ព័ត៌មានទាន់ហេតុការណ៍៖

អតីតសង្សារនាយចឺម សេង សុខឃីម ប្តឹង មាស នីតា ពីបទជេរប្រមាថក្រោយបែកធ្លាយសារសម្តីអសុរស

ចែករំលែក៖

ភ្នំពេញ៖ ជាប្រធានបទថ្មីក្នុងការតាមដានទៀតហើយនៅពេលនេះ បន្ទាប់ពីលេចធ្លាយសារជេរប្រមាថកប់ៗមាត់ពីសំណាក់តារាចម្រៀង មាស នីតា ទៅកាន់អ្នកមេម៉ាយសាច់ខ្ចីកូនមួយសេង សុខឃីម។ ពេលនេះអតីតសង្សារនាយចឺម គឺអ្នកនាងសេង សុខឃីម ត្រូវបានអ្នកជិតដិតប្រកាសថាត្រៀមដាក់ពាក្យប្តឹងមាសនីតាហើយពីបទជេរប្រមាថ។ 

  គេចាំបានថាប៉ុន្មានថ្ងៃកន្លងមកនេះ ទស្សនិកជនមានការចាប់អារម្មណ៍ នឹងពាក្យចចាមអារ៉ាមថាបានភ្ជាប់ទំនាក់ទំនងស្នេហ៍នឹងគ្នាមិនទាន់ស្ងាត់ផង ស្រាប់តែពេលនេះគាំងស្មារតី ជាមួយនឹងសារសំឡេងជេរប្រមាថមួយដែលត្រូវបានបែកធ្លាយមុននេះថាជាសំឡេងរបស់តារាចម្រៀងមាស នីតា ជេរប្រមាថកាតទានទៅកាន់តារាសម្តែង សេង សុឃីម ដែលជាអតីតសង្សារនាយចឺមនោះ។ សារសំឡេងនេះត្រូវបានបែកធ្លាយមុននេះក្រោយពីពាក្យចចាមអារ៉ាមស្នេហាក្រៅឆាករបស់មាស នីតា និងនាយចឺមបានផ្ទុះកក្រើកឡើង។ កាន់តែឡើងកម្តៅហើយនៅពេលនេះ សារនោះបានលឺដល់ត្រចៀករបស់ សេង សុខឃីមដែលគេដឹងថា នាងមិនអាចទទួលយកបានឡើយនូវពាក្យសម្តីអសុរសមើលងាយខ្លាំងមកលើរូបនាង។ ដំណឹងក្រៅផ្លូវការដែលទទួលបានពីអ្នកជិតដិតអ្នកនាង សេង សុឃីម បានលើកឡើងថា នាងកំពុងតែឲ្យមេធាវីរៀបចំសំណុំឯកសារតាមផ្លូវច្បាប់ដើម្បីដាក់ពាក្យបណ្តឹងទៅកាន់តារាចម្រៀងមាស នីតា តែម្តងព្រោះតែមិនអាចទ្រាំនឹងការជេរប្រមាថមើលងាយនាងបាន។ រឿងដែលកាន់តែឡើងកម្តៅដូចបាយពុះនេះបានផ្ទុះកក្រើកអស់មហាជនថ្មីទៀតហើយ ក្រោយពីចំណងស្នេហានាយចឺម និងសេង សុខឃីមបានបញ្ចប់កាលពីប៉ុន្មានខែមុន តែបែជាលេចចេញរឿងរ៉ាវស្នេហាថ្មី ហើយបានរាលដាលដល់អ្នកចាស់។ នៅមិនទាន់អាចស្វែងរកការបញ្ជាក់បន្ថែមពីតារាស្រីទាំងពីររូបបាននៅឡើយទេពេលនេះ ប៉ុន្តែកំសួលនៃកំហឹងនៃពាក្យជេរប្រមាថនេះហាក់មិនមានអ្វីមកពន្លត់បានឡើយ។ គេដឹងដែរថា កំហឹងនៃការជេរប្រមាថនេះបានកើតមានឡើងក៏ក្រោយពីគណនីយTik tokមួយបានធ្វើការកាត់តវីដេអូនិងបានចោទកញ្ញាមាស នីតា ថាបានដណ្តើមនាយចឺមចេញពីសេងសុខឃីម រហូតមាស នីតា ផ្ទុះកំហឹង ហើយបានប្រកាសព្រមានអ្នកនៅពីក្រោយការកាត់តវីដេអូនេះ ប៉ុន្តែវីដេអូដែលត្រូវបានបង្ហោះលើបណ្តាញសង្គមTik Tok នោះត្រូវបានលុបចោល ខណៈដែលមុននេះដែរ សេង សុខឃីម ក៏បានទម្លាយសាររសើបមួយដែលមាស នីតា បានព្យាយាមឆាត សួរនាងអំពីការតាមព្យាបាទនោះ។ សារចាក់ដោតចុងក្រោយដែលសេង សុខឃីម បង្ហោះបែបបញ្ឆិតបញ្ឆៀង បែបចុកនោះគឺថាខ្ញុំអត់ខឹង ខ្ញុំមិនរស់នៅដេកអោបមនុស្សផិតក្បត់ ខ្ញុំមិនរស់នៅយកមនុស្សប្រុសចែកគ្នាប្រើម្តងម្នាក់ទេ ខ្ញុំសមែន តែមាយាទខ្ញុំ ធ្វើឲ្យអ្នកដឹង នោះពិតជាអស្ចារ្យណាស់ទៅហើយ ថ្ងៃល្អនិងជួបអ្នកឆាប់ៗតាមពាក្យអ្នកចង់បាន មនុស្សរស់ឲ្យគេប្រមាទងាយៗវាហាក់ដូចជាសម្រាមពេកទៅហើយ ខ្ញុំជាខ្ញុំ ហើយខ្ញុំនិងម្នាក់និងលែងជាអ្វីនិងគ្នាហើយកុំយកខ្ញុំទៅប្រឡូកប្រឡាក់ និងរឿងចាស់ ខ្ញុំមេម៉ាយ ខុសមែន ឬមេម៉ាយដូចខ្ញុំសមឲ្យអ្នកប្រមាទ អរគុណដែលជាតារាមួយរូប ប្រើភាសារ មិនសមជាតារា ធ្វើបែបនិងនាំឲ្យខូចឈ្មោះតារារៀមច្បង និងអ្នកក្រោយអស់ហើយ ពីនាងខ្ញុំ សេង សុខឃីម។ 

  តើនឹងមានការសម្របសម្រួលក្រៅរបងតុលាការ ឬត្រូវធ្វើចំណាត់ការតាមផ្លូវច្បាប់នោះ ខណៈដែលអ្នកតាមដានកំពុងរង់ចាំមើលវគ្គបន្តនៃរឿងមួយនេះហើយថាតើនាយចឺមចេញមុខមកអន្តរាគមន៍ដែរឬយ៉ាងណា? ៕

ដោយ ៖ វឌ្ឍនា


ចែករំលែក៖