ព័ត៌មានទាន់ហេតុការណ៍៖

ឆេះឃ្លាំងលក់សម្ភារសំណង់មួយកន្លែងទាំងព្រឹកនៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ មានអគ្គិភ័យមួយបានកើតឡើងនៅឃ្លាំងលក់សម្ភារសំណង់មួយកន្លែងទាំងព្រលឹមស្រាងៗបណ្តាលឱ្យខូចខាតស្ទើរតែទាំងស្រុងដោយសារឆ្លងចរន្តអគ្គិសនី។

    ករណីគ្រោះអគ្គិភ័យឆេះឃ្លាំងលក់គ្រឿងសំណង់ខាងលើកើតឡើងនៅវេលាម៉ោង៤និង២០នាទី ទៀបភ្លឺឈានចូលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ត្រង់ចំណុចភូមិដែកភ្លើង ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

    លោកវរសេនីយ៍ត្រី វិន ឡេងហួង មេបញ្ជាការកងរាជអាវុធហត្ថស្រុកសំរោងទងបានឱ្យដឹងថា អគ្គិភ័យបានឆាបឆេះឃ្លាំងលក់គ្រឿងសំណង់មួយកន្លែងរបស់ឈ្មោះ សន វីគ្រែន ភេទប្រុស អាយុ៣៤ឆ្នាំ និងប្រពន្ធឈ្មោះ សន លក្ខិណា អាយុ៣១ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុ ដែលមានទំហំ១៥ម៉ែត្រគុណនឹង៣០ម៉ែត្រ ជញ្ជាំងថ្ម ដំបូលប្រក់ស័ង្កសី ខូចខាតសម្ភារសំណង់មួយចំនួនធំ ប៉ុន្តែមិនបណ្ដាលឱ្យរងគ្រោះដល់មនុស្សឡើយ។

    ក្រោយពេលកើតមានអគ្គិភ័យឆេះឃ្លាំងលក់គ្រឿងសំណង់នោះ រថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកសំរោងទង និងស្នងការដ្ឋាននគរបាលខេត្តបានចេញប្រតិបត្តិការជួយបាញ់ទឹកពន្លត់ផងដែរ។

    ចំពោះមូលហេតុសមត្ថកិច្ចសន្និដ្ឋានជំហានដំបូងថា អាចបណ្តាលមកពីឆ្លងចរន្តអគ្គិសនីហើយទំហំនៃការខូចខាតមិនទាន់អាចវាយតម្លៃបាននៅឡើយទេ៕

ដោយ៖ សូរិយា


ចែករំលែក៖