ខេត្តបន្ទាយមានជ័យ៖ បេីយោងតាមប្រភពព័ត៌មានពីរបាយការណ៍របស់អគ្គស្នងការដ្ឋានគរបាលជាតិនៅព្រឹកថ្ងៃអង្គារទី០៨ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានឱ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ៣គ្រឿងបុកបន្តគ្នា បណ្តាលឱ្យមនុស្សស្លាប់ចំនួន២នាក់ របួសធ្ងន់ស្រាលចំនួន៣នាក់នៅក្រុងប៉ោយប៉ែត។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលេីនេះបានកេីតឡេីងនៅយប់ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២២ លើផ្លូវជាតិលេខ៥៩ ត្រង់ចំណុចចន្លោះបង្គោលគីឡូម៉ែត្រលេខ៧-៨ ភូមិរស្មីសាមគ្គី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
នគរបាលក្រុងប៉ោយប៉ែតបានបញ្ជាក់ថា៖ នៅមុនពេលកើតហេតុមានម៉ូតូហុងដាឌ្រីម០១គ្រឿងបើកបរពីកើតទៅលិច បានបុកម៉ូតូអុិចសិនទ័រដែលបើកបរពីលិចទៅកើតច្រាសទិសគ្នាបណ្តាលឱ្យដួលមានគ្រោះថ្នាក់។ បន្ទាប់មកមានម៉ូតូម៉ាកហុងដាវេ៉វ០១គ្រឿងបើកបរពីកើតទៅលិចបានមកបុកបន្តគ្នា ។
តាមរបាយការណ៍របស់កម្លាំងនគរបាលក្រុងប៉ោយប៉ែតបានបញ្ជាក់ថា៖ ក្នុងហេតុការណ៍នេះម៉ូតូហុងដាឌ្រីមជិះគ្នា ០២នាក់ស្លាប់ទាំង០២នាក់ មាន ៖ ១-ឈ្មោះ ហាក់ ជីចា ភេទស្រី អាយុ១៤ឆ្នាំ មុខរបរសិស្ស រស់នៅភូមិសូរិយា សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ (ស្លាប់នៅកន្លែងកើតហេតុ) ។ ២-ឈ្មោះ ផៅ ឃឹម ភេទស្រី អាយុ១៥ឆ្នាំ មុខរបរសិស្ស រស់នៅភូមិអន្លង់ស្វាយ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ (ស្លាប់នៅកន្លែងកើតហេតុ) ។ ម៉ូតូអុិចសិនទ័រជិះគ្នា ០២នាក់ រងរបួសធ្ងន់ទាំង០២នាក់ ៖ ១-ឈ្មោះ ដែន ភេទប្រុស អាយុ២២ឆ្នាំ មុខរបរកម្មករ រស់នៅភូមិអូរអំពិល សង្កាត់ទួលពង្រ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ ២-ឈ្មោះ តិក ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរកម្មករ រស់នៅភូមិអូរអំពិល សង្កាត់អន្លង់ស្វាយ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ អ្នកទាំង០២ត្រូវបានរថយន្តសង្គ្រោះដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យ ។ ចំណែកខាងម៉ូតូវេ៉វរបួសស្រាល០១នាក់ ឈ្មោះ ឃុន នី ភេទប្រុស អាយុ២២ឆ្នាំ មុខរបរកម្មករ រស់នៅភូមិអូរអំពិល សង្កាត់ទួលពង្រ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ (រងរបួសស្រាល )ត្រូវបានសាច់ញាតិដឹកយកទៅមន្ទីរពេទ្យ ។
គួរបញ្ជាក់ថា៖ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះគេនៅមិនទាន់ដឹងពីមូលហេតុនោះទេ គឺស្ថិតក្នុងការស្រាវជ្រាវ ។ ចំពោះវត្ថុតាងម៉ូតូខូចធ្ងន់០២គ្រឿង ម៉ាកហុងដាឌ្រីម និងម៉ូតូអុិចសិនទ័រ ខូចស្រាល០១គ្រឿងនិងម៉ាកវ៉េវ យកមករក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត រង់ចាំធ្វើការស្រាវជ្រាវពីមូលហេតុ និងដោះសា្រយនៅពេលក្រោយ ៕
ដោយ៖សហការី