ព័ត៌មានទាន់ហេតុការណ៍៖

រឿងចម្លែក! ការចាក់ដីចូលសមុទ្រនៅស្រុកស្រែអំបិល ខេត្តកោះកុង បែរជាអភិបាលរងស្រុករាយការណ៍ប្រាប់អភិបាលខេត្ត ថាជាប្រភេទដីស្រែពង្រោះ ជាប់នឹងដីភូមិរបស់ប្រជាពលរដ្ឋទៅវិញ ?

ចែករំលែក៖

ខេត្តកោះកុង ៖ ទោះមានការផ្សព្វផ្សាយជាបន្តបន្ទាប់ថា,  ប្រជាពលរដ្ឋបានសម្តែងការហួសចិត្ត ចំពោះករណីបុគ្គលពីភ្នំពេញ ទៅកាប់ព្រៃកោងកាង ចាក់ដីចូលសមុទ្រ និងសង់សំណង់ចូលសមុទ្រ នៅស្រុកស្រែអំបិល ខេត្តកោះកុង ហើយដាក់ជាសំណួរ ថាតើអាជ្ញាធរដឹងឮ និងមានច្បាប់ដែរទេ? បែរជាអភិបាលរងស្រុកស្រែអំបិល រាយការណ៍ជូនលោកស្រីអភិបាល នៃគណៈអភិបាលខេត្តកោះកុង វិញយ៉ាងធូរ ហើយទំនងមែនទែន ថា, មិនមែនចាក់ដីចូលសមុទ្រទេ គឺជាប្រភេទដីស្រែពង្រោះ ជាប់នឹងដីភូមិរបស់ប្រជាពលរដ្ឋដែលម្ចាស់ដីបានទិញនិងកាន់កាប់ ហើយពុំ មានការចាក់បំពេញអាចម៍ដីចូលដីព្រែកនោះទេ, ចំណុចនេះប្រជាពលរដ្ឋក៏ឆ្ងល់ ហេតុអីអភិបាលរងស្រុក ធ្វើរបាយការណ៍អត់បើកភ្នែកមើល? 

សូមបញ្ជាក់ថា, បន្ទាប់ពីការផ្សាយជាច្រើនតាមរយៈគេហទំព័រ សារព័ត៌មាន បណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក  តាមការឱ្យដឹងគឺ លោកស្រីអភិបាល នៃគណៈអភិបាលខេត្តកោះកុង បានឱ្យស្រុកធ្វើរបាយកាណ៍ករណីកាប់ព្រៃកោងកាង ចាក់ដីចូលសមុទ្រ សង់សំណង់ចូលសមុទ្រ នៅខេត្តកោះកុងនេះ។ បន្ទាប់មកក៏លេចចេញឯកសារចំនួន២ ដែលអានហើយគួរឱ្យចង់សើចនិងហួសចិត្ត។ ការហួសចិត្តនៅត្រង់ថា អភិបាលខេត្តសួរពីរឿងសមុទ្រ ឯគណៈអភិបាលស្រុក ធ្វើរបាយការណ៍និយាយពីរឿងព្រែក និងស្រែពង្រោះឯណានោះឆ្កុយ ! 

ចំណែកឯក្រុមអ្នកកាប់ព្រៃកោងកាង ចាក់ដីចូលសមុទ្រ សង់សំណង់ចូលសមុទ្រវិញ ចេញលិខិតមួយដោយប្រើប្រាស់ឈ្មោះសហគមន៍ និងពឹងមេធាវីឱ្យវាយត្រាលើឯកសារ ក្នុងបំណងចង់ប្រាប់គេថា ឯកសារខ្លួនមានតម្លៃគតិយុត្តិ។ បើធ្វើអ៊ីចឹងបាន ចាំបាច់មានរដ្ឋាភិបាល ក្រសួង រដ្ឋបាលខេត្ត មន្ទីរ ដែលជាអង្គការនីតិបញ្ញត្តិ និងជាអជ្ញាធរ? ឱ្យមេធាវី ត្រួតសមត្ថកិច្ចតែម្តងទៅ ? 

រឿងចាក់ដីចូលសមុទ្រនេះ បន្ទាប់ពីអ្នកចាក់ប្រើប្រាស់ឈ្មោះសហគមន៍ និងពឹងមេធាវីឱ្យវាយត្រាលើឯកសារ , ទើបមានលិខិតធ្វើរបាយការណ៍ពីអភិបាលស្រុកស្រែអំបិល ជម្រាបជូនលោកស្រី អភិបាល នៃគណៈអភិបាលខេត្ត កោះកុង មួយដែរ តែឆ្លើយយករួចខ្លួន ទាំងអត់បើកភ្នែកមើល ដែលប្រជាពលរដ្ឋស្រុកស្រែអំបិល លើកឡើងថា, អភិបាលស្រុកធុនៗនេះ ទិកក៏មិនចំណេញ ដកចេញក៏មិនខាត ខណៈសម័យយកច្បាប់ជាធំហើយ បែជាមកប្រើទម្លាប់ធ្វើរបាយការណ៍ ហៃអើៗទៅវិញ ! 

អង្គភាពមជ្ឈមណ្ឌលសារព័ត៌មាន”នគរវត្ត” សូមអោយបងប្អូនប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរថ្នាក់លើ ជំនាញ មេត្តាសិក្សាពីរបាយការណ៍អភិបាលស្រុកស្រែអំបិល រាយការណ៍ជូន លោកស្រី អភិបាល នៃគណៈអភិបាលខេត្តកោះកុង រឿងចាក់ដីចូលសមុទ្រទាំងថា, តើចាក់ចូលសមុទ្រ ឬចាក់ចូលដីជាប្រភេទដីស្រែពង្រោះ ? 

