ភ្នំពេញ៖ សាររំលែកទុក្ខត្រូវបានចែកចាយព្រោងព្រាតពេញបណ្តាញសង្គមនាព្រឹកនេះបន្ទាប់ពីគេទទួលបានដំណឹងដ៏រន្ធត់និងក្រៀមក្រំថា តារាកំប្លែង ខាត់ ចំរើន បានទទួលមរណភាពហើយ។ ដំណឹងមរណភាពនេះគឺមិនបាន២៤ម៉ោងផងទេក្រោយពីមុននេះអ្នកនាង ខាត់ សុឃីមបានប្រកាសអំពីការស្វែងរកការផ្តល់ឈាមដើម្បីជួយសង្គ្រោះប្អូនប្រុសដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យកាល់ម៉ែតរហូតដល់ថ្នាក់សន្លប់បាត់ស្មារតី។
នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ ២០២២នេះគេបានឃើញតារាពហុជំនាញអ្នកនាងខាត់ សុឃីមបានប្រកាសអំពីការទទួលមរណភាពរបស់ប្អូនប្រុសកម្សត់ទៅវិញ។ លោកខាត់ ចំរើន ជាកូនទី២ក្នុងចំណោមបងប្អូន៩នាក់ លោកកើតនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ១៩៨២ និងបានទទួលមរណភាពកាលពីវេលាម៉ោង៥ព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ។ បច្ចុប្បន្នសពរបស់តារាកំប្លែងរូបនេះត្រូវបានតម្កល់រៀបចំធ្វើបុណ្យតាមប្រពៃណីទំនៀមទម្លាប់នៅបុរីពន្លឺថ្មី ផ្សារត្រពាំងព្រាយ សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ ជិតភ្នំប្រសិទ្ធិ៍ដែលជាទឹកដីកំណើត។ អ្នកនាងខាត់ សុឃីម ជាបងស្រីបានបញ្ចេញសារដ៏កម្សត់មួយលើបណ្តាញសង្គមហ្វេសប៊ុក ដោយអ្នកនាងសូមឱ្យវិញ្ញាណក្ខន្ធប្អូនប្រុសទៅកាន់ឋានសុខ កើតជាតិក្រោយសូមឱ្យអាយុវែង ហើយសម្រាប់ប្រពន្ធកូនរបស់ខាត់ ចំរើននាងសន្យាថានឹងជួយមើលថែឱ្យកូនៗរៀនសូត្របានចប់ចុងចប់ដើម។ «ពុកអើយ អាចំរើនវាទៅមើលថែពុកហើយ»។ សារនេះកាន់តែធ្វើឱ្យមហាជនមានអារម្មណ៍ក្តុកក្តួល ព្រោះក្រោយពីលោកឪពុកបានទទួលមរណភាពដោយមិនបានលាសូម្បីមួយម៉ាត់បានត្រឹមតែរយៈពេល២ឆ្នាំប៉ុណ្ណោះ ប្អូនប្រុសក៏ទទួលមរណភាពនៅពេលនេះបន្តទៀត។
ទស្សនិកជននៅតែចងចាំស្នាដៃសិល្បៈ និងការចូលរួមចំណែកដ៏សំខាន់របស់តារាកំប្លែងរូបនេះក្នុងវិស័យសិល្បៈខ្មែរ៕
ដោយ ៖ វឌ្ឍនា