ព័ត៌មានទាន់ហេតុការណ៍៖

លោក នេត្រ ភក្ត្រា ៖ នេះគឺជាកូនខ្លាត្រីមួយក្បាលដែលពលរដ្ឋនៅខេត្តតាកែវស្ម័គ្រចិត្តប្រគល់ជូនក្រុមអ្នកអភិរក្សសត្វព្រៃ!

ចែករំលែក៖

ខេត្តតាកែវ ៖ នេះគឺជាកូនខ្លាត្រីមួយក្បាលដែលពលរដ្ឋនៅខេត្តតាកែវស្ម័គ្រចិត្តប្រគល់ជូនក្រុមអ្នកអភិរក្សសត្វព្រៃ! កូនខ្លាត្រីមួយក្បាលនេះត្រូវបានពលរដ្ឋនៅខេត្តតាកែវប្រគល់ជូនមន្ត្រីអភិរក្សនៃមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅនៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ នេះ។

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួង បរិស្ថាន បានបញ្ជាក់បែបនេះ នៅរសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២។ 

លោកបន្តថា,  ខ្លាត្រី (ឈ្មោះអង់គ្លេស៖ Fishing Cat ឈ្មោះវិទ្យាសាស្រ្ត៖ Prionailurus viverrinus) ត្រូវបានចាត់បញ្ចូលជាក្រុមសត្វ «ងាយរងគ្រោះ» នៅក្នុងបញ្ជីក្រហមរបស់អង្គការ IUCN។ ចំនួនសត្វខ្លាត្រីនេះកំពុងថយចុះយ៉ាងឆាប់រហ័ស និងខិតទៅជិតការផុតពូជនៅតំបន់ជាច្រើននៃអាស៊ីអាគ្នេយ៍។ 

លោករដ្ឋលេខាធិការ បានលើកឡើងថា ក្នុងនាមក្រសួងបរិស្ថាន ខ្ញុំសូមថ្លែងអំណរគុណបងប្អូនប្រជាពលរដ្ឋដែលបានប្រគល់កូនខ្លាត្រីនេះឱ្យក្រុមអ្នកអភុរក្សដើម្បីបន្តថែរក្សាអភិរក្សឱ្យបានល្អ។ បងប្អូនប្រជាពលរដ្ឋភាគច្រើនបានយល់ដឹងពី សារៈប្រយោជន៍នៃសត្វព្រៃ ជីវៈចម្រុះ និងបានកំពុងចូលរួមយ៉ាង សកម្មជាមួយរាជរដ្ឋាភិបាលក្នុងការការពារអភិរក្សសត្វព្រៃ តាមរយៈការធ្វើសេចក្តីរាយការណ៍ពេលឃើញសត្វព្រៃ និងការលក់ដូរសាច់សត្វព្រៃខុសច្បាប់។ នេះគឺជាមោទកភាពរបស់រដ្ឋាភិបាលនិងអង្គការដៃគូដែលធ្វើការងារអភិរក្សដែលបានខិតខំអប់រំផ្សព្វផ្សាយពីផលប៉ះពាល់នៃការបាត់បង់សត្វព្រៃ និងសារៈសំខាន់នៃវត្តមានសត្វព្រៃក្នុងប្រព័ន្ធអេកូឡូស៊ី។ ជាពិសេសតានរយៈយុទ្ធនាការអន្ទាក់ដ៏មានប្រជាប្រិយភាពផ្តួចផ្តើមនិងដឹកនាំធ្វើដោយក្រសួងបរិស្ថាន សហការជាមួយអង្គការដៃគូដែលធ្វើការងារអភិរក្សបានធ្វើឱ្យប្រជាពលរដ្ឋមានការយល់ដឹងនិងចូលរួមកាន់តែខ្លាំង។ នេះជាការបោះជំហានទៅមុខដ៏វិជ្ជមានសម្រាប់ការអភិរក្ស។ 

លោកបន្តថា, ខ្លាត្រី (ខ្លាត្រី​មានសម្បុរប្រផេះ រោមទន់មានស្នាមអុចៗ ជើងខ្លី ត្រចៀកខ្លី មានស្នាមអុចតូចៗនៅលើស្លឹកត្រចៀក។ ក្បាលរាងវែងស្តួច កន្ទុយខ្លីជាងក្បាល-ដងខ្លួនរោមទន់មានស្នាមអុចៗ រាងឆ្នូតខ្លីនៅលើខ្នង។ កន្ទុយមានសម្បុរប្រផេះមានអុចខ្មៅៗនៅផ្នែកគល់ និងមានបង្កង់ខ្មៅនៅផ្នែកចុង។ ថ្ពាល និងក្តោងច្រមុះមានព័ណ៌ប្រផេះ មានឆ្នូតពីរចាប់ពីភ្នែកមកក្រោមត្រចៀក។ ខ្លាត្រីជាសត្វចូលចិត្តរស់នៅតាមព្រៃគម្ពោត និងព្រៃល្បោះក្បែរមានទឹក ដែលជាកន្លែងដែលវាអាចចាប់ត្រី ក្តាម បក្សី គ្រុំ និងសត្វដទៃទៀតបានធ្វើជាអារហារ។ ខ្លាត្រីអាចបង្កើតកូនបានពី២-៣ក្បាល បន្ទាប់ពីពពោះរយៈពេល៩០-៩៥ថ្ងៃ ហើយវាអាចបន្តពូជបាននៅអាយុ៨ខែកន្លះ។ សត្វប្រភេទនេះមានរបាយនៅតំបន់ភូមិភាគឦសាន ភាគខាងជើង និងនិរតីនៃប្រទេសកម្ពុជា។ កន្លងមក ខ្លាត្រី​ត្រូវបានបញ្ជាក់វត្តមាននៅតំបន់រ៉ាមសារស្ទឹងសែន បឹងទន្លេសាប និងដែនជម្រកសត្វព្រៃពាមក្រសោប៕

ដោយ : សិលា


ចែករំលែក៖