ភ្នំពេញ ៖ នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២២នេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នើសុំការអធ្យាស្រ័យពី ភរិយាប្រមុខរដ្ឋ/រដ្ឋាភិបាលនានា ដែលនឹងអញ្ជើញមកកម្ពុជា ក្នុងឱកាសកិច្ចប្រជុំកំពូលអាស៊ានខាងមុខ ដែលសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មិនអាចចេញទទួលបាន ដោយសារបញ្ហាសុខភាព។
តាមរយៈបណ្តាញសង្គមហ្វេសប៊ុក សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «ពិតជាមានការងឿងឆ្ងល់ច្រើនអំពីការអវត្តមានភរិយាខ្ញុំ ក្នុងពិធីធំៗរយៈពេលកន្លងមក និងការប្រជុំអាស៊ាន នាពេលខាងមុខ។ ភរិយាខ្ញុំមានបញ្ហាសុខភាពទាក់ទងដល់ឆ្អឹងខ្នង ដែលគ្រូពេទ្យតម្រូវឲ្យគាត់មិនអាចអង្គុយយូរបាន»។
តាមការបញ្ជាក់បន្ថែមរបស់សម្តេចតេជោបន្ថែមថា «ខ្ញុំសូមការអធ្យាស្រ័យពីលោកជំទាវភរិយាប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលនៃប្រទេសនានា ដែលនឹងអញ្ជើញមកកម្ពុជានាប៉ុន្មានថ្ងៃខាងមុខដែលភរិយាខ្ញុំមិនអាចចេញទទួលបានដោយសារស្ថិតក្នុងរយៈពេលនៃការព្យាបាល»។
សូមបញ្ជាក់ថា បើតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេស, កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ លើកទី៤១ កិច្ចប្រជុំកំពូលពាក់ព័ន្ធក្នុងក្របខ័ណ្ឌអាស៊ាន និងកិច្ចសន្ទនាអាស៊ានជាសាកលលើកទី២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នឹងធ្វើឡើងនៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១០ ដល់ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២។
មេដឹកនាំប្រទេសជាសមាជិកអាស៊ាន និងប្រទេសដៃគូអាស៊ាននានា រួមទាំងភរិយារបស់ពួកគេ ត្រូវបានរំពឹងថា នឹងមកកាន់ប្រទេសកម្ពុជាជាមួយស្វាមី នៅក្នុងឱកាសកិច្ចប្រជុំកំពូលខាងមុខនេះ៕
ដោយ៖ សូរិយា