ព័ត៌មានទាន់ហេតុការណ៍៖

ម្ចាស់ផ្ទះកាតាជាក្រុមដំបូងគេដែលធ្លាក់ក្នុងវគ្គជម្រុះតាមពូលនៅ World Cup ឆ្នាំនេះ ខណៈហុល្លង់បានត្រឹមស្មើ

ចែករំលែក៖

អ្នកចាត់ការលោក Felix Sanchez និយាយថា ម្ចាស់ផ្ទះកាតាមិនគួរត្រូវបានគេហៅថា បរាជ័យ និងការខកចិត្តនោះទេ បន្ទាប់ពីត្រូវបានបរាជ័យ២ប្រកួតជាប់គ្នាក្នុងជម្រុះក្នុងពូលនៃព្រឹត្តិការណ៍ World Cup ។ ក្រុមនៅតំបន់មជ្ឈិមបូព៌ាមួយនេះបានប្រយុទ្ធយ៉ាងក្លាហាន មុនពេលចាញ់សេណេហ្គាល់ និងជាការបរាជ័យជាលើកទីពីរជាប់ៗគ្នា ហើយក្រោយមកបានក្លាយជាប្រទេសដំបូងគេដែលធ្លាក់ចេញពីការប្រកួតបន្ទាប់ពីហុល្លង់បានស្មើ ១-១ ទល់នឹងអេក្វាឌ័រ ។

កីឡាករ Boulaye Dia បានស៊ុតបាល់នាំមុខនៅនាទីទី៤១ ទម្លាយភាពជាប់គាំងមុនចប់តង់ទី១។ ការវាយបកវិញក្នុងវគ្គទីពីរបានបន្តក្តីសង្ឃឹមរបស់សេណេហ្គាល់ពេលដែលអតីតខ្សែប្រយុទ្ធរបស់ Bristol City កីឡាករ Famara Diedhiou រកបានគ្រាប់ទី២នៅនាទីទី៤៨។

កាតាក៏ស្វែងរកគ្រាប់បាល់តាមពីក្រោយ១គ្រាប់ដែរ ដែលរកបានដោយកីឡាករ Mohammed Muntari នៅនាទីទី៧៨ ប៉ុន្តែ Bamba Dieng បានស៊ុតបញ្ចូលទី១គ្រាប់ទៀតដែលជាគ្រាប់ទី៣របស់សេណេហ្គាល់ធ្វើឱ្យក្រុមកាតានៅបាតតារាងនៃពូល A ដោយគ្មានពិន្ទុបន្ទាប់ពីលេង២ប្រកួត។

លោក Sanchez គ្រូ​បង្វឹក​សញ្ជាតិ​កាតា​បាន​និយាយ​ថា “គោល​ដៅ​របស់​យើង​គឺ​ការ​ប្រកួត​ប្រជែង យើង​បាន​ធ្វើ​ការ​អស់​ជា​ច្រើន​ខែ​មក​ហើយ ដើម្បី​អាច​បញ្ចេញ​លទ្ធផល​បាន​ល្អ។ ប៉ុន្តែ​ពេល​ខ្លះ​ការ​ប្រកួត​មិន​បាន​លេង​ចេញ​ដូច​ដែល​អ្នក​រំពឹង​ទុក វា​ក៏​អាស្រ័យ​លើ​ការ​អនុវត្ត​របស់​គូប្រកួត​ដែរ យើង​មិន​បាន​លេង​នៅ​កម្រិត​កំពូល​របស់​យើង​ទេ។ យើងដឹងថាការប្រកួតប្រជែងនេះស្វិតស្វាញប៉ុណ្ណា។ យើងចង់ទៅឆ្ងាយ ប៉ុន្តែយើងដឹងថាយើងមានដែនកំណត់ក្នុងនាមប្រទេសមួយ”។

កាតាបានបង្កើតប្រវត្តិសាស្ត្រដោយក្លាយជាប្រទេសដំបូងគេពីតំបន់នេះដែលធ្វើម្ចាស់ផ្ទះ World Cup ហើយឥឡូវនេះមានកំណត់ត្រាដែលមិនចង់បានក្នុងការក្លាយជាក្រុមម្ចាស់ផ្ទះទី២ដែលបានធ្លាក់ចេញពីការប្រកួតនៅវគ្គចែកពូលបន្ទាប់ពីអាហ្វ្រិកខាងត្បូងកាលពីឆ្នាំ២០១០។

ចំណែកមួយគូទៀតក្នុងពូល A ដែរគឺជម្រើសជាតិហុល្លង់បានត្រឹមស្មើ ១ទល់១ជាមួយអេក្វាឌ័រក្នុងការប្រកួតកាលពីរាត្រីថ្ងៃទី២៥ វិច្ឆិកានោះដែរ។កីឡាករ Enner Valencia បានស៊ុតបញ្ចូលទីគ្រាប់ទី៣របស់គាត់ក្នុងការប្រកួត World Cup មុនពេលត្រូវបានប្តូរចេញ ខណៈដែលអេក្វាឌ័របានស្មើជាមួយហុល្លង់ដើម្បីប្រជែងគ្នាក្នុងពូល A យ៉ាងស្វិតស្វាញ។

ខ្សែប្រយុទ្ធរបស់ក្រុម PSV Eindhoven កីឡាករ Cody Gakpo បានជួយឱ្យហុល្លង់នាំមុខមុន ត្រឹមតែ៥នាទីនិង៤វិនាទីចាប់ផ្តើមប្រកួត ដែលជាគ្រាប់បាល់លឿនបំផុតមកដល់ពេលនេះនៅក្នុងប្រទេសកាតា នៅពេលដែលគាត់បានស៊ុតបញ្ចូលទីយ៉ាងស្អាតទៅលើកំពូលតារាង។ប៉ុន្តែហុល្លង់​បាន​ព្យាយាម​បន្ត​ការ​នាំ​មុខ​របស់​ពួក​គេ

អ្នកគាំទ្រអេក្វាឌ័រមានការរំភើបពេញតង់ទី២ នៅកីឡដ្ឋាន Khalifa International Stadium ខណៈដែលពួកគេបានតាមស្មើវិញភ្លាមៗបន្ទាប់ពីសម្រាក និងបន្តបង្កើតឱកាសទល់នឹងក្រុមហុល្លង់ដែលកំពុងវាយលុក។ក្រុមអេក្វាឌ័រទាំងមូលបានរត់ទៅកាន់ទង់ជ្រុងដើម្បីអបអរជាមួយកីឡាករValencia បន្ទាប់ពីគាត់បានស៊ុតបញ្ចូលទីនៅនាទីទី៤៩ ធ្វើឲ្យលទ្ធផលស្មើគ្នា១ទល់១។

លទ្ធផលនេះធ្វើឲ្យក្រុមហុល្លង់បន្តឈរលេខ១ក្នុងពូល ខណៈអេក្វាឌ័រឈរលេខ២ ដែលក្រុមទាំង២មាន៤ពិន្ទុដូចគ្នា។ ចំណែកសេណេហ្គាល់មាន៣ពិន្ទុឈរលេខ៣បណ្តោះអាសន្ន។ ការប្រកួតបញ្ចប់សម្រាប់ពូល A គឺហុល្លង់ត្រូវប៉ះកាតា ខណៈអេក្វាឌ័រប៉ះសេណេហ្គាល់នៅថ្ងៃទី២៩ ខែវិច្ឆិកាខាងមុខនេះ ៕

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)


ចែករំលែក៖