ព័ត៌មានទាន់ហេតុការណ៍៖

តើបញ្ជូនខ្លួនជនសង្ស័យដែលបើករថយន្តទាំងស្រវឹងបុកមនុស្សឱ្យរបួសធ្ងន់៣នាក់ កំពុងសង្គ្រោះបន្ទាន់ ទៅតុលាការ ឬបញ្ជូនត្រឹមតែសំណុំរឿង អត់បញ្ជូនជនបង្ក ! អ្នកនាំពាក្យស្នងការរាជធានីភ្នំពេញ បកស្រាយមិនច្បាស់លាស់ !

ចែករំលែក៖

ភ្នំពេញ ៖ រឿងជនបង្កបើករថយន្តទំនើប បុកម៉ូតូនៅលើស្ពានជ្រោយចង្វាចាស់ បណ្តាលឱ្យមនុស្ស៣នាក់របួសធ្ងន់ ក្នុងនោះមានកុមារអាយុ ៦០ថ្ងៃថែមទៀតកំពុងស្ថិតក្នុងសង្គ្រោះបន្ទាន់ ក្លាយជារឿងក្តៅគគុក ដែលមជ្ឈដ្ឋានទូទៅរបស់ប្រជាពលរដ្ឋ មន្ត្រីរាជការ អ្នកច្បាប់ តាមដានដោយយកចិត្តទុកដាក់បំផុត ថាតើ ជនរងគ្រោះជាជនក្រីក្រ រើសអេតចាយ ទទួលបានយុត្តិធម៌ ខណៈប្រទេសជាតិកំពុងគ្រប់គ្រងដោយច្បាប់ ! ហើយខាងមន្ត្រីនគរបាលយុត្តិធម៌ផ្នែកចរាចរណ៍ ធ្វើកំណត់ហេតុ ស្តាប់ចម្លើយ សំយោគបទល្មើស បញ្ជូនជនបង្កទៅតុលាការដែរឬអត់ ឬក៏បញ្ជូនត្រឹមតែសំណុំរឿង ជនបង្ករួចផុតពីសំណាញ់ច្បាប់ ខណៈមានសំណងរដ្ឋប្បវេណី ត្រឹម ២.៥០០ដុល្លារ អាចរលត់បណ្តឹងអាជ្ញាត្រឹមមន្ត្រីនគរបាលយុត្តិធម៌ ? 

ពាក់ព័ន្ធករណីនេះ លោក សាន សុខសីលា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២ បានបញ្ជាក់ប្រាប់អង្គភាព មជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត” តាមទូរស័ព្ទថា៖ ទាក់ទងបញ្ហានឹងគឺយើងបានអនុវត្តតាមនីតិវិធីរួចហើយ មានការឃាត់មនុស្ស មានការឃាត់ឡាន ព្រមទាំងការធ្វើការផាកពិន័យតាមច្បាប់ចរាចរណ៍ ទាំងការរៀបចំសំណុំរឿងទៅតុលាការ ។ លោក សាន សុខសីលា បានលើកឡើងទៀតថា៖ ទាក់ទងនឹងរឿងបន្តទៀត ជាឆន្ទានុសិទ្ធ ជាការស៊ើបអង្កេត ជាការមើលអង្គហេតុ ជាការត្រួតពិនិត្យអីផ្សេងៗ ជាសិទ្ធខាងតុលាការ យើងបានបំពេញតួនាទីភារកិច្ចរួចរាល់ ហើយការឯកភាពគ្នារវាងជនរងគ្រោះនិងជនសង្ស័យ នោះគឺជារឿងផ្ទាល់របស់គាត់ទេ គ្រាន់តែយើងជាអ្នកអនុវត្តច្បាប់ ជាអ្នកធ្វើកំណត់ហេតុអីផ្សេងៗនៅពេលដែលគាត់ឯកភាពគ្នាតែប៉ុណ្ណោះ ។  ជាមួយនឹងសំណួរជាញឹកញាប់សួរថា៖ តើមន្ត្រីនគរបាលចរាចរណ៍ផ្នែកយុត្តិធម៌ ចាំបាច់ត្រូវតែកសាងសំណុំរឿង និងបញ្ជូនខ្លួនជនសង្ស័យ ជាមួយសំណុំរឿងទៅតុលាការដែរឬអត់ ឬមួយបញ្ជូនតែសំណុំរឿង មិនបញ្ជូនជនសង្ស័យទៅតុលាការ ? លោក សាន សុខសីលា បានឆ្លើយថា៖ ជាធម្មតាយើងបញ្ជូនទាំងឯកសារពាក់ព័ន្ធ  ការអនុវត្តផ្សេងៗ ! តុលាការគាត់នឹងធ្វើការចាត់ចែងតាមហ្នឹង ! ជាឆន្ទានុសិទ្ធរបស់គាត់ ។ ចំពោះសំណួរទៀតថា៖ តើបច្ចុប្បន្នជនសង្ស័យស្ថិតនៅក្នុងការឃាត់ខ្លួនរបស់មន្ត្រីនគរយុត្តិធម៌ផ្នែកចរាចរណ៍ឬអត់ ? លោកអ្នកនាំពាក្យបានឆ្លើយថា៖ «បាទៗ ! បើយើងនេះ …!  យើងបញ្ជូនទៅទាំងអស់ហើយ។ សួរទៀតថា, (មានន័យថា៖) បញ្ជូនជនសង្ស័យទៅជាមួយសំណុំរឿងដែរមែន លោកអ្នកនាំពាក្យឆ្លើយថា៖ (បាទ.បាទ)…រួចក៏បិទទូរស័ព្ទទៅ ។ គេសង្ស័យថា, ជនសង្ស័យអាចត្រូវបានដោះលែង ទើបការឆ្លើយរបស់ អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មិនសូវច្បាស់សោះ។ 

