ្គីភាពផ្ទៃក្នុង ដោះស្រាយបញ្ហាដោយសន្តិវិធី និងត្រូវចេះអត់ឱនអធ្យាស្រ័យឱ្យគ្នាទៅវិញទៅមក ។

នៅក្នុងកិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់ លោក នាក់ សើគីរីន អនុរដ្ឋលេខាធិការទទួលបន្ទុកនាយកដ្ឋានកិច្ចការអនុវត្តទោស និងការដោះលែងដោយមានលក្ខខណ្ឌ លោក សុន ពិសិដ្ឋ អនុរដ្ឋលេខាធិការ ទទួលបន្ទុកនាយកដ្ឋានកិច្ចការអនុគ្រោះទោស លោក ជាម សត្យា ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយក នៃអគ្គនាយកដ្ឋានទោសព្រហ្មទណ្ឌ ព្រមទាំងលោក លោកស្រី ជាអគ្គនាយករង ប្រធាន អនុប្រធាន នាយកដ្ឋាន និងប្រធាន អនុប្រធានការិយាល័យ ទាំងអស់នៅក្រោមឱវាទអគ្គនាយកដ្ឋានកិច្ចការទោសព្រហ្មទណ្ឌ៕

ដោយ : សិលា


ចែករំលែក៖