ព័ត៌មានទាន់ហេតុការណ៍៖

មនុស្សចំនួន ៤នាក់រងរបួស​ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត ២គ្រឿងបុកគ្នា នៅស្រុកអូរជ្រៅ

ចែករំលែក៖

 ខេត្តបន្ទាយមានជ័យ ៖ យោងតាម​របាយការណ៍​របស់​អគ្គស្នងការ​ដ្ឋាន​នគរបាលជាតិ​ នៅព្រឹកថ្ងៃ​សុក្រ​ទី​០៩​ ខែធ្នូ​ ឆ្នាំ​២០២២នេះ​ បានឱ្យដឹងថា​៖​ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត ២គ្រឿង បុកគ្នារងការខូចខាតយ៉ាងធ្ងន់ធ្ងរ បណ្តាលឱ្យមនុស្សចំនួន ៤នាក់ រងរបួសស្រាល កាលពីថ្ងៃទី​០៨​ ខែធ្នូ​ម្សិលមិញនេះ​ ស្ថិតនៅចន្លោះបង្គោលគីឡូម៉ែត្រលេខ ៣៨១-៣៨២ ផ្លូវជាតិលេខ៥ ភូមិវាំងមួង ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

ជាក់ស្ដែង​យោងតាមរបាយការណ៍របស់នគរបាលស្រុកអូរជ្រៅ បានបញ្ជាក់ថា៖ មុនដំបូងមានរថយន្តមួយគ្រឿង ម៉ាក HIGHLANDER ពណ៌ស្លែ ពាក់ផ្លាកលេខភ្នំពេញ 2AJ-2893 បើកបរដោយឈ្មោះ រ៉ែន ណារិន ភេទប្រុស អាយុ៤២ឆ្នាំ មានលំនៅភូមិប៉ាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្ដបន្ទាយមានជ័យ មានអ្នករួមដំណើរ ០២នាក់ (ស្រី) បានបើកបរក្នុងទិសដៅពីទិសខាងលិចទៅទិសខាងកើត លុះមកដល់ចំណុចកើតហេតុ ស្របពេលនោះក៏មានរថយន្ត ០១គ្រឿងទៀត ម៉ាក FORD ពណ៌ស ពាក់ផ្លាកលេខ បន្ទាយមានជ័យ 2E-2990 បើកបរដោយឈ្មោះ អៀត សំអូន ភេទប្រុស អាយុ ២០ឆ្នាំ មានលំនៅភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្ដបន្ទាយមានជ័យ បើកបរក្នុងទិសដៅពីកើតទៅលិច ច្រាសទិសគ្នា បានមកបុកចំពីមុខរថយន្តម៉ាក HIGHLANDER បណ្តាលឱ្យមានគ្រោះថ្នាក់កើតឡើងតែម្តង ។

នគរបាលបានបញ្ជាក់ថា ៖ មូលហេតុ បង្កឱ្យមានគ្រោះថ្នាក់គឺមកពីអ្នកបើកបររថយន្តម៉ាក FORD ពណ៌ស ពាក់ផ្លាកលេខ បន្ទាយមានជ័យ 2E-2990 បើកបរក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន ហើយបានវេរចង្កូតចូលទៅបុករថយន្តម៉ាក HIGHLANDER ដែលបើកបរខាងស្តាំដៃរបស់គេ ។

ករណីនេះ រថយន្តខូចធ្ងន់ទាំង០២គ្រឿង និងមនុស្សចំនួន ៤នាក់ រងរបួសស្រាល នគរបាលបានយករថយន្ត០២គ្រឿង មករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកអូរជ្រៅ ក្រោយពីធ្វើការវាស់វែងរួច ដើម្បីរង់ចាំធ្វើការដោះស្រាយតាមច្បាប់ ៕

ដោយ​៖អារុណ​រះ


ចែករំលែក៖