ព័ត៌មានទាន់ហេតុការណ៍៖

លោក សាយ សំអាល់ ៖ សន្តិភាពនិងកំណើនសេដ្ឋកិច្ច២ទស្សវត្សចុងក្រោយ អាចឱ្យកម្ពុជាបើកទំព័រថ្មីក្នុងនាមជារដ្ឋអធិបតេយ្យ

ចែករំលែក៖

អេហ្សុីប ៖ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ថ្លែងថា ដោយសារសុខសន្តិភាព ស្ថិរភាពនយោបាយ និងកំណើនសេដ្ឋកិច្ច ២ទស្សវត្ស ចុងក្រោយ កម្ពុជាបានប្រែក្លាយពីប្រទេសចំណូលទាប ទៅជាប្រទេសចំណូលមធ្យមកម្រិតទាប និងកំពុងវិវឌ្ឍទៅជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ ដែលប្រការនេះបានផ្តល់ឱកាសឲ្យកម្ពុជាបើកទំព័រថ្មីក្នុងនាមជារដ្ឋអធិបតេយ្យ ជាសមាជិកពេញមុខពេញមាត់នៃ​សហគមន៍ប្រជាជាតិ ក្នុងការចូលរួមទប់ស្កាត់វិបត្តិសកលនានា។

ថ្លែងក្នុងសន្និសីទកំពូលលើកទី២៧ នៃបណ្តាភាគីអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុកាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ ទីក្រុង Sharm el-Sheikh សាធារណរដ្ឋអារ៉ាប់អេហ្ស៊ីប លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានកម្ពុជា បានមានប្រសាសន៍បន្តថា ស្របពេលជាមួយគ្នានេះ ការប្រែប្រួលអាកាសធាតុកំពុងញាំញីដល់ដំណើរការអភិវឌ្ឍន៍ដោយបានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ទ្រព្យសម្បត្តិ និងជីវិតមនុស្សសត្វ។

ជាការឆ្លើយតបកម្ពុជាបានធ្វើបដិភាគថវិកាប្រមាណ២,៣% នៃផលិតផលក្នុងស្រុកសុរប(GDP) សម្រាប់សកម្មភាពប្រែប្រួលអាកាសធាតុ បង្កើនការប្រើប្រាស់ថាមពលកកើតឡើងវិញ ការពារព្រៃឈើ និងរៀបចំលិខិតបទដ្ឋានគតិយុត្ត គោលនយោបាយ ផែនការនានាជាអាទិ៍ យុទ្ធសាស្រ្តអភិវឌ្ឍន៍រយៈពេលវែងប្រកបដោយអព្យាក្រឹតកាបូន និងរបាយការណ៍បច្ចុប្បន្នភាពការចូលរួមចំណែករបស់ជាតិ ដើម្បីអនុវត្តអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ ដែលនឹងរួមចំណែកគាំទ្រការអភិវឌ្ឍប្រកបដោយចីរភាព បើទោះជាមានការប្រែប្រួលអាកាសធាតុក្តី។

លោក សាយ សំអាល់ បានអំពាវនាវឲ្យប្រទេសបញ្ចេញឧស្ម័នផ្ទះកញ្ចក់ខ្ពស់ ឲ្យបង្ហាញភាពជាអ្នកដឹកនាំ និងទទូលខុសត្រូវខ្ពស់ ដោយបង្កើនមហិច្ឆតាកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ និងបង្កើនវិធានការបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ ជាពិសេសការប្តេជ្ញាចិត្តផ្តល់ថវិកា ១០០ពាន់លានដុល្លារអាមេរិក ដូចដែលបានសន្យាឲ្យបានលឿននិងជាក់ស្តែង និងពន្លឿនការផ្ទេរបច្ចេកវិទ្យាដល់ប្រទេសកំពុងអភិវឌ្ឍន៍ ដើម្បីដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ។

ជាមួយគ្នានេះដែរ ក្នុងនាមជាប្រធានអាស៊ានប្តូរវន កម្ពុជាបានផ្តួចផ្តើមកិច្ចព្រមព្រៀងបៃតង (ASEAN Green Deal) ដែលជាគំនិតផ្តួចផ្តើមប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ដើម្បីតម្រង់ទិសអាស៊ានឲ្យស្ថិតនៅលើមាគ៌ាអភិវឌ្ឍន៍បៃតង និងដោយចីរភាព៕

ដោយ៖ សូរិយា


ចែករំលែក៖