មានការរិះគន់ជាច្រើនបានលើកឡើងតាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកជាច្រើន ដូចជាគណនី facebook ឈ្មោះថា,( Vanilla វ៉ាន់នីឡា) បានសរសេរថា, មានមិត្តភក្តប្រាប់មិនអោយខ្ញុំរវល់ទេ ខ្លាចបាត់ប្រជាប្រិយភាព ខ្ញុំអត់ខ្វល់ទេ ខ្ញុំមិនអាចធ្មេចភ្នែកឃើញរឿងដ៏សោកសៅនឹងអយុត្តិធម៌បែបនេះបាន .

 សូមបងប្អូនទាំងអស់គ្នាជួយ share ចំពោះករណីនេះ 

-ស្រវឹងហើយបើកបរ គឺខុសច្បាប់មួយតង់ហើយ 

-ទីពីរ បើកលើសល្បឿន

-ទីបី បើករត់ 

-ទីបួន កោងកាងដាក់អ្នកកាស្សែតចង់វៃគេ 

-ទីប្រាំ សងជំងឺចិត្ត 2500$ បញ្ចប់រឿង 

 

សួរវិញថា ចុះជីវិតក្មេង ? សូមប៉ូលីសជួយបកស្រាយ 

សូមសំណូមពរដល់ ក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន ក្រសួងយុត្តិធម៌ Ministry of Justice មេត្តាជួយអន្តរាគមន៍នឹងរកយុត្តិធម៌ជូនជនរងគ្រោះ ជាពិសេសទារកដែលមិនដឹងថាអាចនឹងមានជីវិតរឺអត់ 🙏🏻😭😭។ 

ភ្លាមនោះ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបង្ហោះផេកផ្លូវការយ៉ាងខ្លី តែមានន័យបំផុតថា, ( អាជ្ញាធរគួរឆ្លើយអោយបានរហ័សផង !) ។

សូមបញ្ជាក់ថា, ប្រធាន​ក្រុម​មេធាវី​ស្ម័គ្រចិត្ត​សម្ដេចតេជោ​  លោកមេធាវី​ គី​ តិច​ បានបញ្ជាក់ប្រាប់សារព័ត៌មាន នៅយប់ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២២នេះថា លោកបានចាត់តាំងមេធាវី​ស្ម័គ្រចិត្ត​សម្ដេចតេជោ ចំនួន៤រូប ដើម្បីការពារក្តីតាមផ្លូវច្បាប់ដល់ស្ត្រីរងគ្រោះ និងទារក ​ដែល​ត្រូវរថយន្តបុកបង្ករគ្រោះថ្នាក់​ធ្ងន់ធ្ងរ។

សូមជម្រាបថា, ករណីគ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃចន្ទ ទី០៥ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង០២ និង១០នាទី ត្រង់ចំណុចមុខបង្គោលភ្លើងទី៤ ខាងកើត លើស្ពានជ្រោយចង្វាចាស់ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តម៉ាក LEXUS NX200t ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BB-9989 បានធ្វើ ដំណើរតាមបណ្តោយស្ពានជ្រោយចង្វាចាស់ ទិសដៅពីលិចទៅកើត លុះដល់ចំណុចកើតហេតុខាងលើ បានបុក ពីក្រោយម៉ូតូមួយគ្រឿងដែលធ្វើដំណើរស្របទិសគ្នាម៉ាក HONDA SCOOPY ពណ៌ស ពាក់ផ្លាកលេខ កណ្តាល 1B-9978 បន្ទាប់មករថយន្តបេីករត់គេចពីកន្លែងកេីតទៅដល់ផ្លូវកែវចិន្តា​ ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វា ទេីបសមត្ថកិច្ចខណ្ឌជ្រោយចង្វាឃាត់បានទាំងរថយន្ត​ និងអ្នកបេីកបរ​យកមកការិយាល័យចរាចរណ៍ផ្លូវគោក ។

