ខេត្តកណ្ដាល៖ ស្ត្រីម្នាក់បានស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័ម ខណៈដែលជិះម៉ូតូជាមួយប្តីទៅធ្វេីការពេលមេឃកំពុងភ្លៀងបណ្ដាលឱ្យរអិលដួលចូលក្រោមរថយន្តធ្វើឱ្យរថយន្តកិនស្លាប់យ៉ាងអាណោចអាធ័ម រីឯបុរសជាប្តីរងរបួសស្រាល។ ករណីនេះបានកេីតឡេីងកាលពីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង១៨និង១០នាទី លើផ្លូវជាតិលេខ១ត្រង់ចន្លោះគីឡូម៉ែត្រ៥៧-៥៨ ភូមិ អំពិលទឹក ឃុំកំពង់ភ្នំ ស្រុកលើកដែកខេត្តកណ្តាល។
មន្ត្រីនគរបាលស្រុកលេីកដែកបានឱ្យដឹងថា ជនរងគ្រោះស្លាប់ឈ្មោះ ទូច រី ភេទស្រី អាយុ២៧ឆ្នាំ ជនជាតិខ្មែរ រីឯជនរងគ្រោះជាប្តីរបួសស្រាលឈ្មោះ ភឿន វាសនា អាយ១៩ឆ្នាំំ ជនរងគ្រោះទាំង២នាក់ មានទីលំនៅភូមិស្តៅកោង ឃុំស្តៅកោង ស្រុកបាភ្នំ ខេត្តព្រៃវែង ។ ដោយឡែកភាគីខាងរថយន្តម៉ាកMitsubiShi Fuso ពណ៌ខៀវ ពាក់ផ្លាកលេខ ភ្នំពេញ3B-7525 បើកបរដោយឈ្មោះខាត់ សុភាព ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិបឹងដោល ឃុំបឹងដោល ស្រុកព្រះស្តេច ខេត្តព្រៃវែ។
ប្រភពដដែលបន្តថា នៅថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុខាងលើ មានម៉ូតូ០១គ្រឿង ម៉ាកហុងដាឌ្រីមC125 ពណ៌ខ្មៅ ពាក់ផ្លាកលេខព្រៃវែង1H-7353 បើកបរដោយឈ្មោះ ភឿន វាសនាចេញដំណើរពីភ្នំពេញទៅព្រៃវែងដោយបើកក្នុងគន្លងខាងស្តាំ(ផ្លូវម៉ូតូ)។ ពេលបើកមកដល់កន្លែងកើតហេតុខាងលើមេឃកំពុងភ្លៀងស្រាប់តែរអិលច្រាំងគន្លងផ្លូវ( ផ្លូវខ្ពស់ទាប)ដួលខ្ទាតចូលទៅគន្លងផ្លូវខាងរថយន្តដែលមានទិសដៅស្របគ្នាបើកពីក្រោយក៏ជាន់ហ្រ្វ័ងមិនទាន់ បណ្តាលឱ្យរថយន្តកិនស្លាប់ឈ្មោះ ទូច រី នៅកន្លែងកើតហេតុតែម្តង។ចំពោះរថយន្តបើកគេចពីកន្លែងកើតហេតុបានប្រហែល៧០០ម៉ែត្រត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនយកមកអធិការដ្ឋានស្រុកលើកដែក។
ចំពោះសាកសព សមត្ថកិច្ចបានប្រគល់ឱ្យគ្រួសារមកយកទៅធ្វើបុណ្យតាមប្រពៃណីជាតិ។ រីឯមធ្យោបាយពាក់ព័ន្ធមានរថយន្ត០១គ្រឿងនិងម៉ូតូ០១គ្រឿងត្រូវបានកម្លាំងចរាចរណ៍ស្រុកយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកលើកដែកជាភស្តុតាង ដើម្បីអនុវត្តទៅតាមនីតិវិធី។
សន្និដ្ឋាន ករណីនេះបណ្តាលមកពីអ្នកបើកបរម៉ូតូពាក់ផ្លាកលេខស្វាយរៀង 1H-7353 មានការធ្វេសប្រហែសបើកបរក្នុងល្បឿនលឿនក្នុងស្ថានភាពមេឃកំពុងភ្លៀងរអិល។ ចំណែកអ្នកបើកបររថយន្តMitsuBishiFusoមិនអាចជាន់ហ្រ្វ័ងទាន់ក្នុងស្ថានភាពបែបនេះទើបបណ្តាលឱ្យមានគ្រោះថ្នាក់កើតឡើង៕
ដោយ៖ស្អាងជ័យ