ខេត្តរតនគិរី៖ លោក កើត រិទ្ធិ អញ្ជើញជាគណៈអធិបតី ក្នុងពិធីប្រកាសផ្ទេរ និងប្រកាសលោក រស់ ពិសិដ្ឋ ជាប្រធានសាលាដំបូងខេត្តរតនគិរី ចំណែកលោក នៅ យ៉ារ័ត្ន អតីតប្រធានសាលាដំបូងខេត្តរតនគិរី ត្រូវបានផ្ទេរភារកិច្ចជាអនុប្រធានសាលាឧទ្ទរណ៍ព្រះសីហនុ។
ពិធីប្រកាសចូលកាន់តំណែងប្រធានតុលាការខេត្តរតនគិរីនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ ២០២២ នៅសាលាដំបូងខេត្តរតនគិរី ដោយមានការអញ្ជើញចូលរួម ពីសំណាក់លោក សុខ ហម សមាជិកក្រុមប្រឹក្សា ជាតំណាងប្រធានក្រុមប្រឹក្សាខេត្តរតនគរី និងលោក ញ៉ែម សំអឿន អភិបាល នៃគណៈអភិបាល ខេត្តរតនគិរី ព្រមទាំងសមាជិឧត្ដមក្រុមប្រឹក្សា នៃអង្គចៅក្រម លោករដ្ឋលេខាធិការ ប្រតិភូអមរដ្ឋមន្ត្រី ប្រធានសាលាឧទ្ធរណ៍ត្បូងឃ្មុំ អគ្គព្រះរាជអាជ្ញា នៃមហាអយ្យាកាអមសាលាឧទ្ធណ៍ត្បូងឃ្មុំ និងមានការចូលរួម ពីសំណាក់លោក លោកស្រី កងកម្លាំងប្រដាប់អាវុធទាំងបី និងមន្ត្រីរាជការនៅក្នុងខេត្តរតនគិរីផងដែរ។
នៅក្នុងឱកាសនេះ លោក ញ៉ែម សំអឿន បានសម្ដែងនូវការកោតសរសើរ និងថ្លែងនូវការអរគុណ ចំពោះលោកអតីតប្រធានសាលាដំបូងខេត្តរតនគិរី នាពេលកន្លងមក ដែលបានសហការ និងមានទំនាក់ទំនងយ៉ាងល្អប្រសើរ ជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងប្រដាប់អាវុធ គ្រប់ប្រភេទក្នុងការដឹកនាំ អនុវត្តវិស័យច្បាប់ និងវិស័យតុលាការ ដោយបានចូលរួមចំណែកយ៉ាងសំខាន់ ជាមួយរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការកែទម្រង់ប្រព័ន្ធច្បាប់ និងប្រព័ន្ធយុត្តិធម៌នៅកម្ពុជា ជាពិសេសសង្ឃឹមថាប្រធានសាលាដំបូងខេត្ត រតនគិរីបន្តសហការ និងមានទំនាក់ទំនងល្អ លើវិស័យយុត្តុធម៌ ធានាបាននូវសន្តិសុខសណ្តាប់ធ្នាប់សាធារណៈសង្គមល្អប្រសើរ និងសម្រេចបាននូវសមិទ្ធផលល្អៗ ជាបន្តបន្ទាប់។
ក្នុងពិធីនេះ លោក កើត រិទ្ធ បានឲ្យដឹងថា ការផ្លាស់ប្ដូរតួនាទីនេះ គឺជារឿងធម្មតារបស់មន្ត្រីរាជការ ដើម្បីពង្រឹងរបៀបរបបការងារក្នុងស្ថាប័ន ធានានូវកិច្ចដំណើរការការ ងារឲ្យកាន់តែល្អប្រសើរ និងមានប្រសិទ្ធភាពខ្ពស់សំដៅ លើកកម្ពស់សេវាកម្មផ្ដល់សេវាយុត្តិធម៌ជូនប្រជាពលរដ្ឋ ផ្ដល់ភាពយុត្ដិធម៌ ដោយមិនលំអៀង និងយុត្តិធម៌។ ជា មួយគ្នានោះដែរ លោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌បានលើកឡើងថា ការសម្របសម្រួលរឿងអាក្រក់មួយក្រៅប្រព័ន្ធតុលាការ ប្រសើរជាងរកដំណោះស្រាយរឿងមួយក្នុងប្រព័ន្ធតុលាការ។ ដោយហេតុថា ដោះស្រាយក្នុងប្រព័ន្ធតុលាការ ត្រូវតែមានភាគីមួយឈ្នះ និងភាគីម្ខាងទៀតចាញ់ ហើយភាគីចាញ់ក្ដី៩៩% តែងតែស្រែកថា អយុត្តិធម៌ណាស់ ទាំងដែលពួកគាត់មិនបានវិភាគ ពិនិត្យលើអង្គផង។
ម្យ៉ាងវិញទៀតភាគីទាំងសង្ខាង បើទោះជាបងប្ដឹងប្ដីប្អូនកូនប្ដឹងឪពុកម្ដាយ ឬចៅប្ដឹងយាយតាក៏ដោយ គឺត្រូវចង កំហឹងជាសត្រូវគ្នា រវាងគ្នាជារៀងរហូត។ រីឯការសម្របសម្រួលគ្នាក្រៅប្រព័ន្ធតុលាការវិញ គីពួកគាត់ឈ្នះឈ្នះទាំងសង្ខាង ដោយមានការព្រមព្រៀងគ្នា ដូច្នេះបើទោះ ជាថ្ងៃក្រោយ ពួកគាត់មិនអាចរាប់អានគ្នាដូចកាលពីមុនក៏ដោយ ក៏ពេលគាត់ជួបគ្នាម្ដងៗ យ៉ាងហោចណាស់ ក៏គាត់ញញឹមដាក់គ្នាដែរ។
លោករដ្ឋមន្ត្រីបានបញ្ជាក់ទៀតថា ជាក់ស្ដែងនៅកម្ពុជា ការសម្របសម្រួលវិវាទដូចជានយោបាយឈ្នះឈ្នះ របស់សម្ដេចតេជោ នោះមិនមែនជាទំនាស់បុគ្គលទេ គឺជាទំនាស់ហៅថាទំនាស់ប្រជាជាតិតែម្ដង។ ដោយមានការសម្របសម្រួលតាមយៈនយោបាយឈ្នះឈ្នះមួយនេះ បានបញ្ចប់វិវាត ហើយកសាងបានសុខសន្តិភាព ហើយអភិវឌ្ឋន៍ប្រទេបានដូចសព្វថ្ងៃ៕
ដោយ៖ សូរិយា