ភ្នំពេញ ៖ នារីជាកម្មការិនីរោងចក្រកាត់ដេរម្នាក់គ្មានបង ប្អូនសាច់ញាតិនឹងគេនោះទេ ដោយនាងបានពឹងផ្អែកលើភាពកក់ក្ដៅពីប្ដី ប៉ុន្តែអ្វីដែលនឹកស្មានពុំដល់ បែរជាប្ដីចុះចោលនាងទាំងគ្មានអាល័យ ចាប់តាំងពីនាងទើបតែមានផ្ទៃពោះបាន៣ខែមកម្ល៉េះ។
នៅថ្ងៃទី២៨ ខែវិច្ឆិកា នាងក៏បានឈឺពោះសម្រាលកូន ហើយអ្នកជិតខាងបានហៅម៉ូតូកង់បីដឹកទៅកាន់មន្ទីរពេទ្យ។ ប៉ុន្តែមិនទាន់ដល់ផង ក៏ស្រាប់តែសម្រាល កូននៅតាមផ្លូវតែម្តង។ ហេតុការណ៍នេះបានកើតឡើងតាមបណ្ដោយផ្លូវចោមចៅ កែងនឹងផ្លូវបេតុងភូមិថ្មគោល ស្ថិតនៅក្នុងភូមិព្រៃជីសាក់ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ។
ស្ត្រីជាកម្មការិនីខាងលើនោះ មានឈ្មោះ ឡី សីម៉ា ហៅ ស្រីនី អាយុ២១ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ស្នាក់នៅផ្ទះជួល ស្ថិតក្នុងភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ នាងពុំបានប្រាប់អំពីអត្តសញ្ញាណ និងមុខរបរប្ដីរបស់នាងនោះឡើយ ដោយគ្រាន់តែប្រាប់ថា ប្ដីរូបនោះបានចុះចោលរូបនាងអស់រយៈពេល៦ខែកន្លងមកហើយ។
បើតាមប្រជាពលរដ្ឋដែលរស់នៅបន្ទប់ជួលជិតនោះ បាននិយាយថា នារីកម្មការិនីរូបនោះនិងប្ដីបានស្នាក់នៅបន្ទប់ជួលខាងលើជាង១ឆ្នាំមកហើយ។ ក្រោយមកពេលដែលនាងមានផ្ទៃពោះបាន៣ខែ ប្ដីរបស់នាងក៏បានចុះចោលនាងទៅបាត់។ ចាប់ពីពេលនោះមក នាងបានរស់ នៅពពោះតែម្នាក់ឯងគួរឲ្យអាណិត នាងបានតស៊ូធ្វើការងារទាំងមិនស្រួលខ្លួនក្នុងស្ថានភាពចាញ់កូន ស្ទើរ តែមិនហ៊ានឈប់សម្រាកឡើយ ដើម្បីរកប្រាក់ចំណាយក្នុងការចាយវាយប្រចាំថ្ងៃ។
ប្រភពដដែលបានប្រាប់បន្តថា រហូតដល់វេលាព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២នេះ នាងឈឺពោះ ហើយអ្នករស់នៅបន្ទប់ជិតនោះក៏បាននាំគ្នាជួយហៅម៉ូតូកង់បីដឹកទៅកាន់មណ្ឌលសុខភាពស្ទឹងមានជ័យ ដើម្បីសម្រាលកូន។ ប៉ុន្តែបែរជាត្រូវខកចិត្តយ៉ាងខ្លាំង ដោយ សារតែខាងមណ្ឌលសុខភាពនោះមិនព្រមទទួលឡើយ ដោយគ្រូពេទ្យនៅទីនោះប្រាប់ថា «មិនហ៊ានទទួលទេ បន្តិចទៀតពេទ្យចុះចាក់ថ្នាំវ៉ាក់សាំងនៅតាមភូមិអស់ អត់មានអ្នកមើលទេ»។
ប្រភពបានប្រាប់ឲ្យដឹងបន្តទៀតថា បន្ទាប់មក ក៏បានដឹកនាងវិលត្រឡប់ក្រោយវិញទៅកាន់មន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង ប៉ុន្តែពេលទៅដល់ត្រឹមខាងកើតផ្សារចោមចៅ ស្ថិតក្នុងភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ នាងក៏ឈឺពោះកាន់តែខ្លាំងឡើងៗ ទើបនាំគ្នាឈប់ រួចរាយការណ៍ទៅកាន់ក្រុមគ្រូពេទ្យបង្អែកពោធិ៍ចិនតុង និងក្រុមសង្គ្រោះអង្គភាព៧១១ ឲ្យទៅជួយបង្កើតបានកូនស្រីម្នាក់ដោយសុវត្ថិភាព បន្ទាប់មកទើបបបញ្ជូនទៅ កាន់មន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង ដើម្បីថែទាំសុខភាពបន្តទៀត៕
ដោយ៖ សូរិយា