ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ បានអញ្ជើញដឹកនាំកិច្ចប្រជុំ ស្តីពីការត្រួតពិនិត្យ និងជម្រុញបន្ថែម ក្នុងការផ្សព្វផ្សាយ ដើម្បីពន្លឿនក្នុងការធ្វើអត្តសញ្ញាណបណ្ណសញ្ញាតខ្មែរប្រភេទថ្មីជូនដល់ប្រជាពលរដ្ឋទាំង២ភេទ ដែលគ្រប់អាយុ ១៥ឆ្នាំ និងសម្រាប់ប្រពលរដ្ឋដែលមានអត្តសញ្ញាណបណ្ណហួសសុពលភាព និងសល់សុពលភាពត្រឹម ៩០ថ្ងៃហួសសុពលភាព ។ ក្នុងកិច្ចប្រជុំនេះដែរ ក៏មានការចូលរួមពីលោក លោកស្រីស្នងការរង លោកនាយការិយាល័យ លោកអធិការ អធិការរង ទទួលផ្នែកស្ថិតិ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀតផងដែរ ។
ជាកិច្ចចាប់ផ្តើមលោកស្នងការរងទទួលផែនការងារអត្តសញ្ញាណកម្ម និងលោកនាយការិយាល័យអត្តសញ្ញាណកម្មសញ្ញាតិខ្មែរ បានអានរបាយការណ៍រាយការណ៍អំពីលទ្ធផលការងារដែលអនុវត្តបាននាពេលកន្លង បញ្ហាប្រឈម ដំណោះស្រាយ និងទិសដៅសម្រាប់អនុវត្តបន្ត ដើម្បីសម្រេចការងារតាមផែនការដែលបានកំណត់ ។ ជាមួយនោះដែរ ក៏មានការចូលរួមយោបល់ពីលោកស្នងការរង លោកអធិការ និងអធិការរង ទទួលលើការងារស្ថិតិ ផងដែរ ។
ជាមួយនោះដែរ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានធ្វើការកោតសរសើរដល់មន្ត្រីទាំងអស់ ដែលបានខិតខំបំពេញ តួនាទីភារកិច្ចកន្លងមកក្នុងការបម្រើ និងផ្តល់សេវាសាធារណ:ចំបាច់ផ្សេងៗដល់ប្រជាពលរដ្ឋបានយ៉ាងល្អ ជាពិសេសលោកស្នងការ បានផ្តល់ការណែនាំដល់មន្ត្រីទទួលការងារអត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរទាំងអស់ ត្រូវរៀបចំធ្វើជាតារាងផែនការ ម៉ោងវេលា ទីកន្លែង ឲ្យច្បាស់លាស់ ដោយចាប់ផ្តើមធ្វើយុទ្ធនាការចុះធ្វេីអត្ត ជូនប្រជាពលរដ្ឋដល់តាមភូមិ និងតាមខ្នងផ្ទះប្រជាពលរដ្ឋ ក្នុងករណីមានប្រជាពលរដ្ឋសួរនាំផ្សេងៗ មន្ត្រីពាក់ព័ន្ធត្រូវមានការបញ្ជាក់ហេតុផលឲ្យបានច្បាស់លាស់ និងសមរម្យជាមួយប្រជាពលរដ្ឋ មន្ត្រីត្រូវណែនាំប្រជាពលរដ្ឋឲ្យបានយល់ច្បាស់ នៅពេលគាត់សុំកែអក្សរឡាតាំង ថ្ងៃខែឆ្នាំកំណើត គឺត្រូវផ្តោតសំខាន់លើសំបុត្រកំណើត មិនមែនកែតាមការចង់នោះទេ ។ មួយវិញទៀត ការធ្វើអត្តនេះត្រូវការពេលវេលារយ:ពេល ៤៥ថ្ងៃ គិតចាប់ពីថ្ងៃបំពេញឯកសារ និងថតរូប ។
ជាកិច្ចបញ្ចប់លោកស្នងការ ក៏បានដាក់បទបញ្ជា និងណែនាំដល់ការិយាល័យជំនាញ អធិការខណ្ឌ ប៉ុស្តិ៍ ពង្រឹងបន្ថែមលើការល្បាត ដើម្បីបង្ការទប់ ស្កាត់ បទល្មើស លួច ឆក់ ប្លន់ ជាពិសេសត្រូវស្រាវជ្រាវបង្ក្រាប កំណត់មុខសញ្ញាដែលប្រព្រឹត្តបទល្មើស ដែលនៅសេសសល់ឲ្យបាន ។ ម្យ៉ាងទៀតត្រូវអនុវត្តជាប្រចាំ ក្នុងការបង្ក្រាប ក្រុមក្មេងទំនើង ដែលតែងតែបង្កបញ្ហា ធ្វើឲ្យប៉ពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណ: ។
ក្នុងកិច្ចប្រជុំនេះផងដែរ លោកស្នងការ បានណែនាំដល់លោក លោកស្រីស្នងការរង ទទួលការងារដឹកនាំតាមបណ្តាអធិការខណ្ឌ សូមជួយសហការចុះត្រួតពិនិត្យ របៀបរបបការងារទូទៅ ជាពិសេសត្រូវត្រួតពិនិត្យ និងណែនាំឲ្យមន្ត្រីទាំងអស់ត្រូវយកចិត្តទុកដាក់ខ្ពស់ លើការថែទាំអគារថ្មីដែលទើបសាងសង់ ជាពិសេសកន្លែងធ្វើការទាំងអស់ត្រូវតែមានផាសុខភាព រក្សាអនាម័យ ឲ្យបានល្អ ។ មួយវិញទៀតលោកស្នងការ បានណែនាំដល់អធិការដ្ឋាននគរបាលខណ្ឌទាំងអស់ ត្រូវចូលរួមសហការគ្នាឲ្យបានល្អជាមួយការិយាល័យចរាចរណ៍ផ្លូវគោក ដើម្បីសម្រួលចរាចរណ៍ជូនថ្នាក់ដឹកនាំជាតិ អន្តរជាតិ ប្រជាពលរដ្ឋ ដើម្បីកុំឲ្យមានការកកស្ទះ ៕
ដោយ៖សហការី