នៅថ្ងៃទី៤ខែវិច្ឆិកា កូរ៉េខាងត្បូង បានប្រកាសថា កូរ៉េខាងជើងបានបាញ់កាំភ្លើងធំ ៨០ គ្រាប់ទៅកាន់តំបន់ព្រំដែនសមុទ្រនៅពេលយប់ ស្ថិតនៅភាគខាងកើតប្រទេសនេះ ។ សាជាថ្មីម្តង់ទៀត កម្លាំងទាហានកូរ៉េខាងត្បូង បានថ្កោលទោសយ៉ាងខ្លាំងដល់សកម្មភាពរបស់កូរ៉េខាងជើង ជាការបំពានកិច្ចព្រមព្រៀងកាលពីឆ្នាំ២០១៨ ក្នុងការកាត់បន្ថយភាពតានតឹង។
ដោយឡែកនៅក្នុងថ្ងៃទី២និងទី៣ខែវិច្ឆិកា កូរ៉េខាងជើងបានបាញ់មីស៊ីលប្រមាណ៣០គ្រាប់ទៅកាន់តំបន់សមុទ្រភាគខាងលិចប្រទេសនេះ ក្នុងនោះមានមីស៊ីលមួយគ្រាប់ បានធ្លាក់នៅជិតកូរ៉េខាងត្បូង ។ ក្នុងចំណោមមីស៊ីលដែលកូរ៉េខាងជើងបានសាកល្បងមាន មួយគ្រាប់ជាប្រភេទអន្តរទ្វីប ដែលកូរ៉េខាងត្បូងសន្និដ្ឋានថា ជាមីស៊ីល Hwasong-17។
ការបាញ់កាំភ្លើងធំខាងលើរបស់កូរ៉េខាងជើង កើតមានឡើងចំពេលដែលរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ឡយដ៍ អូស្ទីន និងរដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង លោក លី ជុង ស៊ុប (Lee Jong-sup) បានសន្យាថានឹងស្វែងរកចំណាត់ការថ្មីៗ ដើម្បីបង្ហាញពីការប្ដេជ្ញាចិត្ត និងសមត្ថភាពនៃសម្ព័ន្ធភាពរវាងប្រទេសទាំង២ ក្រោយកូរ៉េខាងជើងធ្វើតេស្ដមីស៊ីលជាបន្តបន្ទាប់មកនោះ។
កូរ៉េខាងជើងបានបាញ់មីស៊ីល ៣គ្រាប់កាលពីថ្ងៃព្រហស្បតិ៍ ក្នុងនោះមានមួយគ្រាប់ជាមីស៊ីលបាលិស្ទីគអន្តរទ្វីប ICBM ដែលកូរ៉េខាងត្បូងអះអាងថា បានបរាជ័យក្នុងការធ្វើតេស្ដ ហើយការធ្វើតេស្ដនេះទៀតសោតកើតឡើងបន្ទាប់ពីកូរ៉េខាងជើងបាញ់សាកល្បងមីស៊ីល ២៣គ្រាប់កាលពីថ្ងៃពុធ សប្ដាហ៍នេះ៕
ដោយ ៖ ធីរីណា(រូបថត ៖ YONHAP NEWS)