ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ៖ នៅពេលដែលពិភពលោកកំពុងជួបបញ្ហាសន្តិសុខស្បៀង កម្ពុជាមិនត្រឹមតែរួចផុតទេ តែអាចជួយផ្គត់ផ្គង់លើទីផ្សារអន្តរជាតិបានទៀត

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានមានប្រសាសន៍ថា នៅគ្រាដែលពិភពលោកំពុងជួបបញ្ហាសន្តិសុខស្បៀង កម្ពុជាមិនត្រឹមតែបានរួចផុតពីវិបត្តិនេះទេ ផ្ទុយទៅវិញកម្ពុជាថែមទាំងអាចជួយផលិតនាំទៅកាន់ទីផ្សារអន្តរជាតិបានថែមទៀតផងដែរ។

តាមរយៈសារលិខិត ក្នុងឱកាសទិវាជាតិអាហារូបត្ថម្ភ លើកទី៩(៦វិច្ឆិកា២០២២) ក្រោមវិធានបទ «ម្ហូបអាហារកាន់តែមានសុវត្ថិភាព សុខភាពកាន់តែល្អប្រសើរ» សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានបញ្ជាក់ថា« ស្ថិតនៅក្នុងបរិបទពិភពលោកកំពុងជួបបញ្ហាសន្តិសុខស្បៀង និងថាមពល កម្ពុជាមិនត្រឹមតែអាចបញ្ចៀសបាននូវវិបត្តិស្បៀងអាហារប៉ុណ្ណោះទេ ប៉ុន្តែកម្ពុជា​ថែមទំាងបានពង្រឹងប្រព័ន្ធស្បៀងតាមរយៈការដាក់ចេញវិធានការជាបន្តបន្ទាប់ ដើម្បីផលិត និងផ្គត់ផ្គង់ផលិតផលកសិកម្ម និងម្ហូបអាហារប្រកបដោយ គុណភាព និងសុវត្ថិភាពទៅកាន់ទីផ្សារ​ក្នុងតំបន់ និងពិភពលោក»។

ក្នុងសារលិខិតសម្តេចនាយករដ្ឋមន្រ្តីនៃកម្ពុជា ក៏បានបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជាមាន ការ​ប្តេជ្ញាចិត្តខ្ពស់ ដោយឈរលើកត្តាសន្តិភាព និងស្ថិរភាពនយោបាយ ដែលបង្កើតបាន​នូវបរិយាកាសមួយ ដ៏រឹងមាំសម្រាប់អភិវឌ្ឍន៍ប្រទេសជាតិលើគ្រប់វិស័យ ក្នុងនោះវិស័យសុវត្ថិភាព​ម្ហូបអាហារ សន្តិសុខស្បៀង និងអាហារូបត្ថម្ភក៏មានការរីកចំរើនគួរឲ្យកត់សម្គាល់ផងដែរ។

ជាមួយគ្នានោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីក៏បានលើកឡើងផងដែរថា ការលើកកម្ពស់​សុវត្ថិភាពម្ហូបអាហារ នឹងរួមចំណែកដល់ការទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ និងជួយ សម្រួលឱកាសធ្វើពាណិជ្ជកម្មអាជីវកម្មម្ហូបអាហារ ដែលនឹងរួមចំណែកយ៉ាងសំខាន់ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច និងសង្គមនៅកម្ពុជា ឈានឆ្ពោះទៅសម្រេចឲ្យបានគោលដៅអភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ឆ្នាំ២០៣០« ដោយមិនទុកនរណាម្នាក់ចោលនោះឡើយ»។

យ៉ាងណាក៏ដោយសម្តេចតេជោ នាយករដ្ឋមន្រ្តីតាមរយៈសារលិខិតដដែលនេះ ក៏បានអំពាវនាវ ដល់​បងប្អូនប្រជាពលរដ្ឋគ្រប់រូប គ្រប់ស្ថាប័នពាក់ព័ន្ធ អង្គការសង្គមស៊ីវិលទំាងអស់ សូមចូលរួមទាំងអស់​គ្នា ក្នុងការលើកកម្ពស់សុវត្ថិភាពម្ហូបអាហារ ដោយយកចិត្តទុកដាក់ខ្ពស់ក្នុងការផលិត កែច្នៃ រក្សាទុក និងចែកចាយផលិតផលម្ហូបអាហារ ទាំងម្ហូបអាហារស្រស់ និងឆ្អិនស្រាប់ឲ្យមានអនាម័យ​ល្អ មានសុវត្ថិភាព និងគុណភាព ស្របតាមស្តង់ដាបច្ចេកទេស និងលក្ខខណ្ឌតម្រូវស្តីពីអនាម័យ និងសុវត្ថិភាពម្ហូបអាហារ៕

ដោយ៖ សូរិយា


ចែករំលែក៖