ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យម្នាក់​ក្នុងចំណោមបក្ខពួក៣នាក់​ពាក់ព័ន្ធ​ករណីប្លន់ម៉ូតូ​ត្រូវសមត្ថកិច្ចខណ្ឌដង្កោឃាត់ខ្លួន​និងបង្ហាញមុខជាសាធារណៈ

ចែករំលែក៖

ភ្នំពេញ​ ៖​ នៅថ្ងៃទី២១​ ខែធ្នូ​ ឆ្នាំ​២០២២នេះ​ លោកវរសេនីយ៍ទោ ជាង ហុកសែ អធិការរងនគរបាលខណ្ឌដង្កោទទួលបន្ទុកផែនព្រហ្មទណ្ឌបានឱ្យដឹងថា​ កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យម្នាក់​ក្នុងចំណោមបក្ខពួក៣នាក់​ពាក់ព័ន្ធករណីធ្វេីសកម្មភាពកាប់ប្លន់យកម៉ូតូមួយគ្រឿងពីគូសង្សារមួយគូបានសម្រេច កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង២០និង៣០នាទី ត្រង់ចំណុចខាងមុខតូបលក់ខ្យង ផ្លូវជាតិលេខ៣ ស្ថិតក្នុងភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ​ ។ 

សមត្ថកិច្ចបានឱ្យដឹងទៀតថា​ ជនរងគ្រោះឈ្មោះ ប៉ាល់ ដាយដែន ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរជាងរថយន្ត មានទីលំនៅភូមិដំណាក់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ ចំណែកជនសង្ស័យដែលឃាត់ខ្លួនបានមានឈ្មោះ ផល តារា ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិក្រាំងស្វាយ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ  (ជនសង្ស័យប្រើប្រាស់ថ្នាំញៀន)។ 

វត្ថុតាងចាប់យក ៖  ១-ម៉ូតូកញ្ចាស់មួយគ្រឿងម៉ាកស៊ុយហ្ស៊ុយគីនិច ពណ៌ទឹកប្រាក់, ២-កាំបិតផ្គាក់ដងដែកប្រវែង៥០សង់ទីម៉ែត្រចំនួន០១។

សមត្ថកិច្ចបានបញ្ជាក់ឱ្យដឹងថា​ កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង១៩និង០០នាទី ជនរងគ្រោះឈ្មោះ ប៉ាល់ ដាយដែន ភេទប្រុស បានជិះម៉ូតូម៉ាកស្គូពីអាយ ពណ៌ស សេ៊រីឆ្នាំ២០១៨ ពាក់ផ្លាកលេខកំពង់ធំ 1K-9967 មកជួបសង្សារនៅម្តុំវត្តស្លែង ផ្លូវជាតិលេខ៣ សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ហើយក៏បានឌុបសង្សារទៅអង្គុយលេងនៅតូបលក់ខ្យង ស្ថិតនៅភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នពេញ ពេលទៅដល់ក៏បានទុកម៉ូតូម៉ាកខាងលើនៅខាងមុខតូបរួចក៏បាននាំគ្នាអង្គុយជជែកគ្នាលេង ។ លុះដល់វេលាម៉ោង២០និង៣០នាទីថ្ងៃខែឆ្នាំដដែល ស្រាប់តែមានជនសង្ស័យចំនួន០៣នាក់​ ទី១-ឈ្មោះ ផល តារា ភេទប្រុស និងជនសង្ស័យ២នាក់ទៀត បានជិះម៉ូតូម៉ាកស៊ូយហ្ស៊ុយគីនិច ពណ៌ទឹកប្រាក់ (ម៉ូតូកញ្ចាស់)មកឈប់ពីមុខតូលក់ខ្យងក្បែរម៉ូតូរបស់ជនរងគ្រោះ ហើយជនសង្ស័យឈ្មោះ ដោក ធីម ក៏បានចុះពីលើម៉ូតូដៃកាន់កាំបិតផ្គាក់ប្រវែង៥០សង់ទីម៉ែត្រដើរចូលមកកាប់ជនរងគ្រោះចំចង្កេះខាងឆ្វេងរងរបួសស្រាល ហើយជនសង្ស័យក៏បានបោះកាំបិតចោលរួចរត់ទៅយកម៉ូតូម៉ាកខាងលើរបស់ជនរងគ្រោះជិះគេចខ្លួនបាត់ទៅ។ 

​     បន្ទាប់មក​ ជនរងគ្រោះក៏បានមករាយការណ៍ប្រាប់សមត្ថកិច្ចនិងដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងពង្រដើម្បីឱ្យសមត្ថកិច្ចជួយធ្វើអន្តរាគមន៍ស្រាវជ្រាវរហូតឃាត់ខ្លួនជនសង្ស័យខាងលើបានយកមកចាត់ការតាមផ្លូវច្បាប់ ។ រហូតដល់ថ្ងៃទី២០ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង១៥និង០០នាទី សមត្ថកិច្ចក៏បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបានម្នាក់ឈ្មោះ ផល តារា រួមនិងវត្ថុតាងម៉ូតូម៉ាកស៊ុយហ្ស៊ុយគីនិច ពណ៌ទឹកប្រាក់ (ម៉ូតូកញ្ចាស់) យកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោដើម្បីចាត់ការតាមនីតិវិធីច្បាប់តែម្តង។ ចំណែកជនសង្ស័យជាបក្ខពួកចំនួន០២នាក់ទៀតកំពុងតែរត់គេចខ្លួន តែសមត្ថកិច្ចបានកំណត់អត្តសញ្ញាណរួចហើយ កំពុងតែស្រាវជ្រាវចាប់ឃាត់ខ្លួននៅពេលក្រោយ​ ៕​

ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