ភ្នំពេញ៖ បេីយោងតាមប្រភពព័ត៌មានពីក្រសួងពាណិជ្ជកម្ម បានឱ្យដឹងនៅព្រឹកថ្ងៃសៅរ៍ទី០៥ ខែវិច្ឆិកា ឆ្នាំ២០២២នេះថា៖ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា បានទទួលជួបជាមួយ លោក Pablo Kang ឯកអគ្គរាជទូតអូស្រ្តាលីប្រចាំកម្ពុជា និងសហការរី ដើម្បីពិភាក្សាការងារទ្វេភាគីមួយចំនួន កាលពីថ្ងៃទី៤ ខែវិច្ឆិកាម្សិលមិញនេះ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម។ ក្នុងនោះរួមមាន ការផ្លាស់ប្ដូរយោបល់លើវឌ្ឍនភាពការបញ្ចប់ការចរចាដំឡើងកម្រឹតនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-អូស្រ្តាលី-នូវែលហ្សេឡង់ (AANZFTA) និងការត្រៀមរៀបចំកិច្ចប្រជុំពិសេសថ្នាក់រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន-អូស្រ្តាលី-នូវែលហ្សេឡង់ ព្រមទាំងសកម្មភាពកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍសេដ្ឋកិច្ចក្រោមជំនួយបច្ចេកទេសរបស់អូស្រ្តាលី។
ជាកិច្ចចាប់ផ្ដើម លោករដ្ឋមន្រ្តី ប៉ាន់ សូរស័ក្ដិ បានមានមតិស្វាគមន៍យ៉ាងកក់ក្ដៅចំពោះ លោកឯកអគ្គរាជទូត និងសហការីដែលបានចំណាយពេលវេលាសម្រាប់ការរៀបចំនូវជំនួបនេះ និងបានឆ្លៀតយកឱកាសនេះថ្លែងអំណរគុណចំពោះភាគីអូស្រ្តាលីដែលបានផ្ដល់ការគាំទ្រចំពោះកម្ពុជា ជាពិសេសដល់រូប លោករដ្ឋមន្រ្តី ផ្ទាល់ក្នុងនាមជាប្រធានកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានសម្រាប់ឆ្នាំ២០២២នេះ។
ជាកិច្ចឆ្លើយតប លោកឯកអគ្គរាជទូត បានថ្លែងអំណរគុណចំពោះ លោករដ្ឋមន្រ្តី ដែលបានចំណាយពេលវេលាក្នុងការទទួលជួបទ្វេភាគីនេះ និងបានលើកឡើងកិច្ចសហការល្អរវាងប្រទេសទាំងពីរ ព្រមទាំងបានកោតសរសើអំពីភាពជោគជ័យរបស់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ ផងដែរ។
សូមជម្រាបជូនថា នៅក្នុងជំនួបនេះ ភាគីទាំងពីរបានពិភាក្សាគ្នា ក៏ដូចជាផ្លាស់ប្ដូរទស្សាទានល្អៗចំពោះវឌ្ឍនភាពនៃការចរចាដំឡើងកម្រឹតកិច្ចព្រមព្រៀង AANZFTA ដែលស្ថិតក្រោមភាពជាប្រធានអាស៊ានរបស់កម្ពុជាបានទទួលនូវវឌ្ឍនភាពគួរឱ្យកត់សម្គាល់ នឹងឈានដល់ការបញ្ចប់ជាដុំកំភួនលើការចរចាដំឡើងកម្រឹតនៃកិច្ចព្រមព្រៀងនេះ នាពេលខាងមុខ។
បន្ថែមពីនេះទៀត ភាគីទាំងពីរបានពិភាក្សាអំពីការរៀបចំនូវកិច្ចប្រជុំពិសេសថ្នាក់រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន-អូស្រ្តាលី-នូវែលហ្សេឡង់ នៅអំឡុងពេលកិច្ចប្រជុំរដ្ឋមន្រ្តីក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ានលើកទី២១ (21st AECC) នាពេលខាងមុខ នៅរាជធានីភ្នំពេញ។
នៅកិច្ចបញ្ចប់ ភាគីទាំងពីបានសម្ដែងការពេញចិត្តចំពោះវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច រវាងប្រទេសទាំងពីរ ព្រមទាំងបានសម្ដែងនូវការប្ដេជ្ញាចិត្តបន្តជំរុញឱ្យកិច្ចសហប្រតិបត្តិការល្អនេះ ឱ្យកាន់តែល្អប្រសើឡើងថែមទៀត៕
ដោយ៖សហការី