ខេត្តព្រះសីហនុ ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៤រោច ខែមិគសិរឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែធ្នូឆ្នាំ២០២២ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីសម្ពោធដាក់ឲ្យប្រើប្រាស់លេខ១៤៦B តភ្ជាប់ទៅផ្លូវលេខ១៤៨ក្នុងខេត្តព្រះសីហនុ។
ផ្លូវដែលត្រូវសម្ពោធដាក់ឲ្យប្រើប្រាស់នៅថ្ងៃនេះ គឺតភ្ជាប់រវាងស្រុកព្រៃនប់ ទៅក្រុងព្រះសីហនុ មានប្រវែងសរុបជាង ៤៣គីឡូម៉ែត្រ ត្រូវបានស្ថាបនា និងកែលំអរឡើងវិញរួចរាល់ជាស្ថាពរ ក្រោមកញ្ចប់ថវិកាជាតិប្រមាណ ៧៦លានដុល្លារអាមេរិក។ ផ្លូវជាចំណងដៃថ្មីរបស់រាជរដ្ឋាភិបាលជូនពលរដ្ឋខេត្តព្រះសីហនុ មានពីរខ្សែតភ្ជាប់គ្នាដែល១ខ្សែមានឈ្មោះថាផ្លូវលេខ១៤៦B ឬហៅថា វិថីសុវត្ថិភាពសម្តេចព្រះសង្ឃរាជ ទេព វង្ស ចាប់ពីចំណុចបំបែកផ្លូវជាតិលេខ៤ត្រង់គីឡូម៉ែត្រលេខ ១៧៨+១៦៥ ស្ថិតនៅភូមិវាលធំ ឃុំវាលរេញស្រុកព្រៃនប់ ទៅដល់រង្វង់មូលស្ទឹងហាវ ស្ថិតនៅភូមិ១ ឃុំអូរត្រេះស្រុកស្ទឹងហាវ។១ខ្សែទៀតមានឈ្មោះផ្លូវលេខ១៤៨ ឬហៅថា តីរវិថីសម្តេចតេជោ ហ៊ុន សែន (តីរវិថី គឺវិថីស្ថិតនៅបណ្តោយតាមឆ្នេរ) បន្តពីរង្វង់មូលស្ទឹងហាវ ដល់ចំណុចប្រសព្វផ្លូវជាតិលេខ៤ ត្រង់គីឡូម៉ែត្រលេខ២២៥+៥៥០ កំពង់ផែស្វយ័តក្រុងព្រះសីហនុ។
ផ្លូវទាំងពីរខ្សែនេះ គឺជាខ្សែផ្លូវវាងក្រុងតភ្ជាប់គ្នា ដ៏មានសក្តានុពលដោយតភ្ជាប់ពីទីប្រជុំជនទៅជាយក្រុងទៅកាន់តំបន់ទេសចរណ៍ និងឆ្នេរធម្មជាតិ ព្រមទាំងតភ្ជាប់ជាមួយផ្លូវជាតិលេខ៤ ផ្លូវល្បឿនលឿនភ្នំពេញ–ក្រុងព្រះសីហនុ និងផ្លូវទាំង ៣៧ខ្សែ នៅក្រុងព្រះសីហនុខេត្តព្រះសីហនុផងដែរ។ ផ្លូវនេះគឺដើរតួនាទីយ៉ាងសំខាន់ដល់ការដឹកជញ្ជូន ការធ្វើដំណើរ និងបម្រើវិស័យទេសចរណ៍ផងដែរ។
គេហទំព័រ Facebook សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងផ្សាយផ្ទាល់(Live)ពិធីនេះ នៅម៉ោង 7:00 នាទីព្រឹកផងដែរ៕
ដោយ៖ សុខ ខេមរា