ភ្នំពេញ៖ កាលពីថ្ងៃទី១៧ ខែធ្នូកន្លងទៅនេះ ស្ថាប័នគ្រប់គ្រងកម្មវិធីកញ្ញាឯកចក្រវាឡកម្ពុជា បានបញ្ចេញឈុតតំណាងជាតិជាផ្លូវការដែល កញ្ញា ហង្ស ម៉ានីតា ត្រូវគ្រងចូលរួមប្រកួតលើឆាកអន្តរជាតិនាពេលដ៏ខ្លីខាងមុខនេះ។ ឈុតនេះមានឈ្មោះថា”រុក្ខទេពធីតា” ដែលទទួលបានការសរសើរច្រើនថាមានភាពប្រណីតនិងស្រស់ស្អាត និងបង្កប់ដោយអត្ថន័យ។
តាមការបញ្ជាក់របស់ក្រុមអ្នកជំនាញដែលដឹកនាំច្នៃ បានលើកឡើងថា បង្កប់ដោយអត្ថន័យនិងអត្តសញ្ញាណជាតិជាច្រើនមានដូចជា៖ ទី១-គោមលើក្រណាត់ត្រូវបានឌិនត្បូងតាមក្បាច់លើស្គរមហោរធឹកនឹងមានរំយោលរោមសត្វសងខាងត្រង់ភ្លៅពីរ រចនារូបរាងថ្មីតាមក្បាច់ចម្លាក់នៃប្រាសាទថ្មដាប់លើភ្នំគូលែន។ទី២-កញ្ឆែរចនាជារូបរាងដើមរំដួលពណ៍បៃតងមានផ្កាតាមមែក នឹងសត្វស្លាបចម្រុះពណ៍ដែលបង្ហាញពីភាពស្រស់ស្អាតនៃធម្មជាតិដែលអាស្រ័យជីវិតជាមួយគ្នាទៅវិញទៅមក។ទី៣-ម៉ូតសក់រចនាឡើងតាមម៉ូតបុរាណនៃចម្លាក់ដីដុតមកពីអង្គរបុរីនិងចម្លាក់អង្គរលម្អរដោយផ្ការំដួលលើសក់ដែលមានក្នុងចម្លាក់តាំងក្នុងសារៈមន្ទីជាតិភ្នំពេញ។ ទី៤ ក្រវិលមាស សម័យហ្វូណន កងដៃកងជើងរចនារូបរាងថ្មីតាមកងដៃសំរិទ្ធិ និងចង្ក្រង់មកពីភូមិស្នាយខេត្តបន្ទាយមានជ័យយុគដែក។ ទី៥-ការរចនាការស្លៀកប៉ឹងតាមតាមចម្លាក់លើដងកាំបិតស្នៀតនិងចម្លាក់នៃប្រាសាទបាយ័ននិងបន្ទាយស្រី និងចម្លាក់មនុស្សលើស្គរមហោរធឹក។ទី៦-សុរងកនឹងចង្កេះរចនាតាមម៉ូតអប្សរា និងចម្លាក់ក្មេងៗដែលមានរំយោចង្កេះដោយចង្ក្រង់ និងច្នៃជារំយោលរោមសត្វ។ចំពោះការរចនាពណ៍គឺយកតាមពណ៌នៃដើមរំដួល មានពណ៍ដើម ស្លឹកនិងផ្កាជាគោល។ចំពោះតួរអង្គដែលគ្រងគឺតំណាងឲ្យទេពធីតាមួយអង្គដែលអាស្រ័យជីវិតក្នុងដើមរំដួល និងជាជីវិតនៃដើមរំដួល ដើមរំដួលគឺជាសំបករូបនៃឈុតដែលតួរគ្រង ចំពោះឈុតដែលតួរគ្រងគឺតំណាងនូវព្រលឹងរបស់តួរដែលជីវិតពីរនេះខ្វះគ្នាមិនបាន នៅលើឈុតមានការចនារំយោលរោមសត្វនឹងចង្ក្រង់គឺតំណាងនៃជីវិតសត្វដែលអាស្រ័យជីវិតនៅលើដើមរំដួលមានសម្លេងឆ្លើយឆ្លងដូចជាតន្ត្រីធម្មជាតិ។អត្ថន័យគោលសំខាន់តែមួយដែលក្រុមការងារចង់បង្ហាញនៅក្នុងឈុតនេះគឺក្តីស្រលាញ់មនុស្សចំពោះធម្មជាតិនិងងជីវិតដូចគ្នាលើភពផែនដីមួយនេះ ៕
ដោយ ៖ វឌ្ឍនា