សូមគោរពជូន

លោកស្រី អភិបាលនៃគណៈអភិបាលខេត្តកោះកុង

កម្មវត្ថុ ៖ របាយការណ៍បឋមស្ដីពីករណីចាក់ដីចូលសមុទ្រ កាប់ព្រៃកោងកាង ដែលសាព័ត៌មាន TOP NEWS បានចុះផ្សាយស្ថិតនៅភូមិខ្សាច់ក្រហម ឃុំជីខក្រោម ស្រុកស្រែអំបិល ខេត្តកោះកុង។

 -កំណត់ហេតុចុះថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ របស់ក្រុមការងារមន្ទីរកសិម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកោះកុង

 -យោងសហការជាមួយមន្ត្រីជំនាញរដ្ឋបាលស្រុក។ តបតាមកម្មវត្ថុនិងយោងខាងលើ ខ្ញុំសូមគោរពរាយការណ៍ជូន លោកស្រីអភិបាលខេត្ត មេត្តាជ្រាបថា ពាក់ព័ន្ធ នឹងករណីសារព័ត៌មាន TOP NEWS បានចុះផ្សាយថា មានការកាប់ព្រៃកោងកាង ចាក់ដីចូលសមុទ្រ ស្ថិតនៅភូមិខ្សាច់ ក្រហម ឃុំជីខក្រោម ស្រុកស្រែអំបិល ខេត្តកោះកុង ហើយកន្លងមករដ្ឋបាលស្រុកបានចាត់មន្ត្រីជំនាញចូលរួមសហការ ជាមួយក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង បានចុះពិនិត្យទីតាំងខាងឃើញដូចខាងក្រោម ៖

-ជាប្រភេទដីស្រែពង្រោះ ជាប់នឹងដីភូមិរបស់ប្រជាពលរដ្ឋដែលម្ចាស់ដីបានទិញនិងកាន់កាប់ ហើយពុំ មានការចាក់បំពេញអាចម៍ដីចូលដីព្រែកនោះទេ

-មានការរៀបចំជាហេដ្ឋារចនាសម្ព័ន្ធ ប៉ុន្តែការៀបចំហេដ្ឋារចនាសម្ព័ន្ធនេះ គឺស្ថិតនៅក្នុងដីចំណីព្រែក ដែលគ្រប់គ្រងដោយរដ្ឋបាលជលផល និងមានលិខិតអនុញ្ញាតឲ្យធ្វើ វារីវប្បកម្ម វារីរុក្ខជាតិ វារីសត្វ ដូច ជាការចិញ្ចឹមបង្គា ក្តាម និងផលិតកូនត្រី ក្នុងទំហំដី ៦០ ៨០០ ម៉ែត្រការ៉េ ដែលចេញដោយរដ្ឋបាល ជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

– ការៀបចំហេដ្ឋារចនាសម្ព័ន្ធនៅក្នុងដីចំណីព្រែកដែលគ្រប់គ្រងដោយរដ្ឋបាលជលផលនេះ គឺមានគាំទ្រ និងអនុញ្ញាតពីសហគមន៍នេសាទជីខក្រោម និងតំបន់ឆ្នេរសមុទ្រកោះខ្យង ដីទំហំ ៦០ ៨០០ ម៉ែត្រការ៉េ ស្ថិតតំបន់កាត់ឆ្កៀលអនុក្រឹតលេខ៣០ អ ន ប ក ចុះថ្ងៃទី០២ ខែមីនា  ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាល។

ចំពោះករណីដែលសារព័ត៌មាន TOP NEWS បានចុះផ្សាយ ថាមានការកាប់ព្រៃកោងកាង និងចាក់ដីចូលស មុទ្រ នោះតាមការបញ្ជាក់របស់មន្ត្រីជំនាញដែលបានចូលរួមពិនិត្យជាក់ស្តែង គឺមិនមានការកាប់ព្រៃកោងកាង និងចាក់ ដីចូលសមុទ្រនោះទេ ។

អាស្រ័យហេតុនេះ សូម លោកស្រីអភិបាលខេត្ត មេត្តាជ្រាប ជារបាយការណ៍។ សូម លោកស្រី មេត្តាទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់អំពីខ្ញុំបាទ។

បញ្ហានេះតើ លោកស្រីអភិបាល នៃគណៈអភិបាលខេត្តកោះកុង យល់យ៉ាងណា បើប្រជាពលរដ្ឋមើលឃើញ គ្រប់គ្នា ចៅហ្វាយស្រុកធ្វើរបាយការណ៍ផ្សេងឆ្លើយទៅវិញ? លោកបើកភ្នែកមើលផង មិនមែនជាប្រភេទដីស្រែ ពង្រោះទេ គឺចាក់ដីចូលសមុទ្រ និងសាងសង់ជាសំណង់រឹងមាំតែម្តង ។ អ្វីដែលកាន់តែយ៉ាប់ មិនដឹងថា, សារព័ត៌មានអីបានសរសេរផង បែជាថា, សារព័ត៌មាន (TOP NEWS) ,ហុឹសអភិបាលស្រុកប្រភេទនេះ មិនដឹងមានចំណេះដឹងកម្រិតណាទេ ! ៕

ដោយ ៖ មជ្ឈមណ្ឌលសារព័ត៌មាន”នគរវត្ត”


ចែករំលែក៖