អុីរ៉ង់បានចាប់ឃុំខ្លួនក្មួយស្រីរបស់មេដឹកនាំកំពូល Ayatollah Ali Khamenei បន្ទាប់ពីនាងបានបង្ហោះវីដេអូថ្កោលទោសរដ្ឋាភិបាលរបស់ប្រទេស ។ តាមប្រភពព័ត៌មានបបានឱ្យដឹងថា សកម្មជនសិទ្ធិមនុស្ស Farideh Moradkhani ដែលជាក្មួយស្រីរបស់មេដឹកនាំកំពូលរបស់អុីរ៉ង់ Ayatollah Ali Khamenei ត្រូវបានអាជ្ញាធរអុីរ៉ង់ឃុំខ្លួន ។
លោក Mahmoud Moradkhani ដែលជាបងប្រុសរបស់នាងបានសរសេរនៅលើ Twitter ខណៈដែលនៅប្រទេសបារាំងថា “ប្អូនស្រី Farideh Moradkhani ត្រូវបានចាប់ខ្លួននៅថ្ងៃទី២៣ ខែវិច្ឆិកា បន្ទាប់ពីបានមកដល់ការិយាល័យព្រះរាជអាជ្ញាក្រោមការកោះហៅ” ។ ក្មួយស្រីរបស់មេដឹកនាំកំពូលអ៉ីរ៉ង់ត្រូវបានចាប់ខ្លួនក្រោយអំពាវនាវឱ្យពិភពលោកផ្ដាច់ទំនាក់ទំនងជាមួយអ៉ីរ៉ង់។
នៅក្នុងវីដេអូដដែលនោះ លោកស្រី ម៉ូរ៉ាដខានី បានគូសបញ្ជាក់ដូច្នេះថា «ឱបណ្ដាប្រជាជនសេរីទាំងអស់ សូមនៅជាមួយពួកយើង ហើយប្រាប់រដ្ឋាភិបាលរបស់ពួកអ្នកឱ្យបញ្ឈប់ការគាំទ្រដល់របបឃាតកដែលសម្លាប់សូម្បីតែកូនក្មេង»។ យ៉ាងណាក៏ដោយ លោក អាលីខាមីណៃ មិនទាន់បានធ្វើអត្ថាធិប្បាយអ្វីជុំវិញសេចក្ដីរាយការណ៍ពីការចាប់ខ្លួនក្មួយស្រីរបស់លោកនៅឡើយ។
បើតាមទីភ្នាក់សារព័ត៌មាន រ៉ាណា (HRANA) បាតុករ៤៥០នាក់ហើយបានស្លាប់ រីឯកងកម្លាំងសន្តិសុខអ៉ីរ៉ង់៦០នាក់ក៏បានស្លាប់ផងដែរ និងមនុស្ស ១៨,១៧៣នាក់ត្រូវបានចាប់ខ្លួនចាប់តាំងពីផ្ទុះបាតុកម្មតវ៉ាកាលពីខែកញ្ញាមក ក្រោយស្ត្រីវ័យក្មេងម្នាក់ឈ្មោះ ម៉ាសា អាមីនី (Mahsa Amini) ស្លាប់ក្នុងមន្ទីរឃុំឃាំងរបស់ប៉ូលិស បន្ទាប់ពីត្រូវបានប៉ូលិសចាប់ខ្លួនពីបទស្លៀកសម្លៀកបំពាក់មិនសមរម្យ៕ ដោយ៖ ធីរីណា
រូបថត ៖ NLDO