សមត្ថកិច្ចបញ្ជាក់ថា, ភាគីរថយន្តម៉ាក ជាជនបង្ក ៖ LEXUS NX200t ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BB-9989 បើកបរដោយឈ្មោះ សោម ណូរីទីឃា ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅផ្ទះលេខ៥៣ ផ្លូវកែវចិន្តា ភូមិ៣ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ (ឃាត់ខ្លួនកាលពីថ្ងៃ០៥​ ខែធ្នូ​ ឆ្នាំ២០២២​)។  ដោយឡែក ភាគីម៉ូតូម៉ាក ជាជនរងគ្រោះ ៖ HONDA SCOOPY ពណ៌ស ពាក់ផ្លាកលេខ កណ្តាល 1B-9978  បើកបរដោយឈ្មោះ ហុង រត្នថា ហៅស្វិត ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបររើសអេតចាយ (រងរបួស ធ្ងន់សម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសុមៈ) រួមដំណើរជាមួយ មានគ្នា០២នាក់ទី១-ឈ្មោះ មុច សុខឡេង ភេទប្រុស អាយុ៦០ថ្ងៃ (រងរបួសធ្ងន់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា) និងទី២-ឈ្មោះ  មុច ស្រីល័ក្ខ ភេទស្រី អាយុ៣១ឆ្នាំ មុខរបរ រើសអេតចាយ (រងរបួសធ្ងន់សម្រាកព្យាបាលនៅគ្លីនិកពន្លឺ) អ្នកទាំងបីស្នាក់នៅផ្ទះជួលលេខ២២៥ ផ្លូវលេខ៨៦ ភូមិ២២ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ចំងល់របស់មជ្ឈដ្ឋាន របស់ប្រជាពលរដ្ឋ មន្ត្រីរាជការ ចង់ដឹងថា, តើការកសាងសំណុំរឿងនេះ បញ្ជូនខ្លួនជនសង្ស័យទៅតុលាការដែរ ឬមួយបញ្ជូន តែសំណុំរឿង ហើយជនសង្ស័យដោះលែងទៅហើយ ? ពីព្រោះក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ  បកស្រាយមិនលម្អិតក្នុងករណីនេះ ហើយមានការ Comments ចូលផេក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ យ៉ាងច្រើន នូវចំងល់នេះ និងអាណិតអាសូរដល់ ជនរងគ្រោះ ។ ករណីបាន លោកមេធាវី​ គី​ តិច​ ចាត់តាំងមេធាវីសម្តេចតេជោ ហ៊ុន សែន ចំនួន៤រូប ចុះការពារក្តីស្ត្រីរងគ្រោះ និងទារក តាមផ្លូវច្បាប់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ បង្ករបួសធ្ងន់ ៣នាក់ គឺទទួលបានការគាំទ្រ យ៉ាងខ្លាំង ចំពោះ លោក គី តិច ប្រធានក្រុម​មេធាវី​ស្ម័គ្រចិត្ត​សម្ដេចតេជោ​ យកចិត្តជួយប្រជាពលរដ្ឋ ក្រីក្រ ទាន់ពេលវេលា ។

អ្នកខ្លះលើកឡើងថា, មាត្រា៨៥ នៃច្បាប់ចរាចរណ៍ផ្លូវគោក ជនណាបើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន បណ្តាលអោយអ្នកដ៍ទៃរងគ្រោះ ក្នុងករណី ៖

១-បើកបរក្នុងស្ថានភាពស្រវឹង

២-បើកបរបណ្តាលឱ្យមានមនុស្សស្លាប់ 

៣-បើកបរដោយគ្មានប័ណ្ណបើកបរ

៤-រត់គេចខ្លួនពីកន្លែងកើតហេតុក្នុងបំណងមិនទទួលខុសត្រូវ 

អំពើល្មើសខាងលើ ជាប់ទោសពី ២ឆ្នាំ ទៅ៥ឆ្នាំ ពិន័យជាប្រាក់ ពី ១០លាន ទៅ ២៥លាន និងអាចត្រូវផ្តន្ទាទោសបន្ថែមមួយឬច្រើនថែមទៀត ក្នុងមាត្រា៥៣ នៃក្រមព្រហ្មទណ្ឌ ។

អ្នកខ្លះសរសេរថា, បើកបរដោយស្ថានភាពស្រវឹងបង្ករគ្រោះថ្នាក់ដល់អ្នកដទៃ ហើយ ដោះស្រាយបញ្ហាដោយសំណង ២៥០០ដុល្លារ ដើម្បីបញ្ចប់រឿងគឺ ជាសារ មួយជំរុញលើកទឹកចិត្តដល់ជនល្មើសផ្សេងទៀតបន្តសកម្មភាពដដែលៗ ដោយមិនមានភាពភ័យខ្លាច។ ស្ថាប័នពាក់ព័ន្ធគួរត្រូវបានសិក្សា និងស្វែងរក វិធានការជាក់លាក់មួយ ដើម្បីការពារសុវត្ថិភាព និងយុត្តិធម៌សង្គម៕

ដោយ ៖ សិលា


ចែករំលែក៖